ដំឡូងមី

តម្លៃដំឡូងមីស្រស់ឡើងថ្លៃបន្តិចនៅ២សប្ដាហ៍ចុងក្រោយ តែកសិករនៅតែត្អូញត្អែរ តើមកពីមូលហេតុអ្វី?


នៅពីរសប្តាហ៍ចុងក្រោយនេះ តម្លៃដំឡូងមីស្រស់នៅកម្ពុជា បានហក់ឡើងថ្លៃបន្តិចមកវិញ ពោលគឺបច្ចុប្បន្នដំឡូងមីស្រស់នៅតំបន់ខ្លះ មានតម្លៃចន្លោះពី២១០រៀល ទៅជាង៤០០រៀល ក្នុង១គីឡូក្រាម។ តែយ៉ាងណាតម្លៃនេះត្រូវបានមន្ត្រី និងអ្នកជំនាញក្នុងវិស័យនេះ អះអាងថា មានកសិករខ្លះអាចទទួលបានផលចំណេញ តែមានកសិករខ្លះបានត្រឹមទប់ទល់តែប៉ុណ្ណោះ។ ហេតុអ្វីតម្លៃដំឡូងមីស្រស់ឡើងថ្លៃ តែពលរដ្ឋប្រកបរបរដាំដំណាំដំឡូងមីមួយចំនួននៅតែត្អូញត្អែរបែបនេះ?
ដំឡូងមី
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា នៅ២សប្ដាហ៍កន្លងមកនេះ ដំឡូងមីស្រស់ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានឈ្មួញទិញក្នុងតម្លៃចន្លោះពី២១០រៀល ទៅ២៣០រៀល ក្នុង១គីឡូក្រាម ខណៈនៅតាមបណ្ដាខេត្តមួយចំនួនទៀត ត្រូវបានឈ្មួញទិញចន្លោះពីជាង៣០០រៀលដល់ជាង៤០០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែនៅរោងចក្រវិញ គេអាចទិញក្នុងតម្លៃទាប ឬខ្ពស់ជាងនេះ អាស្រ័យទៅលើកម្រិតគុណភាពម្សៅរបស់ដំឡូងមី។

បើតាមប្រធានសមាគមរូបនេះ តម្លៃដំឡូងមីស្រស់ចន្លោះពី២១០រៀល ទៅ២៣០រៀលក្នុង១គីឡូក្រាម ពុំអាចធ្វើឱ្យកសិករទទួលផលចំណេញច្រើននោះទេ ដោយសារតែកសិករភាគច្រើនចំណាយលើការដាំដុះខ្ពស់។

​លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានអះអាងថា តម្លៃដំឡូងមីហក់ឡើងខ្ពស់ ឬធ្លាក់ចុះទាប គឺវាអាស្រ័យលើតម្រូវការនៃទីផ្សារបញ្ជាទិញ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ តម្លៃដំឡូងមីនៅក្នុងឆ្នាំនេះមានការធ្លាក់ចុះប្រមាណពី៣០ ទៅ៤០រៀល ក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃក្នុងឆ្នាំ២០២៣ ដោយសារចរន្តទីផ្សារ និងតម្រូវការកែច្នៃ។ តែយ៉ាងណាការនាំចេញដំឡូងមីនៅឆ្នាំនេះហាក់ពុំមានការថមថយនោះទេ ពោលគឺជាមធ្យមប្រមាណជាង២ពាន់តោនក្នុង១ថ្ងៃ។

បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ការទទួលផលចំណេញពីការដាំដំឡូងមីតិច ឬច្រើន គឺអាស្រ័យលើការថែទាំ។ ជាក់ស្ដែងចម្ការដំឡូងមី ដែលដាំដុះតាមស្តង់ដាបច្ចេកទេស គឺអាចទទួលផលជាមធ្យមចន្លោះពី៤០ ទៅ៥០តោនក្នុង១ហិកតា ខណៈការដាំដុះធម្មតាអាចទទួលផលចន្លោះពី១០ទៅ២០តោនក្នុង១ហិកតាតែប៉ុណ្ណោះ។

​បើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៥៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះដំឡូងមី គឺជាកសិផលមួយស្ថិតក្នុងចំណោមកសិផលជាង៧៧មុខផ្សេងទៀតរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសប្រមាណ៨០ជុំវិញពិភពលោក៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រឿងអលង្ការសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Chanel នឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ រោងចក្រផលិត និងកែច្នៃគ្រឿងអលង្ការសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនដ៏ល្បីល្បាញរបស់បាំរាំង Chanel នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូ…

ទំនិញចិនរាប់រយតោនកំពុងហូរចូលទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈការតភ្ជាប់ផ្លូវដែក

ព័ត៌មាន
ការតភ្ជាប់ផ្លូវដែកល្បឿនលឿនឡាវ និងចិន ហើយបន្តទៅប្រទេសថៃ បានក្លាយទៅជាច្រកនៃការហូរចូលទំនិញចិនថោកៗដ៏សម្បើមមកកាន់ទីផ្សារនៅក្នុងតំបន់អាស៊ាន។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ