គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង

គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រៀបចំកិច្ចប្រជុំជាលើកទី៣


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យ និងផ្ដល់ យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខ ។
គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រៀបចំកិច្ចប្រជុំជាលើកទី៣
ដោយ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា គ.ស.ផ. ។

កិច្ចប្រជុំនេះ គឺជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១» ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ​ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ​ឱ្យ​ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន​ប្រកបដោយចីរភាព និងនិរន្តរភាព ។ ជាមួយគ្នានេះ, «ផែនការសកម្មភាព» អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានចក្ខុវិស័យរយៈពេលវែង ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖

ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ,

ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់​សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់​នវានុវត្តន៍បច្ចេកវិទ្យា និង

ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ, «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង» នឹងអនុវត្តជាពីរដំណាក់កាលគឺ៖

- ដំណាក់កាលទី១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារ​ភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំង​ការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ។

- ដំណាក់កាលទី២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួន​ជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍ​ឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្រប​សម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់​ប្រកបដោយវិបុល-ភាព ។

អង្គប្រជុំបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាង «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ។ ទន្ទឹមនេះ អង្គប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន និងបានស្នើឱ្យក្រុមការងារ​ពិនិត្យបន្ថែម លើការប្រើប្រាស់ពាក្យពេជន៍នៅក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ​ការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស​ក្រុមការងារបច្ចេកទេស​អន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ​ទៅជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) និងលេខាធិការដ្ឋាន ក.ប.ស.ផ. ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ​ទៅជាតំបន់​សេដ្ឋកិច្ច​ពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ជាបន្តបន្ទាប់ ស្របតាមមតិយោបល់​របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យសេចក្តីព្រាងផែនការមេនេះកាន់តែមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យានរុករករ៉ែក្នុងបាតសមុទ្រជម្រៅ ៤ ០០០ម៉ែត្ររបស់ចិន បានបញ្ចប់ការសាកល្បងរុករកដោយជោគជ័យ

ព័ត៌មាន
យានរុករករ៉ែធុនធ្ងន់នៅក្នុងបាតសមុទ្ររបស់ប្រទេសចិន បានបញ្ចប់ការសាកល្បងដោយជោគជ័យ នៅក្នុងការមុជរុករកធនធានរ៉ែនៅបាតសមុទ្រដល់ទៅជម្រៅ ៤០០០ម៉ែ…

ប្រាក់ដុល្លារបានដាំក្បាលចុះអស់ជាច្រើនសប្ដាហ៍ ខណៈក្រុមពាណិជ្ជករកំពង់រង់ចាំការកាត់បន្ថយអត្រាការប្រាក់យ៉ាងអន្ទះសា

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះជិតដល់កម្រិតទាបជាច្រើនសប្តាហ៍កន្លងកន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗដទៃទៀតកាលពីថ្ងៃអង្គារ ខណៈដែលក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ