សិង្ហបុរីនឹងមានមេដឹកនាំថ្មីបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំក្រោយ

ឧបនាយករដ្ឋមន្ត្រី១រូបនឹងក្លាយជាអ្នកដឹកនាំគណបក្សជំនួសលោក លី សៀនឡុង


លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បានប្រកាសថា លោកនឹងលះបង់តំណែងដឹកនាំគណបក្សកាន់អំណាចជូនទៅឧបនាយករដ្ឋមន្រ្តីរបស់លោក គឺលោក ឡរ៉ែន វង្ស នៅមុនការបោះឆ្នោតសកលនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ តាមការគ្រោងទុក លោក ឡរ៉ែន វង្ស នឹងក្លាយជាមេដឹកនាំគណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មួយឆ្នាំមុនការបោះឆ្នោតចូលមកដល់។
ឧបនាយករដ្ឋមន្ត្រី១រូបនឹងក្លាយជាអ្នកដឹកនាំគណបក្សជំនួសលោក លី សៀនឡុង
ដោយ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នឹងប្រគល់ភារកិច្ចដឹកនាំគណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចទៅឱ្យឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោក ឡរ៉ែន វង្ស នៅថ្ងៃខួបលើកទី៧០ របស់គណបក្សនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលគណបក្សនេះត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តការគ្រប់គ្រងប្រទេសបន្តទៀតនៅក្នុងការបោះឆ្នោតខាងមុខ បន្ទាប់ពីបានដឹកនាំប្រទេសសិង្ហបុរីតាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥។

លោក លី ស៊ៀនឡុង គឺជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាអ្នកបង្កើតប្រទេសសិង្ហបុរីទំនើប។ លោកបានបម្រើការជាអគ្គលេខាធិការបក្ស និងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៤ ហើយកាលពីឆ្នាំមុនលោកបានជ្រើសរើសលោក វង្ស ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុជាអ្នកស្នងតំណែងរបស់លោក។

លោក លី សៀនឡុង បាននិយាយនៅក្នុងសន្និសីទបក្សប្រចាំឆ្នាំថា លោកមានទំនុកចិត្តទាំងស្រុងលើ ឡរ៉ែន វង្ស និងក្រុមការងាររបស់គាត់ ហើយគ្មានហេតុផលណាមួយ ដែលត្រូវពន្យារពេលការផ្លាស់ប្តូរនយោបាយនោះទេ។ ដូច្នេះហើយ លោកមានបំណងប្រគល់ការងារនេះទៅអោយលោក ឡរ៉ែន វង្ស មុនពេលការបោះឆ្នោតសកលមកដល់។

លោក លី សៀនឡុង ដែលមានវ័យ៧១ឆ្នាំ មានគម្រោងផ្ទេរភាពជាអ្នកដឹកនាំមុនថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់លោក ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩។

ដោយឡែក លោក ឡរ៉ែន វង្ស មានអាយុ៥០ឆ្នាំ បាននិយាយនៅក្នុងសុន្ទរកថាមួយថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចការបន្ទាប់របស់លោក។ លោកបានចូលបម្រើការជាលេខាឯកជនសំខាន់របស់លោក លី សៀនឡុង ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ហើយបានដឹកនាំក្រសួងអប់រំ និងអភិវឌ្ឍន៍ជាតិ មុនពេលក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅឆ្នាំ២០២១ និងជាឧបនាយករដ្ឋមន្ត្រី កាលពីឆ្នាំមុន​។ លោកក៏ជាអនុប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព និងជាប្រធានអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលជាធនាគារកណ្តាលរបស់ប្រទេសនេះផងដែរ។

ពាក់ព័ន្ធនឹងការប្រកាសនេះ អ្នកវិទ្យាសាស្ត្រនយោបាយលោក វ៉ាលីត ជុំប្លាត អាបឌូឡាស ( Walid Jumblatt Abdullah ) សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Nanyang Technological បានប្រាប់អ្នកសារព៍ត៌មានថា នេះគឺជាការរៀបចំទុកជាមុន ដើម្បីឱ្យអ្នកដឹកនាំបន្តវេនមានឱកាសនិងពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំខ្លួនមុនពេលបោះឆ្នោតមកដល់ ហើយចំពោះកិច្ចការស្ថិរភាពជាតិវិញនោះ ក៏ទំនងជាមិនមានអ្វីប៉ះពាល់ទេ ដោយសារតែលោក លី ប្រហែលជានៅបន្តចូលរួមនៅក្នុងគណរដ្ឋមន្រ្តីគ្រាន់តែនៅក្នុងតំណែងណាមួយ។

គណបក្សកាន់អំណាចបានឈ្នះអាសនៈសភា ចំនួន៨៣ ក្នុងចំណោមអាសនៈ ចំនួន៩៣ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ដោយរបូត១០កៅអី ទៅគណបក្សប្រឆាំង។ លទ្ធផលនេះ ក៏ជាសញ្ញាមួយប្រាប់អំពីទំនោរប្រែប្រួលរបត់នយោបាយសិង្ហបុរី ប្រាប់គណបក្សកាន់អំណាចផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អចលនទ្រព្យកូនបំណុលជាច្រើនត្រូវបានធនាគារវៀតណាមដាក់លក់លៃឡុង

ព័ត៌មាន
ធនាគារនៅប្រទេសវៀតណាម នាពេលនេះ កំពុងតែព្យាយាមដាក់លក់លៃឡុងផ្ទះ រមណីយដ្ឋាន និងរោងចក្រមួយចំនួន ដែលម្ចាស់អចលនទ្រព្យទាំងនោះបានជំពាក់បំណុលធ…

បាតុកម្មទ្រង់ទ្រាញធំបង្កចលាចល ស្របពេលការបោះឆ្នោតនៅបង់ក្លាដែសជិតចូលមកដល់

ព័ត៌មាន
អាជ្ញាធរបង់ក្លាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរនៅក្នុងបាតុកម្មមួយ ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន។ របាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ