អត្ថបទពាណិជ្ជកម្ម

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ
ដោយ

កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យសមិទ្ធផលការងារសំខាន់ៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរយៈពេល១ឆ្នាំ និងរបាយការណ៍សមិទ្ធផលការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ៦ខែ ដើមឆ្នាំ២០២៤ និងទិសដៅការងារបន្ត, ការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមអនុក្រឹត្យស្តីពីការរៀប ចំនិងការប្រព្រឹត្តទៅរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី (ថ្មី) និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសអាទិភាព ការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈ រដ្ឋមន្រ្តី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សុខដុមរមនា និងសហថាមពល ក្នុងការបម្រើការងារជូននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ ពិតណាស់ ទោះបីស្តង់ដាគុណភាពការងារនៅមិនទាន់ដល់កម្រិតដែលចង់បានក្តី ប៉ុន្តែជារួម គឺបាននិងកំពុងស្ថិតក្នុងចលនការនៃការបំពេញ ការងារឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងនិរន្តរភាពការងារ ស្របតាមស្មារតីកំណែទម្រង់ ដើម្បីប្រសិទ្ធភាព ការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមពល គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា ទីស្តីការគណៈរដ្ឋមន្រ្តី បាននិងកំពុងអនុវត្តនូវប្រព័ន្ធលើកទឹកចិត្តផ្ទៃក្នុង ដោយផ្អែកលើរបាយការណ៍ព័ត៌មានសមិទ្ធកម្ម (Performance Informed Report) ទាំងសមិទ្ធកម្មការងារ និងវិន័យក្នុងការបំពេញការងារ ព្រមទាំងបន្តជំរុញការកែលម្អបរិយាកាសការងារ និងឆ្លើយតបតម្រូវការរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងស្មារតី៖ អាចទៅមុខទាំងអស់គ្នា ហើយអាចរស់បានទាំងអស់គ្នា។ ទន្ទឹមនេះ ក៏នឹងមានការផ្តល់ការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្រ្តី ដែលមានស្នាដៃក្នុងការបំពេញការងារពិសេស ដែលមានចរិតយុទ្ធសាស្រ្ត និងបន្ទាន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធថ្នាក់ការិយាល័យ ដោយផ្សារភ្ជាប់ជាមួយនឹងការវិភាគមុខងារ ស្របតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី (ថ្មី) និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កិច្ចការនេះក៏ជាកិច្ចការបន្ទាន់ដែលមានចរិតយុទ្ធសាស្ត្រ និងមានភាពពាក់ព័ន្ធទៅនឹងប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល ទាំង មូល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យចេញជាលទ្ធផលការងារ និងជាកម្លាំងការងាររួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរ អំពីកន្សោមមុខងារទាំងបីរបស់ទីស្តីការ គណៈរដ្ឋមន្រ្តី គឺ មុខងារស្នូល មុខងារសម្របសម្រួល និងមុខងារគាំទ្រ ដែលទាំងអស់នេះ គឺជាធាតុចូលបន្ថែមជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានគូសរំលេចអំពីអភិក្រមការងារសំខាន់ៗក្នុងការអនុវត្តកិច្ចការនេះ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំមួយចំនួនបន្ថែមលើទិសដៅការងារដែលត្រូវអនុវត្តបន្ត ជូនដល់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា៖ (១).ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់កិច្ចគាំទ្រដល់កិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តី និងការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ព្រមទាំងការសម្របសម្រួល និងដោះស្រាយកិច្ចការដែលមានលក្ខណៈអន្តរវិស័យ ឬអន្តរក្រសួង (២).ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការពិនិត្យនិងផ្តល់យោបល់លើសំណើនិងឯកសាររបស់ក្រសួង ស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត ជូននាយករដ្ឋមន្ត្រី និងអង្គគណៈរដ្ឋមន្ត្រី ដោយផ្អែកលើទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន រួមទាំងការធ្វើរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រឡាក់ក្រឡាគ្នាក្នុងការផ្តល់យោបល់រវាងអគ្គនាយកដ្ឋានជំនាញ ក្រុម ប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអគ្គលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (៣).ការសិក្សាកែលម្អប្រព័ន្ធនៃលំហូរការងារ ដើម្បីកាត់បន្ថយលំហូរនីតិវិធីនៃការឆ្លងលិខិតបទដ្ឋានគតិយុត្ត និងការឆ្លងលិខិតូបករណ៍អន្តរជាតិតាមនីតិវិធីរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យកាន់តែខ្លី និងឆាប់រហ័សជាងមុន (៤).ការជំរុញបរិវត្តកម្មឌីជីថល ក្នុងការអនុវត្តមុខងារស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដូចជា ការងារបណ្ណសារ និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងកិច្ចប្រជុំអន្តរក្រសួង ព្រមទាំងប្រព័ន្ធលំហូរឯកសារជាដើម និង(៥).ការងារកសាង និងអភិវឌ្ឍសមត្ថភាពស្ថាប័ន និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ញាំផ្ញើ និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងសហថាមពលជាបន្តទៀត ដើម្បីផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តម និងជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងឌូបៃនឹងបោះទុនជិត៣៥ពាន់លានដុល្លារពង្រីកព្រលានយន្តហោះ និងរថភ្លើងក្រោមដី ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ

ព័ត៌មាន
ទីក្រុងឌូបៃនឹងពង្រីកគម្រោងហេដ្ឋារចនាសម្ពន្ធធំៗមួយចំនួន ដើម្បីទាក់ទាញអ្នកជំនួញ និងភ្ញៀវទេសចរ ខណៈទីក្រុងនេះ បានអនុម័តសាងសង់ស្ថានីយថ្មីនៅអា…

កម្ពុជាបន្តបិទការនាំចូលបំណែកសាច់បង្កក៦ខែបន្ថែមទៀត ដើម្បីសង្គ្រោះវិស័យចិញ្ចឹមសត្វ

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ក្រោយការអនុវត្តវិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ