ទីផ្សារមាស

តម្លៃមាសធ្លាក់ចុះជាង១០០ដុល្លារក្នុង១តម្លឹង នៅពីរសប្តាហ៍កន្លងមកនេះ តើមកពីមូលហេតុអ្វី?


តម្លៃមាសនៅ២សប្ដាហ៍ចុងក្រោយក្នុងខែមិថុនា ឆ្នាំ២០២៤នេះ បានធ្លាក់ចុះជាង១០០ដុល្លារ ក្នុង១តម្លឹង បើធៀបនឹងតម្លៃក្នុងខែឧសភា ដែលមាសបានឡើងថ្លៃជាប្រវត្តិសាស្រ្តជិត៣ពាន់ដុល្លារ ក្នុង១តម្លឹង។ ការធ្លាក់ចុះតម្លៃមាសនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា អាចបណ្តាលមកពីការវិវត្តនៃស្ថានការណ៍ពិភពលោក។ តើមានមូលហេតុអ្វីខ្លះបានធ្វើឱ្យតម្លៃមាសដែលកំពុងមានតម្រូវការខ្ពស់នៅលើពិភពលោកធ្លាក់ចុះលឿនបែបនេះ?
ទីផ្សារមាស
ដោយ

ម្ចាស់ហាងលក់មាស ពេជ្រ ទីមង្គល កត់សម្គាល់ឃើញថា ចូលដល់ខែមិថុនា តម្លៃមានមានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី១៤ ខែមិថុនានេះ ហាងឆេងមាសទិញចូល មានតម្លៃ២,៦៨០ដុល្លារ និងលក់ចេញក្នុងតម្លៃ២,៧៨០ដុល្លារក្នុង១តម្លឹង។ ការធ្លាក់ចុះតម្លៃមាសនៅកម្ពុជានេះត្រូវបានម្ចាស់ហាងរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីកត្តាមកខាងក្រៅ ជាពិសេសពាក់ព័ន្ធនឹងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក និងបញ្ហាសង្រ្គាមជាដើម។ យ៉ាងណាក៏ដោយម្ចាស់ហាងរូបនេះបានអះអាងថា កត្តាសេដ្ឋកិច្ចមិនសូវល្អ និងការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានធ្វើឱ្យការទិញលក់មាសនៅហាងទីមង្គលហាក់មានការធ្លាក់ចុះផងដែរ។

​ជុំវិញស្ថានភាពនៃការប្រែប្រួលតម្លៃមាសនេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា តម្លៃមាសនៅ២សប្ដាហ៍កន្លងមកនេះបានធ្លាក់ចុះខ្លាំងបើធៀបនឹងខែឧសភា កន្លងទៅ។

បើតាមអ្នកជំនាញរូបនេះ នៅក្នុងខែឧសភាកន្លងទៅ មាស១តម្លឹងមានតម្លៃ២,៩៥១ដុល្លារ ខណៈបច្ចុប្បន្នមាស១តម្លឹងមានតម្លៃត្រឹមតែ២,៧៧៧ដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់១៧៤ដុល្លារក្នុង១តម្លឹង។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កត្តាដែលទាញទម្លាក់តម្លៃមាសឱ្យមានការធ្លាក់ចុះ គឺបណ្ដាលមកពីព័ត៌មាននៃទិន្នន័យទីផ្សារការងារនៅសហរដ្ឋអាម៉េរិក និងប្រាក់ចំណូលពីការងារមានការកើនឡើងលើសពីការរំពឹងទុក ជាហេតុធ្វើឱ្យតម្លៃប្រាក់ដុល្លារចាប់ផ្ដើមមានកំណើនឡើងវិញ ហើយក្នុងនោះក៏មានពាក់ព័ន្ធនឹងគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាម៉េរិក ដែលបានរក្សានូវអត្រាការប្រាក់៥,៥%ផងដែរ។

​យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះជឿជាក់ថា ក្នុងរយៈពេលខ្លីតម្លៃហាងឆេងមាសទំនងជាមិនមានការប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែព្រឹត្តិការណ៍ធំៗមួយចំនួននៅលើពីភពលោកអាចនឹងធ្វើឱ្យតម្លៃមាសមានការប្រែប្រួល ក្នុងនោះមានពាក់ព័ន្ធនឹងការបោះឆ្នោតនៅតាមបណ្ដាប្រទេសមួយចំនួនដូចជានៅបារាំង និងសហរដ្ឋអាម៉េរិក ព្រោះក្រុមវិនិយោគិននៅលើពិភពលោកកំពុងរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតនេះ ដើម្បីរៀបចំការវិនិយោគឡើងវិញ។

ក្នុងស្ថានភាពទីផ្សារមាសមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ លោក ឡុង សំណាង លើកទឹកចិត្តឱ្យអ្នកជួញដូរមាស ត្រូវចេះបង្វិលផលិតផលមាសឱ្យក្លាយជាលុយ ដើម្បីរក្សានូវប្រាក់ចំណេញ បើពុំដូច្នេះទេ ពួកគេអាចប្រឈមនឹងការខាតបង់ថវិកាជាមិនខាន។

​អ្នកជំនាញក្នុងវិស័យមាសព្យាករថា តម្លៃមាសនៅឆ្នាំនេះនឹងអាចហក់ឡើងថ្លៃដល់២ពាន់៥រយដុល្លារក្នុង១អោន (១អោនស្មើនឹងជាង៨ជី) ឬជាង៣ពាន់ដុល្លារក្នុង១តម្លឹង ខណៈក្នុងខែឧសភាកន្លងទៅ តម្លៃមាសបានហក់ឡើងដល់ជាង២ពាន់៣រយដុល្លារក្នុង១អោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


G7 ឯកភាពឱ្យយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ធ្វើជាវត្ថុបញ្ចាំសម្រាប់កម្ចី៥០ពាន់លានដុល្លារ ដែលផ្តល់ឱ្យអ៊ុយក្រែន

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានឯកភាពឱ្យយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីធ្វើជាទ្រព្យបញ្ចាំសម្រាប់កម្ចី៥០ពាន់លានដុល្លារ ដែលផ្តល់ឱ្យអ៊…

តើកត្តាអ្វីជំរុញឱ្យវៀតណាមពិចារណាដំឡើងពន្ធគយលើស្រា និងស្រាបៀរខ្ពស់រហូតដល់ទៅ១០០%?

ព័ត៌មាន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាម ដែលជាប់ភូមិផងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ