បច្ចេកវិទ្យាបន្ទះឈីប

តើមានកត្តាអ្វីធ្វើឱ្យវៀតណាមហាក់បាត់អនុភាពក្នុងការទាក់ទាញក្រុមហ៊ុនបណ្តាក់ទុនលើការផលិតបន្ទះឈីប?


ប្រទេសវៀតណាម កំពុងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទាក់ទាញការវិនិយោគលើវិស័យផលិកម្មបន្ទះឈីប ខណៈដែលម៉ាឡេស៊ី កំពុងមានប្រៀបលើការទាក់ទាញក្នុងវិស័យនេះ។ បញ្ហាដែលធ្វើឲ្យវៀតណាម បាត់បង់ឧត្តមភាពក្នុងការទាក់ទាញវិនិយោគគិនក្នុងឧស្សាហកម្មបន្ទះឈីបនេះ គឺដោយសារតែធនធានមនុស្សនៅមានកម្រិត កង្វះមូលដ្ឋានបច្ចេកទេស និងការស្រាវជ្រាវជាដើម។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា ក្រោយពេលដែលមានវិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន និងគោលនយោបាយរឹតបន្តឹងលំហូរបច្ចេកវិទ្យាពីលោកខាងលិចទៅកាន់ប្រទេសចិន វៀតណាមបានបង្ហាញនូវមហិច្ឆតាខ្ពស់ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មមួយនៃឧស្សាហកម្មបន្ទះឈីបជំនួសចិន ប៉ុន្តែមហិច្ឆតានេះកំពុងជួបបញ្ហាប្រឈម ដោយសារតែការប្រកួតប្រជែងពីប្រទេសដ៏ទៃ នៅក្នុងនោះក៏មានប្រទេសម៉ាឡេស៊ីផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ សារព័ត៌មាន Nikkei បានរាយការណ៍ថា ប្រទេសវៀតណាម បានសន្យាជាច្រើនពាក់ព័ន្ធនឹងការកាត់បន្ថយពន្ធ និងលើកកម្ពស់អត្ថប្រយោជន៍ផ្សេងទៀតដល់ក្រុមហ៊ុនផលិតកម្មបន្ទះឈីបនានា ដើម្បីជួយអភិវឌ្ឍន៍វិស័យផលិតកម្មនេះនៅក្នុងប្រទេស ប៉ុន្តែមហិច្ឆតាកំពុងតែជួបបញ្ហាប្រឈម។

លោក ហាន ថាញ់ ដេត ( Huynh Thanh Dat) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបាននិយាយនៅក្នុងបទសម្ភាស​មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ផែនការជាតិរបស់ទីក្រុងហាណូយសម្រាប់ឧស្សាហកម្មបន្ទះឈីបមានអត្រាមូលដ្ឋាននីយកម្មទាប រីឯសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ហាក់មិនឆ្លើយតបនឹងគោលបំណង ស្របពេលដែលធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងឧស្សាហកម្មនេះនៅមានកម្រិតនៅឡើយ។

ការចេញមកអះអាងបែបនេះ គឺបន្ទាប់ពីវៀតណាម បានរបូតដៃពីគម្រោងរបស់ក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុន Intel និងក្រុមហ៊ុន AT&S ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស បានសម្រេចចិត្តចាប់ដៃជាមួយនឹងប្រទេសម៉ាឡេស៊ី នៅលើគម្រោងវិនិយោគបន្ទះឈីបនេះ។

ជុំវិញឧស្សាហកម្មបន្ទះឈីបនេះ លោក ចូស ហ្វេណាដេ (Jose Fernandez) អ្នកជំនាញការជាន់ខ្ពស់នៅក្នុងរដ្ឋការសហរដ្ឋអាម៉េរិក ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច និងថាមពល បាននិយាយថា តាមពិតវៀតណាម មានសក្តានុពលលើឧស្សាហកម្មបន្ទះឈីបនេះ ហើយវៀតណាម ក៏បានទាក់ទាញក្រុមហ៊ុនមួយចំនួនរបស់អាម៉េរិកដែរ។ លោកបានបន្តទៀតថា ក្រុមហ៊ុនអាម៉េរិកបន្ថែមទៀតអាចនឹងចាប់អារម្មណ៍នឹងវៀតណាម ប្រសិនបើវៀតណាមអាចចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាបាន ដោយរួមទាំងបញ្ហាថាមពលស្អាត។

ទោះបីជាវិស័យឧស្សាហកម្មបន្ទះឈីបស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងខ្លាំង ប៉ុន្តែវៀតណាមមិនទម្លាក់ដៃឡើយ ដោយថ្មីៗនេះវៀតណាមកំពុងតែរៀបចំគោលនយោបាយមួយចំនួន ទៀតដោយរួមទាំងគោលបំណងបណ្តុះបណ្តាលវិស្វករជំនាញចំនួន៥ម៉ឹននាក់ សម្រាប់ឧស្សាហកម្មនេះឲ្យបានមុនឆ្នាំ២០៣០ផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា អាចផ្ដល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសដែលមានអភិវឌ្ឍតិចតួចរួចមក នៅដើមឆ្នាំ២០២៤នេះ កម្…

តើទុនបម្រុងអន្តរជាតិទំហំ៣ទ្រីលានដុល្លាររបស់មហាយក្សចិន ពេលនេះស្ថិតក្នុងស្ថានភាពបែបណា និងវិនិយោគនៅទីណាខ្លះ?

ព័ត៌មាន
ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស រូបិយប័ណ្ណបរទេស ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗដូចជាក្រដាសប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ