ក្រុមហ៊ុនប្រេង

ក្រុមហ៊ុន ឆេវរ៉ុន ទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ហេសខប់


ក្រុមហ៊ុន ឆេវរ៉ុន (Chevron) របស់សហរដ្ឋអាម៉េរិក បានយល់ព្រមទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុនសាជីវកម្ម ហេស ខប់ (Hess Corp) ក្នុងតម្លៃជាង៥០ពាន់លានដុល្លារ ដើម្បីទទួលបានទីតាំងប្រេងដ៏ធំនៅសហរដ្ឋអាម៉េរិក បន្ទាប់ពីគូប្រជែងដ៏ធំរបស់ខ្លួន គឺក្រុមហ៊ុន អ៊ីកសុន ម៉ូប៊ីល (Exxon Mobil) បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនមួយនៅរដ្ឋតិចសាស់នៅដើមខែនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនប្រេង
ដោយ

ក្រុមហ៊ុន ឆេវរ៉ុន បានប្រកាសកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ថា ខ្លួនបានព្រមព្រៀងទិញយកក្រុមហ៊ុន ហេសខប់ ក្នុងតម្លៃ៥៣ពាន់លានដុល្លារ ក្រោយពីគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺក្រុមហ៊ុន អ៊ិកសុន បានចំណាយថវិកាចំនួន៦០ពាន់លានដុល្លារ នៅដើមខែនេះ ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុន Pioneer Natural Resources ។ ការទិញយកភាគហ៊ុនទាំងនេះ នឹងបន្ថែមផលិតកម្មប្រេង និងឧស្ម័នជាច្រើនឆ្នាំទៅក្នុងភាគហ៊ុនរបស់អ្នកផលិតដ៏កំពូលនៅសហរដ្ឋអាម៉េរិកទាំង២នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន ឆេវរ៉ុន លោក ម៉ៃឃែល វើដ (Michael Wirth) ដែលបានកាន់កាប់ភាគហ៊ុនប្រេង និងឧស្ម័នយ៉ាងច្រើនរបស់ក្រុមហ៊ុននេះតាមរយៈការទិញភាគហ៊ុនរបស់គូប្រជែងនៅអាម៉េ​រិក គឺក្រុមហ៊ុន PDC Energy និង Noble Energy នោះបាននិយាយថា វាពិតជាអស្ចារ្យ សម្រាប់សន្តិសុខថាមពល ដែលបានទិញភាគហ៊ុនក្រុមហ៊ុនអាម៉េ​រិកដ៏អស្ចារ្យទាំង២នេះ។

ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Hess ក្រុមហ៊ុន PDC និងក្រុមហ៊ុន Noble នេះ នឹងនាំមកនូវទិន្នផលប្រេង និងឧស្ម័នសរុបរបស់ក្រុមហ៊ុន Chevron រហូតដល់ប្រហែលជិត៤លានបារ៉ែលក្នុងមួយថ្ងៃ ហើយវានឹងពង្រីកទិន្នផលប្រេងសែលរបស់ក្រុមហ៊ុន Chevron បាន៤០% គឺឡើងដល់ជាង១លានបារ៉ែលក្នុងមួយថ្ងៃ ដែលជិតស្នើនឹងទិន្នផលប្រេងសែលរបស់ក្រុមហ៊ុន Exxon បន្ទាប់ពីក្រុមហ៊ុននេះបានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Pioneer Natural Resources។

កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យក្រុមហ៊ុន Chevron នូវភាគហ៊ុន៣០%នៅក្នុងប្លុកប្រេងរបស់ក្រុមហ៊ុន Exxon និងក្រុមហ៊ុន CNOOC នៅប្រទេសហ្គូយ៉ាណា (Guyana) ដែលត្រូវបានគេរំពឹងថា នឹងកើនឡើង៣ដង ដល់ជាង១លានបារ៉ែល ក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០២៧។

ក្រុមអ្នកវិភាគរបស់ផ្សារហ៊ុន Capital One Securities បានសរសេរនៅក្នុងកំណត់ត្រាមួយថា កិច្ចព្រមព្រៀងនេះ គឺនិយាយពីទ្រព្យសកម្មនៅហ្គូយ៉ាណាលំដាប់ពិភពលោក ដែលជាគ្រឿងមកុដអលង្ការនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន ហេស ខប់។ ប្រទេសហ្គូយ៉ាណា បានក្លាយទៅជាខេត្តប្រេង ដែលរីកលូតលាស់លឿនបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីគេបានរកឃើញប្រេង និងឧស្ម័នជាង១១ពាន់លានបារ៉ែល ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកព្រមានប្រើកម្លាំងទ័ពសងសឹកអ៊ីរ៉ងជុំវិញការវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួន

ព័ត៌មាន
កាលពីថ្ងៃចន្ទ ក្រុមហាម៉ាស បានសម្រេចដោះលែងចំណាត់ខ្មាំងពីរនាក់ ដែលជាជនជាតិ អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ខណៈដែលអ្នកស្លាប់ និងរបួសនៅតែបន្តក…

ប្រធាន IEA ជឿថា សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ នឹងជួយពន្លឿនការផ្លាស់ប្តូរទៅរកថាមពលស្អាត

ព័ត៌មាន
ខណៈដែលប្រទេសជាច្រើននៅក្នុងពិភពលោក ជាពិសេសប្រទេសបស្ចិមលោកកំពុងតែព្យាយាមងាកចេញពីថាមពលឥន្ធនៈទៅរកថាមពលកកើតឡើងវិញនោះ ប្រធានទីភ្នាក់ងារថាមព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ