ធនាគារកណ្ដាល EU បន្តដំឡើងអត្រាការប្រាក់ដល់ពេលណា

តើធនាគារកណ្ដាល EU បន្តដំឡើងអត្រាការប្រាក់ដល់ពេលណា នៅក្នុងបរិយាកាសសេដ្ឋកិច្ចរង្គោះរង្គើបែបនេះ?


ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ជាក់ច្បាស់ថានឹងបន្តដំឡើងថែមទៀតនាពេលខាងមុខ ដើម្បីកាច់បំបាក់កម្រិតអតិផរណាដែលកំពុងរុញឱ្យតម្លៃគ្រឿងទេសកាន់តែឡើងខ្ពស់។ ជំហរនេះកើតឡើងនៅពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិកបានផ្អាកដំឡើងអត្រាការប្រាក់របស់ខ្លួនហើយ។ តើធនាគារកណ្ដាលអឺរ៉ុបនឹងបន្តដំឡើងអត្រាការប្រាក់ដល់ពេលណាទៀតនៅក្នុងបរិយាកាសសេដ្ឋកិច្ចរង្គោះរង្គើបែបនេះ? ទីភ្នាក់ងារសារព័ត៌មានអេភីបានលើករឿងនេះមកពិភាក្សា។
អឺរ៉ុបបានដំឡើងអត្រាការប្រាក់០,២៥%ទៀត ឱ្យដល់ ៣,៥% ដើម្បីទប់អតិផរណា
ដោយ

ធនាគារ​កណ្ដាល​អឺរ៉ុប​បាន​បង្កើន​​អត្រាការប្រាក់គោល​ ០,២៥%​ បន្ថែម​ទៀត ​ឱ្យ​ឡើង​ដល់ ៣,៥%​ កាលពីថ្ងៃព្រហស្បតិ៍។ ​នេះ​​ជាការដំឡើង​អត្រាការ​ប្រាក់​ជាប់ៗគ្នា​លើកទី៨​ គិតចាប់តាំង​ពី​ខែ​កក្ក​ដា​​ ឆ្នាំ​២០២២ មក ​​សម្រាប់ប្រទេសចំនួន ២០ ដែល​ចាយ​ប្រាក់​​អឺរ៉ូ​។

ការ​ដំឡើងអត្រា​​ការ​ប្រាក់​ជា​បន្ត​បន្ទាប់​របស់​ធនាគារកណ្ដាលអឺរ៉ុប ​ជាយុទ្ធនាការដ៏ឆាប់រហ័ស​​​មួយ​​​មិនធ្លាប់មានពីមុនមក​ ​ដើម្បីរឹតបន្តឹង​រំហូរ​​ឥណទាន​ទៅកាន់​សេដ្ឋកិច្ច​​ ខណៈ​ដែលធនាគារ​នេះ​​កំពុង​ប្រឹង​​ទាញ​​​អតិផរណាឱ្យធ្លាក់​ពីជាង ៦%​ ឱ្យ​មក​នៅ​ត្រឹម​ ២% តាម​​​​គោល​ដៅ​​ខ្លួនវិញ​។​​

ប្រធានធនាគារ​កណ្ដាល​អឺរ៉ុប​ (ECB)​ លោកស្រី​ គ្រីស្ទីន ឡាហ្គាដ (Christine Lagarde)​ បាននិយាយ​ថា ​ធនាគារ​នេះ​គ្រោង​នឹង​បន្ត​​ដំឡើង​ការ​ប្រាក់​បន្ថែម​ទៀតនៅ​ក្នុង​កិច្ច​ប្រជុំ​នាពេល​ខាង​មុខ ​រួម​ទាំង​កិច្ចប្រជុំ​​នៅ​ថ្ងៃទី​២៧​ ខែកក្កដាផង​ដែរ​​។ ធនាគារ​​ ECB ​​ទទួលស្គាល់​ថា ការ​គ្រប់គ្រងអតិផរណានឹងចំណាយពេលជាច្រើន​ខែ​ទៅ​មុខ​ទៀត ​ទោះ​ជា​​​អត្រា​​អតិផរណា​​បាន​ធ្លាក់​ចុះ​មក​នៅ​​ត្រឹម​កម្រិតក្រោម១០%​កាលពីចុងឆ្នាំ​មុន​​ក៏ដោយ។​​

លោកស្រី ​ឡាហ្គាដ ​បាន​និយាយ​ថា នៅតំបន់​អឺរ៉ុប​ ការ​ដំឡើង​អត្រា​ការ​ប្រាក់​​កំពុង​ជះ​ឥទ្ធិពល​ជាបណ្តើរៗលើគ្រប់សកម្មភាព​​សេដ្ឋកិច្ច​ទាំង​អស់​ ហើយ​លោកស្រី​បាន​កត់សម្គាល់ថា ការព្យាករអំពី​អតិផរណានិង​កំណើនសេដ្ឋកិច្ច​​«មានភាពមិនច្បាស់​លាស់​​ខ្លាំង​»​ ​ដោយសារ​តែ​ហានិភ័យ​មួយ​ចំនួនបណ្ដាលមកពីសង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយក្រែន និងកិច្ចព្រមព្រៀងកម្ចី​​​ដែល​​អាចធ្វើ​ឱ្យ​​អតិផរណាកាន់តែអាក្រក់​​​ថែម​ទៀត​​ផង​ដែរ​។

លោក​ស្រី​បាន​បន្តក្នុងសម្ដីដើម​ថា៖ «កំណើន​សេដ្ឋកិច្ច​ទំនង​ជា​នៅ​តែ​ទន់​ខ្សោយ​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​នឹងត្រូវបាន​ពង្រឹងពីពេលនេះដល់ចុង​ឆ្នាំ​ ដោយសារ​អតិផរណា​ធ្លាក់​ចុះ ហើយ​ការ​រំខាន​ចំពោះការ​ផ្គត់​ផ្គង់ប្រែជា​ធូរ​ស្រាល»។

ជាទូទៅ អត្រាការប្រាក់កាន់តែខ្ពស់ជួយទប់កម្រិតអតិផរណា តាមរយៈការបង្កើនតម្លៃកម្ចីទិញរថយន្ត កម្ចីទិញផ្ទះ និងប័ណ្ណឥណទាន ដោយកាត់បន្ថយសេចក្ដីតម្រូវការទំនិញដែលជំរុញឱ្យតម្លៃកើនឡើង។ ប៉ុន្តែអត្រាការប្រាក់កាន់តែខ្ពស់​ក៏អាចធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ និងបង្កើនការប្រឈមមុខនឹងឱនភាពសេដ្ឋកិច្ចដែរ [ព្រោះវាកាត់បន្ថយការខ្ចីប្រាក់យកទៅវិនិយោគ]។

នោះជាក្តីបារម្ភមួយនៅអឺរ៉ុប តំបន់ដែលសេដ្ឋកិច្ចបានរួញបន្តិចក្នុងខែធ្នូឆ្នាំ២០២២ និងក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។ សេដ្ឋកិច្ចដែលរួមតូចជាងមុនក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នាបែបនេះ ជានិយមន័យមួយនៃឱនភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្ដី ទីផ្សារការងារមានភាពរឹងមាំខ្លាំង ដោយភាពអត់ការងារធ្វើស្ថិតនៅកម្រិតទាបបំផុត ពោលគឺនៅកម្រិត ៦,៥% បើគិតចាប់តាំងពីពេលដែលរូបិយប័ណ្ណអឺរ៉ូត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ក្នុងឆ្នាំ ១៩៩៩។ ស្ថានភាពនេះហាក់មិនស៊ីសង្វាក់គ្នានឹងអ្វីដែលថាសេដ្ឋកិច្ចធ្លាក់ចុះឡើយ។ លោកស្រី ឡាហ្គាដ បាននិយាយថា "ការងារ និងប្រាក់ឈ្នួល ជាពិសេស កំពុងដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជំរុញអតិផរណា"៕




អត្ថបទបន្ទាប់


EU ប្រាប់ប្រទេសជាសមាជិកឱ្យបិទបច្ចេកវិទ្យា Huawei និងបណ្តាញ ZTE ក្រោមហេតុថា «សម្ភារៈមានហានិភ័យខ្ពស់»

ព័ត៌មាន
សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ មិថុនា បានប្រាប់ឱ្យប្រទេសជាសមាជិករបស់ខ្លួនទាំង២៧ ដកក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សរបស់ចិន Hua…

ប្រទេសថៃជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ចំពេលមានតម្រូវការខ្ពស់

ព័ត៌មាន
រដ្ឋាភិបាលចាំផ្ទះថៃកំពុងតែខិតខំធ្វើយ៉ាងណាជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ខណៈដែលមានសេចក្តីរាយការណ៍ថា ផលិតផលចេកស្រស់និងចេកកែច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ