វិស័យពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី កំណត់គោលដៅនាំចេញទៅកាន់ទីផ្សារចិន ឱ្យឈានដល់៧០ពាន់លានដុល្លារ


រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេក្នុងអាស៊ាន បានសម្រេចកំណត់គោលដៅបង្កើនការនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះឱ្យឈានដល់ចន្លោះពី៦៥ពាន់លានដុល្លារ ទៅ៧០ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២៣ ទាំងមូល ទំហំនាំចេញសរុបរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិន ត្រូវបានព្យាករថា ឈានដល់៦០ពាន់លានដុល្លារ ដោយធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២២។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ឌីឌី ស៊ូមេឌី (Didi Sumedi) អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ការនាំចេញ នៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានឱ្យដឹងថា ការនាំចេញសរុបទៅប្រទេសចិន អំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អាចសម្រេចបានប្រមាណជិត៥៧ពាន់លានដុល្លារ ហើយទំហំនាំចេញរហូតដល់ដាច់ឆ្នាំដដែលនេះត្រូវបានព្យាករថា ឈានដល់៦០ពាន់លានដុល្លារ។

លោកបានអះអាងថា សម្រាប់ឆ្នាំក្រោយ ប្រសិនបើការនាំចេញកើនឡើងជាមធ្យមក្នុងរង្វង់២,៥%ក្នុងមួយឆ្នាំ ការនាំចេញរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិន នឹងអាចសម្រេចបានចន្លោះពី៦៥ពាន់លានដុល្លារ ទៅ៧០ពាន់លានដុល្លារ នៅឆ្នាំក្រោយ។

លោកបានបន្តថា ការបង្កើនគោលដៅនៃការនាំចេញនេះគឺជាការខិតខំប្រឹងប្រែងដើម្បីកែលម្អការអនុវត្តការនាំចេញទៅកាន់ប្រទេសចិន ដែលបានជួបប្រទះការធ្លាក់ចុះក្នុងឆ្នាំ២០២៣ ខណ:ដែលនៅឆ្នាំ២០២២ គេដឹងថា ការនាំចេញរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិន អាចសម្រេចបានក្នុងទំហំជិត៦៦ពាន់លានដុល្លារ ប៉ុន្តែលោកបានពន្យល់ថា ការធ្លាក់ចុះនៃការនាំចេញមិនត្រឹមតែកើតឡើងរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិន ប៉ុណ្ណោះទេ វាក៏កើតឡើងគ្រប់ប្រទេស ហើយនេះវាជានិន្នាការសកល។

លោកបានកត់សម្គាល់ថា “តាមពិតទៅ យើងមានសុទិដ្ឋិនិយមថា ការនាំចេញរបស់យើងនៅតែរឹងមាំ ការប្រកួតប្រជែងការនាំចេញរបស់យើងនៅតែល្អជាសកល ហើយយើងមានក្តីសង្ឃឹមចំពោះការរំពឹងទុកដែលបង្ហាញដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ឆ្នាំ២០២៤ ស្ថានភាពនឹងកាន់តែប្រសើរឡើង”។

ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី នៅពេលនេះបានដាក់ចេញកម្មវិធីមួយចំនួនដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសចិន ដោយមួយក្នុងចំណោមកម្មវិធីទាំងនោះគឺការរៀបចំពិព័រណ៍ផលិតផលឥណ្ឌូនេស៊ី នៅក្នុងខេត្តមួយចំនួនក្នុងប្រទេសចិន។

ឥណ្ឌូនេស៊ី និងមហាយក្សចិន កំពុងតែពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគយ៉ាងរឹងមាំ ជាពិសេសទាក់ទងនឹងគម្រោងអាជីវកម្មរ៉ែកម្រសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី (EV)៕

ដោយ: សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនហ្វត ដំឡើងរថយន្តបាន៣ពាន់គ្រឿងនៅឆ្នាំ២០២៣ និងដាក់គោលដៅដំឡើងឱ្យបាន៤ពាន់គ្រឿងនៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការនិន្នាការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្…

ប្រធានក្រុមប្រឹក្សាអឺរ៉ុប និយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេលកំណត់

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆែល (Charles Michel) កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ