ការនាំចូលយានយន្ត

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចូលយានយន្តរបស់កម្ពុជាឱ្យធ្លាក់ចុះជិត៣៦% នៅឆ្នាំ២០២៣?


របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការនាំចូលយានយន្តរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៣ក ន្លងទៅ បានធ្លាក់ចុះរហូតដល់ជិត៣៦% បើធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះ បើតាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជាជារួមក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២ ក្នុងនោះការលក់រថយន្តថ្មីធ្លាក់ចុះ១០% ខណៈការលក់រថយន្តជជុះធ្លាក់ចុះ៣០%។
ការនាំចូលយានយន្ត
ដោយ

របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ឱនភាពពាណិជ្ជកម្មទំនិញកម្ពុជា បានធ្លាក់ចុះជាង៦៨% ឬស្មើនឹង២ពាន់៨រយលានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ៨,៦% នៃផ.ស.ស. ដោយសារការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការនាំចូល បើទោះបីជាការនាំចេញកើនឡើងទាបក៏ដោយ។ តួយ៉ាងការនាំចូលនៅក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត១៨% ដោយក្នុងនោះការនាំចូលយានយន្តបានថយចុះរហូតដល់ជិត៣៦%បើធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះចំនួននាំចូលយានយន្តនេះ វាស្របទៅនឹងការធ្លាក់ចុះនៃបរិមាណលក់រថយន្តនៅកម្ពុជាដូចគ្នាដែរ។

បើតាមលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ក៏មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះការលក់រថយន្តថ្មីធ្លាក់ចុះ១០% ខណៈការលក់រថយន្តជជុះធ្លាក់ចុះ៣០%។

ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារកំណើនរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើង គួបផ្សំប្រជាពលរដ្ឋជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ក្រោយវិបត្តិសង្គ្រាម និងបញ្ហាសកលនានា បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលរួមទាំងកម្ពុជា។

ម្យ៉ាងទៀតឆ្នាំ២០២៣ ជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនដែលគ្រោងទិញរថយន្តនៅឆ្នាំនោះ បានពន្យារពេលមកទិញនៅឆ្នាំ២០២៤នេះវិញ។ កត្តានេះបានជំរុញឱ្យអ្នកជំនាញរូបនេះព្យាករថា ការលក់រថយន្តនៅកម្ពុជាអាចនឹងមានកំណើន១៥% នៅឆ្នាំ២០២៤នេះ បើធៀបនឹងឆ្នាំ២០២៣ ក្រោយលោកមើលឃើញថា តម្រូវការប្រើប្រាស់រថយន្តរបស់ពលរដ្ឋកម្ពុជានៅមានសក្តានុពលខ្ពស់ គួបផ្សំការរំពឹងសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះកំណើនល្អប្រសើរវិញ។

យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត តាន់ មន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជាហាក់មានសម្ទុះកើនឡើងខ្លាំងជាងការនាំចូលរថយន្តជជុះ ដោយបច្ចុប្បន្នការនាំចូលរថយន្តថ្មីបានរួមចំណែកជាង៤០% នៃទំហំនាំចូលរថយន្តទាំងអស់ផងដែរ។

អ្នកជំនាញរូបនេះជឿជាក់ថា ការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជាអាចនឹងមានកំណើខ្ពស់នាពេលខាងមុខ ដ្បិតថាទីផ្សាររថយន្តថ្មីកាន់តែមានភាពប្រកួតប្រជែង គួបផ្សំប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់ពីអត្ថប្រយោជន៍ និងសុវត្ថិនៃការប្រើប្រាស់រថយន្តថ្មី ស្របពេលតម្លៃរថយន្តថ្មីបច្ចុប្បន្នមិនសូវខុសគ្នាប៉ុន្មាននោះទេពីរថយន្តជជុះ។ តែយ៉ាងណា ថ្នាក់ដឹកនាំរូបនេះ អះអាងថា កម្ពុជានៅមិនអាចកាត់ផ្តាច់ការនាំចូលរថយន្តជជុះបានទាំងស្រុងនៅក្នុងរយៈពេលខ្លីនោះទេ។

ជាមួយគ្នានេះលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ទោះបីការនាំចូល និងការលក់រថយន្តជារួមនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅក្នុងឆ្នាំ២០២៣ នៅតែឈរកំពូលតារាងដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា។

គួរជម្រាបថា តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២កន្លងទៅ កម្ពុជាបាននាំចូលរថយន្តក្នុងតម្លៃជិត ១ពាន់៥រយលានដុល្លារអាម៉េរិក កើនឡើង២៤% បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែជាង ១ពាន់២រយលានដុល្លារអាម៉េរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ការរំលាយក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ដោយតុលាការហុងកុង គឺជាបទពិសោធន៍ត្រូវរៀនសូត្រ

ព័ត៌មាន
តុលាការហុងកុង កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បានចេញសាលដីកាបង្គាប់ឱ្យរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande Group និងល…

ក្រុមហ៊ុន Vietjet បង្ហាញរបាយការណ៍ពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ២,៥៥ ពាន់លានដុល្លារ ដែលបានក្លាយជាចំណុចដ៏លេចធ្លោរនៃឧស្សាហកម្មពិភពលោក

ព័ត៌មាន
ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ