វិបត្តិធនាគារចិន

ភាគហ៊ុនធនាគារនៅប្រទេសចិនប្រឈមនឹងវិបត្តិទំនុកចិត្ត ដោយសារតែហានិភ័យនៃបំណុលអាក្រក់


តម្លៃទីផ្សារភាគហ៊ុនធនាគាររបស់ចិន កំពុងធ្លាក់ចុះជិតដល់កម្រិតតម្លៃទាបបំផុតជាប្រវត្តិសាស្ត ខណៈដែលក្រុមវិនិយោគិនបានដាក់ការប្រុងប្រយ័ត្នខ្ពស់ ចំពោះផលប៉ះពាល់របស់អ្នកផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យដែលកំពុងជួបបញ្ហា។ មែនទែនទៅ វិស័យធនាគារ ត្រូវបានគដឹងថា គឺមានប្រហែល ១០% នៃតម្លៃទីផ្សារភាគហ៊ុនសរុបរបស់ចិន ដូច្នេះ បើទីផ្សារភាគហ៊ុននៃវិស័យនេះធ្លាក់ចុះ។ចង់ ឬមិនចង់វានឹងឆ្លុះបញ្ចាំងឲ្យឃើញពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិបត្តិធនាគារចិន
ដោយ

កាលពីពាក់កណ្តាលខែតុលា អតិថិជនជាច្រើនបានធ្វើដំណើរទៅតាមសាខារបស់ធនាគារ កាងចូវ (Cangzhou) ជាអ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់មួយនៅក្នុងទីក្រុងកាងចូវ នៅក្នុងខេត្តហេប៉ី ប្រទសចិន ដោយពួកគេបានទាមទារឱ្យដកប្រាក់បញ្ញើរបស់ពួកគេចេញពីធនាគារនេះ។

ភាពចលាចលនេះបានកើតឡើងបន្ទាប់ពីអតិថិជនបានឃើញការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអះអាងថា ពីបញ្ជីឈ្មោះធនាគារណា ដែលបានពង្រីកការផ្ដល់កម្ចីដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជំពាក់បំណុលគេវ័ណ្ឌក ខណៈដែលធនាគារ កាងចូ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះនោះដែរ ដោយបានផ្ដល់ប្រាក់កម្ចីចំនួន ៤៦៦លានដុល្លារទៅឱ្យក្រុមហ៊ុននេះ។

ធនាគារនេះបានព្យាយាមលួងចិត្តអ្នកដាក់ប្រាក់បញ្ញើរបស់ពួកគេដោយអះអាងថា ប្រាក់កម្ចីដែលខ្លួនបានផ្ដល់ឱ្យក្រុមហ៊ុន Evergrande មានចំនួនសរុបតែជិត ៥០លានដុល្លារប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៦ ខែតុលា និងប្រាប់ឱ្យអតិថិជនកុំជឿពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយថាប្រាក់កម្ចីនេះ មិនបានបង្កផលប៉ះពាល់ជាដុំកំភួនដល់អាជីវកម្មឡើយ។

ទោះយ៉ាងណា ក្រុមអ្នកវិនិយោគនៅតែមានក្ដីបារម្ភចំពោះបញ្ហានេះ ព្រោះក្រៅតែពីធនាគារ កាងចូវ ក៏មានធនាគារឯកជនផ្សេងទៀតក៏បានផ្ដល់កម្ចីដល់ក្រុមហ៊ុន Evergrande ដែលកំពុងផុងខ្លួននឹងវិបត្តិនោះដែរ ដូចជា ធនាគារ Minsheng Bank បានផ្ដល់កម្ចីដល់ក្រុមហ៊ុនEvergrande ជាង៤ពាន់លានដុល្លារ ខណៈធនគារកសិកម្មចិន ដែលជាធនាគាររដ្ឋធំជាងគេទី៤នោះ បានផ្ដល់កម្ចីដល់ក្រុមហ៊ុននេះជាង៣ពាន់លានដុល្លារ។

ធនាគារចិនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុន ត្រូវបានរាយការណ៍ពីប្រាក់ចំណេញសុទ្ធនៅឆ្នាំ២០២២ ប្រមាណជាង ២៧៥ពាន់លានដុល្លារ ប៉ុន្ដែ អ្នកវិនិយោគនៅមានក្ដីបារម្ភចំពោះវិស័យនេះ ដ្បិតបញ្ហាចាក់ស្រេះនៅក្នុងវិស័យអចលនទ្រព្យកំពុងបង្កជាហានិភ័យខ្លាំងដល់វិស័យនេះ។ ជាក់ស្ដែង វិស័យអចលនទ្រព្យ គឺមានចំណែកប្រមាណ ២៣% នៃការផ្ដល់កម្ចីសរុបរបស់ធនាគារ ដោយក្នុងនោះ កម្ចីសម្រាប់ទិញផ្ទះមាន ៨០%។ នេះបើតាមការអះអាងរបស់អគ្គទេសាភិបាលធនាគារកណ្ដាលចិន លោក Pan Gongsheng ។

យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលចិនកំពុងកែសម្រួលច្បាប់មួយចំនួនស្តីពីការគ្រប់គ្រងមូលនិធិរបស់វិនិយោគិននៃស្ថាប័នបរទេសដែលកំពុងជួញដូរក្នុងផ្សារមូលបត្រក្នុងស្រុក ដោយបានបន្ធូរបន្ថយតម្រូវការសម្រាប់ការចុះឈ្មោះមូលនិធិ និងការបំប្លែងរូបិយបណ្ណជាដើម។

ការកែប្រែនេះមានបំណងទាក់ទាញវិនិយោគិនបរទេសមកកាន់ទីផ្សារហិរញ្ញវត្ថុក្នុងស្រុកនៅចំពេលមានការធ្លាក់ចុះការវិនិយោគបរទេស ដោយសារតែការព្រួយបារម្ភពីកំណើនសេដ្ឋកិច្ច និងការរកបានប្រាក់ចំណូលកាន់តែប្រសើរឡើងនៅកន្លែងផ្សេងទៀតក្រៅពីចិន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីសហរដ្ឋអាម៉េរិកសម្លឹងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី លើធនធានរ៉ែកម្រ?

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន និងសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីពេលថ្មីៗបានជួបប្រជុំគ្នានៅសេតវិមាន និងយល់ព្រមលើកកម្…

វៀតណាមកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវា៣៥ប្រភេទ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាម បានចេញសារាចរណែនាំស្តីពីការកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវាចំនួន៣៥មុខ ដែលរួមមានវិស័យមូលបត្រ ការថែទាំសុខភាព អត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ