ក្រុមហ៊ុន Foxconn

ការស៊ើបអង្កេតបានធ្វើឱ្យភាគហ៊ុនរបស់ Foxconn ធ្លាក់ចុះ៣%


ភាគហ៊ុននៅក្នុងក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះរហូតដល់៣% កាលពីថ្ងៃទីចន្ទ បន្ទាប់ពីមានរបាយការណ៍មួយថា ក្រុមហ៊ុននេះកំពុងស្ថិតក្រោមការត្រួតពិនិត្យពន្ធដារ និងការស៊ើបអង្កេតអំពីការប្រើប្រាស់ដីនៅក្នុងប្រទេសចិននៅពេលប៉ុន្មានខែមុនការបោះឆ្នោតនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Foxconn
ដោយ

កាសែត Global Times ដែលគាំទ្រដោយរដ្ឋចិន បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Foxconn នៅក្នុងប្រទេសចិន កំពុងស្ថិតនៅក្រោមសវនកម្មពន្ធដារ ហើយថា នាយកដ្ឋានធនធានធម្មជាតិរបស់ប្រទេសចិន ក៏បានស៊ើបអង្កេតនៅតាមក្រុមហ៊ុនទាំងនេះជុំវិញការប្រើប្រាស់ដីរបស់សហគ្រាស Foxconn នៅក្នុងខេត្តហេណាន ខេត្តហ៊ូប៉ី និងកន្លែងផ្សេងទៀតផងដែរ។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិននេះ បានកើតឡើងនៅក្នុងរយៈពេលមិនដល់៣ខែនោះទេនៅមុនពេលកោះតៃវ៉ាន់ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភា សម្រាប់កោះដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យមួយនេះ។

លោកមហាសេដ្ឋី តេរី ហ្គូ (Terry Gou) ជាស្ថាបនិករបស់ក្រុមហ៊ុន Foxconn ដែលលែងមានតួនាទីនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុននេះ និងដែលបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុននេះនៅក្នុងឆ្នាំ២០១៩នោះ កំពុងឈរឈ្មោះជាបេក្ខជនឯករាជ្យមួយសម្រាប់ការបោះឆ្នោតនៅតៃវ៉ាន់ បើទោះជាលោកស្ថិតនៅបាតតារាងក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។

លោកបានចោទប្រកាន់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ថា បានធ្វើឱ្យកោះនេះខិតកាន់ជិតដល់មាត់ជ្រោះនៃសង្រ្គាមជាមួយប្រទេសចិន ដោយសារតែគោលនយោបាយអរិភាពរបស់ខ្លួន ហើយថា មានតែលោករូបទេ ទើបអាចរក្សាសន្តិភាពបាន ព្រោះលោកមានទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។

លោក ហ័ង ស៊ីសួយ (Huang Shih-hsiu) អ្នកនាំពាក្យយុទ្ធនាការរបស់លោក ហ្គូ មិនបានឆ្លើយសំណួរអំពីការស៊ើបអង្កេតរបស់ក្រុមហ៊ុន Foxconn នេះទេ ដោយលោកបែរជាឆ្លើយថា លោក ហ្គូ លែងគ្រប់គ្រងក្រុមហ៊ុននេះរយៈពេល៤ឆ្នាំមកហើយ ហើយឥឡូវនេះលោកគ្រាន់តែជាម្ចាស់ភាគហ៊ុនមួយតែប៉ុណ្ណោះ។

ថ្លែងនៅឯការប្រមូលផ្តុំនៅក្នុងយុទ្ធនាការមួយកាលពីថ្ងៃអាទិត្យ អនុប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង តេ (Lai Ching-te) ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស DPP និងជាអ្នកនាំមុខគេនៅក្នុងការបោះឆ្នោតនេះបាននិយាយថា របាយការណ៍របស់ចិន ស្តីពីការស៊ើបអង្កេតនេះគឺ«វាហួសពីការរំពឹងទុកទៅទៀត» និងជារឿងគួរ«ឱ្យសោកស្តាយ»ផងដែរ។

លោក ឡៃ បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលផ្សាយតាមទូរទស្សន៍តៃវ៉ាន់ថា ដូច្នេះហើយលោកសង្ឃឹមថា ប្រជាជនតៃវ៉ាន់ទាំងអស់អាចគាំទ្រក្រុមហ៊ុន Hon Hai ឬក្រុមហ៊ុន Foxconn និងគាំទ្រក្រុមហ៊ុនរបស់តៃវ៉ាន់ទាំងអស់។គិតត្រឹមព្រឹកថ្ងៃចន្ទទី២៣ តុលា ភាគហ៊ុនរបស់ក្រុមហ៊ុន Foxconn បានធ្លាក់ចុះរហូតដល់៣% ធ្វើឱ្យទីផ្សារភាគហ៊ុនតៃវ៉ាន់ទាំងអស់ធ្លាក់ចុះប្រហែល១ភាគរយផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងទីផ្សារកៅស៊ូក្នុងស្រុកកាន់តែប្រសើរ ខណៈក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំមួយ នឹងមកសិក្សាការវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wanli Tires ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុតចំនួន៥០០នៅលើពិភពលោក បានសម្រេចចិត្តនឹងមកសិក្សា…

ចិនកំពុងមានប្រៀបជាងប្រទេសមហាអំណាចផ្សេងៗ លើការវិនិយោគផ្នែកឌីជីថលនៅអាស៊ាន

ព័ត៌មាន
ចិនត្រូវបានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន វាយតម្លៃថា កំពុងតែមានប្រៀបខ្លាំងលើឱកាសវិនិយោគផ្នែកឌីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ