ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក

សម្តេចធិបតី ជំរុញឱ្យផ្តោតលើកការកម្ពស់គុណភាពផ្លូវដែកដែលមានស្រាប់ ជាជាងគម្រោងផ្លូវដែកល្បឿនលឿន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជាត្រូវតែធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីធានាដល់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ដ្បិតថាបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជានៅមានទំហំតូចនៅឡើយ។ សម្រាប់សម្តេចធិបតី នៅពេលនេះកម្ពុជាមិនបាច់ទាន់គិតគូរឱ្យមានផ្លូវដែកល្បឿនលឿននោះទេ តែត្រូវធ្វើយ៉ាងណាឱ្យផ្លូវដែកទាំងពីរខ្សែររបស់កម្ពុជាបច្ចុប្បន្នមានភាពប្រសើរជាងមុន ពោលគឺអាចរត់បានលឿន និងមានប្រសិទ្ធភាពជាងមុន។
ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក
ដោយ

នាពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ស្ថានភាពបច្ចប្បន្នកម្ពុជាពុំទាន់មានភាពចាំបាច់ក្នុងការអភិវឌ្ឍឱ្យមានផ្លូវដែកល្បឿនលឿននោះទេ ដ្បិតថា វាត្រូវការចំណាយថវិកាច្រើន។ ទន្ទឹមនឹងនេះសម្តេចធិបតីបានចាត់ទុកការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់គឺជារឿងចាំបាច់ដែលត្រូវយកចិត្តដាក់ និងខិតខំអភិវឌ្ឍន៍ ពោលគឺត្រូវធ្វើយ៉ាងណាឱ្យផ្លូវដែកទាំងពីរខ្សែររបស់កម្ពុជាដែលមានស្រាប់នេះអាចរត់បានលឿនជាងមុន ដើម្បីធានាដល់កាដឹកជញ្ជូនអ្នកដំណើរ និងទំនិញរបស់កម្ពុជាតាមផ្លូវដែកឱ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា តាមរយៈការនាំចូលនូវក្បាលរថភ្លើងពីប្រទេសជប៉ុនដែលអាចរត់ក្នុងល្បឿនរហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង ចំនួន១១គ្រឿងរបស់ក្រុមហ៊ុន Royal Railway Cambodia នាពេលថ្មីនេះ វានឹងអាចជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរបន្ថែមទៀត។ បើតាម សម្តេចធិបតី បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែកនៅមានទំហំតិចតួចនៅឡើយ ពោលគឺមានតែប្រមាណ៧%ប៉ុណ្ណោះ នៃទំនិញសរុបដែលដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមជម្រាបថា ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលទៅលើបញ្ហាសុវត្ថិភាពឱ្យបានហ្មត់ចត់ផងដែរ។ ទន្ទឹមនេះ សម្តេច ក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្ដល់អាទិភាពឱ្យរថភ្លើងឆ្លងកាត់មុន និងកុំបើកបរប្រញាប់រហូតមិនគោរពរនាំងហាមឃាត់នៅពេលមានរថភ្លើងឆ្លងកាត់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយទទួលបានវិញ្ញាបនបត្រហោះហើរក្នុងស្រុក Air Asia ប្តេជ្ញាពង្រីកការហោះហើរទៅកាន់តំបន់បន្ថែមទៀត

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស (AOC ) និងវិញ្ញាបនបត្ររោងជាងជួសជុស(AMO) យន្តហោះដល់ក្រុមហ៊…

សម្តេច ហ៊ុន ម៉ាណែត ប្រកាសលែងផ្តល់អាជ្ញាបណ្ណបង្កើតកំពង់ផែទឹកជ្រៅបន្ថែមរហូតដល់ឆ្នាំ២០៥០ ដើម្បីបញ្ចៀសហានិភ័យធុរកិច្ច

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលែងផ្តល់អាជ្ញាបណ្ណ ដើម្បីបង្កើតកំពង់ផែទឹកជ្រៅប្រភេទ១បន្ថែមទៀតហើយចាប់ពីពេលនេះតទៅរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ