ចិននៅតែមានមហាសេដ្ឋីច្រើនជាងគេ

ប្រទេសចិននៅតែមានមហាសេដ្ឋីច្រើនជាងគេ ទោះចំនួនមហាសេដ្ឋីកំពុងធ្លាក់ចុះក្ដី


បើយោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រទេសចិនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតកាលពីឆ្នាំមុន ទោះជាមហាសេដ្ឋីនៅក្នុងពិភពលោកជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ ១០% នៅចំពេលមានវិបត្តិទីផ្សារភាគហ៊ុន និងសង្រ្គាមនៅអ៊ុយក្រែនយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ប្រទេសចិននៅតែមានមហាសេដ្ឋីច្រើនជាងគេ ទោះចំនួនមហាសេដ្ឋីកំពុងធ្លាក់ចុះក្ដី
ដោយ

របាយការណ៍ថ្មីបំផុតមួយ ស្ដីពីមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក្នុងពិភពលោកឆ្នាំ២០២៣ របស់ស្ថាប័នចាត់ចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក Hurun Global Rich List 2023 បានបង្ហាញថា ចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារបានធ្លាក់ចុះអស់ចំនួន ២៦៩ នាក់ ដោយមានមកនៅត្រឹម ៣ ១១២ នាក់ប៉ុណ្ណោះនៅទូទាំងពិភពលោក ហើយចំនួនដែលធ្លាក់ចុះនេះភាគច្រើននៅប្រទេសចិន។

របាយការណ៍នេះបាននិយាយថា ទ្រព្យសម្បត្តិមហាសេដ្ឋីនៅចិនបានធ្លាក់ចុះសរុប ១៥% ធ្វើឱ្យមហាសេដ្ឋីចំនួន ១៦៤ នាក់បានធ្លាក់ចេញពីបញ្ជីឈ្មោះមហាសេដ្ឋីប្រាក់ព័ន្ធលានដុល្លារនេះ ប៉ុន្តែប្រទេសចិននៅសល់សេដ្ឋីចំនួន ៩៦៩ នាក់ទៀត ដែលជាចំនួនមួយច្រើនបំផុតក្នុងពិភពលោក ដោយតាមពីក្រោយដោយសហរដ្ឋអាមេរិកដែលមានមហាសេដ្ឋីចំនួន ៦៩១ នាក់ ហើយប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយមហាសេដ្ឋីចំនួន ១៨៧ នាក់ ខណៈដែលអាល្លឺម៉ង់បានវ៉ាដាច់ចក្រភពអង់គ្លេសឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៤ ជាមួយមហាសេដ្ឋីចំនួន ១៤៤ នាក់។

មហាសេដ្ឋីនៅអាស៊ីមានចំនួន ២ ភាគ ៥ នៃចំនួនមហាសេដ្ឋីពិភពលោក ដែលមានទ្រព្យសម្បត្តិសរុប ៣៩% នៃទ្រព្យសម្បត្តិពិភពលោក ស្មើនឹងតម្លៃ ១៤ទ្រីលានដុល្លារ ប៉ុន្តែវាមានចំនួនតិចជាង ១០% នៃចំនួនទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីមានជាងគេបំផុតទាំង ១០ នៅលើពិភពលោក។

លោក រូភើត ហូហ្កេវើហ្វ (Rupert Hoogewerf) ប្រធានអ្នកស្រាវជ្រាវ និងជាប្រធានអង្គភាពស្រាវជ្រាវ Hurun Report បាននិយាយថា«ការដំឡើងអត្រាការប្រាក់ ការឡើងថ្លៃប្រាក់ដុល្លារអាមេរិក ការលេចឡើងនូវបញ្ហាបច្ចេកវិទ្យាដោយសារជំងឺកូវីដ១៩ និងផលប៉ះពាល់ជាបន្តបន្ទាប់នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនទាំងអស់នេះ បានរួមបញ្ចូលគ្នាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុន។

លោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនមេរបស់ម៉ាកម៉ូដ LV គឺជាមហាសេដ្ឋីដែលបានជាប់ចំណាត់ថ្នាក់កំពូលតារាងបំផុតជាមួយទ្រព្យសម្បត្តិសរុបប្រហែល ២០២ ពាន់លានដុល្លារ ដោយបានវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Tesla គឺលោក Elon Muskទៅទៀត។

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសចិនគឺលោក Zhong Shanshan ជាស្ថាបនិកក្រុមហ៊ុនភេសជ្ជៈ Nongfu Spring និងសហគ្រាសឱសថមួយដែលមានទ្រព្យសម្បត្តិសរុបចំនួន ៦៩ពាន់លានដុល្លារធ្វើឱ្យមហាសេដ្ឋីរូបនេះជាប់ចំណាត់ថ្នាក់លេខ១៥ នៃមហាសេដ្ឋីលំដាប់ពិភពលោក។

សម្រាប់មហាសេដ្ឋីនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងរថយន្តអគ្គិសនី មានសភាពកាន់តែអាក្រក់ទៅៗ ដោយស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos មើលឃើញថា ទ្រព្យសម្បត្តិរបស់លោកបានថយចុះអស់ ៧០ ពាន់លានដុល្លារ ហើយស្ថាបនិកក្រុមហ៊ុន Google ចំនួន ២ នាក់រួមបញ្ចូលគ្នាបានធ្លាក់ចុះទ្រព្យសម្បត្តិ ៨៥ ពាន់លានដុល្លារ ហើយលោក Musk ដែលបានទិញបណ្ដាញសង្គម Twitter កាលពីខែតុលាឆ្នាំមុនក៏បានធ្លាក់ចុះពីតំណែងកំពូលមហាសេដ្ឋីមានជាងគេបំផុតផងដែរ។ ដែលភាគច្រើនដោយសារមូលហេតុនៃការធ្លាក់ចុះតម្លៃរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីតែម្ដង៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធិបតីស្រីលង្កាប្រកាសដំណើរស្ដារប្រទេសជាថ្មី ក្រោយទទួលបានកញ្ចប់ថវិកាជិត៣ពាន់លានដុល្លារពី IMF

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វិចក្រេម៉េស៊ីងហ្គេ (Ranil Wickremesinghe) កាលពីថ្ងៃពុធទី២២មីនា បានប្រាប់សភាថា ប្រទេសនេះកំពុង «ចាប់ផ្ត…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា បញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣១សង្កាត់នៅរាជធានីភ្នំពេញ នឹងត្រូវដោះស្រាយចាប់ពីខែឧសភា

ព័ត៌មាន
បន្ទាប់ពីទទួលបានព័ត៌មានអំពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកនៅក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ