សេវាហិរញ្ញវត្ថុ

កម្ពុជា-សិង្ហបុរីដាក់ឱ្យដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដើម្បីជំរុញពាណិជ្ជកម្ម និងការផ្តល់សេវាហិរញ្ញវត្ថុដល់ SME


ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោង ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងកម្ពុជានិងសិង្ហបុរី ដើម្បីលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ។ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា ការដាក់ចេញនូវថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុនេះ គឺដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដែលវានឹងផ្ដល់លទ្ធភាពឱ្យសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ។
សេវាហិរញ្ញវត្ថុ
ដោយ

តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ដែលធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលមួយសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។

ថ្នាក់ដឹកនាំធនាគារជាតិរូបនេះបានគូសបញ្ជាក់ថា គម្រោង FTC នេះ ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរីដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យមតាមរយៈពង្រឹងគុណភាពទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី ដែលនឹងផ្ដល់លទ្ធភាពដល់សហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ។

សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការដាក់ឱ្យដំណើរការគម្រោង FTC នេះ បានសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្ដាលទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរំភាព។

លោក ជៀ ដឺ ចាយអិន នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានគូសបញ្ជាក់ថា ការចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្ដូរទិន្នន័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យមនៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្ដល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោងនេះ។

គួរជម្រាបថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក នឹងបានតភ្ជាប់ក្នុងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុនេះ សម្រាប់ភាគីកម្ពុជារួមមានធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហើយសម្រាប់ភាគីសិង្ហបុរីរួមមាន ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited។

ដំណាក់កាលបន្ទាប់នៃគម្រោង FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃអចលនទ្រព្យនៅក្បែរៗផ្ទះដែលគេបោះបង់ចោលនៅជប៉ុន ខាតបង់ជិត២៥ពាន់លានដុល្លារ

ព័ត៌មាន
ការគណនាថ្មីបង្ហាញថា ផ្ទះដែលគេបានបោះបង់ចោលជាយូរមកហើយក្នុងប្រទេសជប៉ុន កំពុងធ្វើឱ្យខូចតម្លៃអចលនទ្រព្យនៅក្បែរៗនោះខាតអស់ជិត២៥ពាន់លានដុល្លារ ក្…

អាហារពេលព្រឹកថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា-សិង្ហបុរី ពង្រឹងទំនាក់ទំនងខ្សែច្រវាក់ផ្គត់ផ្គង់

ព័ត៌មាន
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីភាពជាមួយថ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ