អំណាចលុយដុល្លារខកខានផ្ដួលរំលំសេដ្ឋកិច្ចរុស្ស៊ី

ធនាគារិករុស្ស៊ីដ៏មានឥទ្ធិពលមួយរូបនិយាយថា ទីបញ្ចប់នៃអំណាចប្រាក់ដុល្លារអាមេរិកជិតមកដល់ហើយ


ចុងបញ្ចប់នៃការត្រួតត្រាគេរបស់ប្រាក់ដុល្លារអាមេរិកជិតមកដល់ហើយ ខណៈដែលប្រាក់យន់របស់ចិនងើបឡើងជារូបិយប័ណ្ណអន្តរជាតិ ហើយពិភពលោកទាំងមូលបានឃើញបរាជ័យរបស់បស្ចិមប្រទេសក្នុងការធ្វើឱ្យប្រទេសរុស្ស៊ីឱ្យលុតជង្គង់នៅចំពោះមុខខ្លួន ក្នុងបញ្ហាអ៊ុយក្រែន។ នេះបើតាមសម្ដីរបស់លោក អង់ដ្រេ កូស្តាំង (Andrei Kostin) ដែលជាធនាគារិកដ៏មានឥទ្ធិពលបំផុតម្នាក់របស់ទីក្រុងម៉ូស្គូ ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អំណាចលុយដុល្លារខកខានផ្ដួលរំលំសេដ្ឋកិច្ចរុស្ស៊ីនៅក្រោមទណ្ឌកម្មបស្ចិមលោក
ដោយ

លោក Andrei Kostin នាយកប្រតិបត្តិធនាគារ VTB ដែលគ្រប់គ្រងដោយរដ្ឋ និងដែលជាធនាគារធំជាងគេលំដាប់ទីពីររបស់រុស្ស៊ី បាននិយាយថា វិបត្តិអ៊ុយក្រែនកំពុងឈានទៅរកការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក។ វាធ្វើឱ្យសកលភាវូបនីយកម្មដែលដោលចេញពីអរិយធម៌បស្ចិមលោកចុះខ្សោយ នៅពេលដែលប្រទេសចិនហាក់កំពុងកាន់កាប់តំណែងកំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោក។

លោក Kostin បាននិយាយថា ឥឡូវនេះវាជា"សង្គ្រាមក្តៅ" ដែលគ្រោះថ្នាក់ជាងសង្គ្រាមត្រជាក់ទៅទៀត។ ធនាគារិករូបនេះបានលើកគឡើងដូច្នេះ នៅពេលគេសួរថា តើគាត់គិតថាពិភពលោកស្ថិតនៅក្នុងសង្គ្រាមត្រជាក់ថ្មីឬអត់។ លោកបាននិយាយទៀតថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងខាតបង់នៅក្នុងដំណើរបង្កកទ្រព្យសម្បត្តិជាតិរុស្ស៊ីរាប់រយពាន់លានដុល្លារ នៅពេលដែលប្រទេសជាច្រើនកំពុងផ្លាស់ប្តូរទៅរកការទូទាត់ប្រាក់ដោយប្រើរូបិយប័ណ្ណផ្សេងពីរូបិយប័ណ្ណអាមេរិកនិងរូបិយប័ណ្ណអឺរ៉ូ ហើយប្រទេសចិនកំពុងធ្វើសកម្មភាពឆ្ពោះទៅលុបបំបាត់ការរឹតត្បិតនានាទាក់ទងនឹងរូបិយប័ណ្ណ។

លោក Kostin ដែលមានអាយុ ៦៦ ឆ្នាំ បានប្រាប់រើយធើនៅជាន់ទី ៥៩ នៃអគារខ្ពស់កប់ពពករបស់ធនាគារ VTB ដ៏ភ្លឺរន្ទាល ដែលមើលឃើញភាគខាងត្បូងទីក្រុងម៉ូស្គូថា "សករាជប្រវត្តិសាស្ត្រដ៏វែងឆ្ងាយនៃការត្រួតត្រាគេរបស់ប្រាក់ដុល្លារអាមេរិកនឹងមកដល់ទីបញ្ចប់"។ លោកបានបន្តថា «ខ្ញុំ​គិត​ថា​​កាលវេលានោះនឹងមកដល់នៅពេល​ដែល​ចិន​លុបបំបាត់ជា​បណ្តើរៗនូវ​ការ​រឹតត្បិតនានាទាក់ទងនឹង​រូបិយប័ណ្ណ​»។

លោក Kostin បាននិយាយថា "ប្រទេសចិនយល់ថា ខ្លួននឹងមិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ ១ ទេ ប្រសិនបើខ្លួនរក្សាប្រាក់យន់ឱ្យនៅជារូបិយប័ណ្ណដែលមិនអាចបំប្លែងបាន"។ ធនាគារិកបានបន្ថែមថា វានឹងមានគ្រោះថ្នាក់សម្រាប់ប្រទេសចិនក្នុងការរក្សាទុនបម្រុងដែលបានវិនិយោគនៅក្នុងប័ណ្ណបំណុលរបស់សហរដ្ឋអាមេរិក។

ប្រាក់ដុល្លារអាមេរិកមានភាពលេចធ្លោចាប់តាំងពីដើមសតវត្សទី ២០ នៅពេលដែលវាបានជែងប្រាក់ផោនឈ្នះ ហើយក្លាយជារូបិយប័ណ្ណបម្រុងសកល ប៉ុន្តែសម្ព័ន្ធក្រុមហ៊ុនសេវាហិរញ្ញវត្ថុ JPMorgan បាននិយាយនៅខែនេះថា សញ្ញានៃបដិដុល្លារូបនីយកម្ម ឬការដកប្រាក់ដុល្លារពីទីផ្សារ កំពុងលេចចេញជារូបរាងនៅក្នុងសេដ្ឋកិច្ចពិភពលោក។

ការកើនឡើងដ៏អស្ចារ្យនៃសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ, ការធ្លាក់ចុះនៃសេដ្ឋកិច្ចបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន, និងការឈ្លោះប្រកែកគ្នាជុំវិញកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យស្ថានភាពប្រាក់ដុល្លារស្ថិតនៅក្រោមការពិនិត្យពិច័្ចយជាថ្មី។ លោក Kostin បាននិយាយថា ធនាគារ VTB របស់លោក កំពុងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យន់ក្នុងការទូទាត់ជាមួយប្រទេសទីបី។

លោក Kostin ជាអតីតអ្នកការទូតម្នាក់ដែលបម្រើការនៅប្រទេសអូស្ត្រាលី និងអង់គ្លេស ហើយបានចូលបម្រើការងារក្នុងធនាគារ បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ។ រូបលោកជាធនាគារិកដ៏មានឥទ្ធិពលនិងដ៏មានបទពិសោធន៍បំផុតម្នាក់របស់ទីក្រុងម៉ូស្គូ ដែលធ្លាប់បម្រើការជាប្រធានសាជីវកម្មអភិវឌ្ឍន៍និងវិនិយោគរបស់រដ្ឋរុស្ស៊ី ហៅកាត់ថា VEB។

បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ប្រទេសលោកខាងលិចបានបញ្ចេញនូវអ្វីដែលខ្លួនហៅថាជាទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតមិនធ្លាប់មាននៅក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ និងដាក់ទណ្ឌកម្មលោក ពូទីន ចំពោះការធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។

លោក Kostin ក៏បានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ ជុំវិញអ្វីដែលអាមេរិកហៅថាសកម្មភាពអាក្រក់របស់រុស្ស៊ីនៅជុំវិញពិភពលោក។ ក្រោយ​សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង លោក​ Kostin ត្រូវ​បាន​សហភាព​អឺរ៉ុប និង​អង់គ្លេស ​ដាក់​ទណ្ឌកម្មទៀត ដោយនិយាយថា រូបលោក​ជា«​សហការី​ជិតស្និទ្ធ​របស់​លោក​ពូទីន»។

ធនាគារិករូបនេះបាននិយាយថា ការដាក់ទណ្ឌកម្មនេះគឺអយុត្តិធម៌ និងជាការសម្រេចចិត្តខាងនយោបាយ ដែលនឹងមានផលអាក្រក់ចំពោះលោកខាងលិចវិញ។ លោក Kostin បាននិយាយអំពីវិបត្តិជាមួយអ៊ុយក្រែនក្នុងសម្ដីផ្ទាល់ថា៖ "យើងបានចូលទៅក្នុងសង្គ្រាមក្តៅរួចហើយ" ហើយថា "វាមិនត្រជាក់ទេ នៅពេលដែលមានសព្វាវុធរបស់លោកខាងលិចច្រើន សេវាកម្មលោកខាងលិចជាច្រើន និងទីប្រឹក្សាយោធាច្រើនចូលពាក់ព័ន្ធ។ ស្ថានការណ៍គឺកាន់តែអាក្រក់ជាងសង្គ្រាមត្រជាក់ទៅទៀត។ វាពិបាក ហើយគួរឱ្យព្រួយបារម្ភណាស់"។

ប៉ុន្តែ ជាមួយគ្នានេះ លោក Kostin បានឱ្យដឹងថា ធនាគារ VTB របស់លោក នឹងឃើញប្រាក់ចំណេញជិត ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីមានប្រតិបត្តិការដ៏រលាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ និងបន្ទាប់ពីការខាតបង់មិនធ្លាប់ជួបកាលពីឆ្នាំមុន។

ធនាគារិករូបនេះ​បាន​និយាយ​ថា ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​នឹង​មិន​ត្រូវ​បានបំផ្លាញដោយ​លោកខាងលិច​ទេ។ ក្នុងខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើនផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីឆ្នាំ ២០២៣ ដល់អត្រា ០,៧% ក្នុងការព្យាករថ្មី ដោយដំឡើងពីអត្រា ០,៣% ដែលមានក្នុងការព្យាករពីមុន ប៉ុន្តែបានទម្លាក់ការព្យាករឆ្នាំ ២០២៤ អំពីសេដ្ឋកិច្ចរុស្ស៊ី ពី ២,១% ឱ្យមកត្រឹម ១,៣% វិញ។

លោក Kostin បានថ្លែងថា "ទណ្ឌកម្មគឺអាក្រក់ ហើយយើងទទួលរងគ្រោះដោយសារវា។ ប៉ុន្តែសេដ្ឋកិច្ចបានសម្របខ្លួន"។ លោកបានបន្តថា៖ "ក្នុងពេលជាមួយគ្នានេះ យើងរំពឹងថាការដាក់ទណ្ឌកម្មនឹងកាន់តែខ្លាំងក្លា (...) ប៉ុន្តែយើងក៏នឹងស្វែងរកឱកាសផ្សេងទៀតដែរ"៕




អត្ថបទបន្ទាប់


ក្រោយទទួលបានជំនួយហិរញ្ញវត្ថុពី IMF តើមកទល់ពេលនេះ សេដ្ឋកិច្ចប្រទេសស្រីលង្ការបានប្រសើរឡើងយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុស្រីលង្កាបាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនាថា ប្រទេសនេះបានដកចេញនូវការរឹតបន្តឹងលើការនាំចូលទំនិញចំនួន ២៨៦ មុខ។ ការសម្…

សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

ព័ត៌មាន
វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ