ការផលិតវ៉ាក់សាំងកូវីដ-១៩ក្នុងពិភពលោក

វ៉ាក់សាំងកូវីដ-១៩៖ ពិភពលោកចាប់អារម្មណ៍ចិនខ្លាំង​ជាងមុន ចំពេលឥណ្ឌាកំពុងលិចលង់កាន់តែជ្រៅ


ពិភពលោកដែលកន្លងមក ធ្លាប់ពឹងផ្អែកលើការផលិតវ៉ាក់សាំងពីប្រទេសឥណ្ឌា និងលោកខាងលិច ពេលនេះបានងាកមករកវ៉ាក់សាំង របស់ប្រទេសចិនកាន់តែខ្លាំងវិញហើយ ក្រោយពីប្រទេសឥណ្ឌា ដែលជាប្រទេសអ្នកផលិត និងផ្គត់ផ្គង់វ៉ាក់សាំងធំជាងគេសម្រាប់ពិភពលោក កំពុងជួបនឹងមហន្តរាយឆ្លងរាតត្បាតកូវីដ-១៩យ៉ាងខ្លាំង។ អ្វីដែលសំខាន់នោះ ថ្មីៗវ៉ាក់សាំងមួយប្រភេទរបស់ចិន ក៏ទើបតែត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វ៉ាក់សាំងកូវីដ-១៩៖ ពិភពលោកចាប់អារម្មណ៍ចិនជាងមុន ចំពេលឥណ្ឌាកំពុងលិចលង់កាន់តែជ្រៅ
ដោយ

គេនៅចាំបានថា នាពេល​ថ្មីៗនេះ សម្ព័ន្ធ​មិត្ត​ប្រទេស​សេដ្ឋកិច្ច​យក្សៗចំនួន​៤ គឺ​ គឺអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា បានប្រកាស​ពីផែនការ​ចំណាយ​ទុនវិនិយោគ​រាប់ពាក់លាន​ដុល្លារ ដើម្បីជួយឲ្យឥណ្ឌា​ផលិត​វ៉ាក់សាំង​សម្រាប់​ផ្គត់ផ្គង់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅតំបន់អាស៊ី ដើម្បី​ប្រជែង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែលតែងតែ​ចែកចាយវ៉ាក់សាំង​ រួមទាំងការផ្ដល់ជំនួយ និងលក់​ទៅឲ្យបណ្ដាប្រទេស​នៅក្នុង​តំបន់នេះ។ ក៏ប៉ុន្ដែ នៅក្រោយពីដែលឥណ្ឌា កំពុង​លិចលង់ខ្លួន​ចូលកាន់តតែជ្រៅ​ក្នុងវិបត្តិ​មេរោគរាតត្បាតកូវីដ-១៩ ផែនការ​ផលិតវ៉ាក់សាំង​សម្រាប់​តំបន់អាស៊ីនេះ ហាក់កំពុង​ត្រូវបាន​រសាត់​ឆ្ងាយទៅៗ ហើយពិភពលោក​ក៏ចាប់ផ្ដើម​សម្លឹងឃើញ​ចិន​កាន់តែជិតជាងមុន។

យ៉ាងណាមិញ នៅមួយរយៈចុងក្រោយនេះ ដោយហេតុថា តម្រូវការនៃ​ការប្រើប្រាស់វ៉ាក់សាំង​មានការកើនឡើង បូករួម​ប្រទេសឥណ្ឌា​បានផ្អាក​ការនាំចេញ​វ៉ាក់សាំងរបស់ខ្លួន មានប្រទេសជាច្រើន​បានផ្តើម​ ធ្វើការស្នើសុំនិងបញ្ជាទិញ​វ៉ាក់សាំង​ពីប្រទេសចិន​មកប្រើប្រាស់។ 

ជាក់ស្ដែង​ ថ្មីៗនេះ សហភាពអឺរ៉ុប ក៏បាន​និងកំពុង​ត្រួតពិនិត្យ​លើ​គុណភាព​ និងប្រសិទ្ធភាព​វ៉ាក់សាំង​របស់ចិន ដើម្បីអាចយក​មកប្រើប្រាស់​នៅក្នុង​តំបន់អឺរ៉ុបផងដែរ។

អ្នកជំនាញជឿថា តម្រូវការនឹងរឹតតែកើនឡើងថែមទៀត នៅក្រោយពីវ៉ាក់សាំងមួយប្រភេទ របស់ចិនឈ្មោះថា ស៊ីណូហ្វាម ទើបតែត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និង​បានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​​បន្ទាន់ កាលពី​ថ្ងៃសុក្រសប្តាហ៍មុននេះ។

វ៉ាក់សាំងចិនស៊ីណូហ្វាម ​ជា​វ៉ាក់សាំង​ទី​៥​ហើយ ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​​អនុម័ត​​ឲ្យ​ប្រើ​ប្រាស់ បន្ទាប់​ពី​បាន​សិក្សា​​យ៉ាង​លម្អិត​រួច​មក អំពី​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព​​រួចមក ហើយវា​ក៏ជា​វ៉ាក់សាំងចិនទី១ ដំបូងគេ ដែល​អង្គការសុខភាពិភពលោកទទួលស្គាល់។

មែនទែនទៅ មិនយូរមិនឆាប់វ៉ាក់សាំងចិនមួយប្រភេទទៀត ឈ្មោះថា ស៊ីណូហ្វាក់ ក៏អាច​នឹងត្រូវអង្គការសុខភាពិភពលោកទទួលស្គាល់ដូចគ្នា​ក្នុងពេល​ខាងមុខ​ដ៏ខ្លីនេះ ដោយហេតុថាវ៉ាក់សាំងទាំងពីរត្រូវបានអ្នកជំនាញត្រួតពិនិត្យក្នុងពេលជាមួយគ្នា ហើយបានបង្ហាញលទ្ធផលដូចគ្នាថា វ៉ាក់សាំងទាំងពីរមានប្រសិទ្ធភាព អាចបង្ការកូវីដ១៩បាន។ 

ចាប់​តាំង​ពី​មុន​ទទួល​បាន​ភ្លើង​បៃតង​ពីអង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ស៊ីណូហ្វាម​ត្រូវ​បាន​ប្រទេស​និង​តំបន់​ចំនួន​៤២​រួច​ហើយ​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ ដូច​ជា​ប្រទេស​ចិន អេហ្ស៊ីប អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ប៉េរូ ហុងគ្រី តួគី អេមីរ៉ាត់អារ៉ាប់រួម និង​កម្ពុជា​ជា​ដើម​។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានទទួល វ៉ាក់សាំង Sinopharm សរុបចំនួន ១,៣លានដូស ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

មិនយូរមិនឆាប់គេនឹងបានឃើញវ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន ត្រូវបានចែកចាយនៅទូទាំងពិភពលោក តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ដែលវានឹងរុញច្រានឲ្យតម្រូវការនៃវ៉ាក់សាំងមានការកើនឡើងថែមទៀត។ ហេតុនេះហើយក្រុងហ៊ុនរដ្ឋចិនស៊ីណូហ្វាមទំនងជាត្រូវបង្កើនការផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការនៅថ្ងៃខាងមុខ។

មែនទែនទៅ ចិន​បានត្រៀមខ្លួន​ជាមុនរួចហើយ ក្នុងជំហរ​ជាប្រទេស​នាំមុខ​ក្នុងការ​ផលិតចែកចាយ​វ៉ាក់សាំង តាំងពីមុនពេល​ឥណ្ឌា​ជួបគ្រោះមហន្ដរាយ​កូវីដ-១៩មកម្ល៉េះ។ ជាក់ស្ដែង សារព័ត៌មាន South China Morning Post ថ្មីៗនេះបាន​ផ្សាយថា ប្រទេសចិន កំពុងសម្រួចមហិច្ឆិតានៅក្នុងឧស្សាហកម្មផលិតឱសថរបស់ខ្លួន ដើម្បីឈានទៅក្លាយខ្លួនជាក្បាលម៉ាស៊ីនដ៏ធំក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក ខណៈដែលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបន្ដរីករាលខ្លាំងនៅឡើយ។ ក្នុងនោះ ចិនមានគោលដៅ នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ៥ពាន់លានដូស នៅត្រឹមចុងឆ្នាំក្រោយនេះ។ ជាមួយគ្នានេះ ការ​ផ្ដល់​ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ក្រីក្រ ក៏ត្រូវបានគេមើលឃើញថា វា​នឹង​អាចជួយ​​ពង្រីក​ឥទ្ធិពល​​ក្រុង​ប៉េ​កាំ​ង​កាន់តែ​ខ្លាំង​ឡើង។

កាលពី​ខែ មីនា មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជាង ១០០​លាន​ដូ​សត្រូវ​បាន​ចិន​នាំ​ចេញ ដែល​មាន​ប្រហែល​គ្នា​ទៅ​នឹង​វ៉ាក់សាំង​នាំ​ចេញ​រួម​គ្នា ដោយ​ឥណ្ឌា និង​សហភាព​អឺរ៉ុប​។

ប្រធាន​សមាគម​វ៉ាក់សាំង​ចិន បាន​និយាយ​ថា ចិន​មាន​គោលដៅ ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឲ្យ​បាន​ដល់ ៥​ពាន់​លាន​ដូ​ស​នៅ​ត្រឹម​ចុងឆ្នាំ​២០២២ ខណៈ​ដែល​បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​សាងសង់​អគារ​ខ្សែ​ចង្វាក់​ផលិតកម្ម​វ៉ាក់សាំង​ខ្នាត​ធំ​ចំនួន ១៨​អគារ​។ កំណើន​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន មាន​ន័យ​ថា​ចិន​នឹង​មានឱកាស​កាន់តែ​ប្រសើរ នៅ​ក្នុង​ការ​បង្កើន​ឥទ្ធិពល​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ ហើយស្របពេល​ដែល​វ៉ាក់សាំង​របស់ខ្លួន​ទទួលបាន​ការអនុញ្ញាត​ឲ្យប្រើប្រាស់​បន្ទាន់​ពីអង្គការ​សុខភាព​ពិភពលោក​ទៀតនោះ វាបង្ហាញឲ្យឃើញថា មហ្ឆិតាចិន​ក្នុងការ​ក្លាយជាក្បាលម៉ាស៊ីន​ផលិត និងផ្គត់ផ្គង់វ៉ាក់សាំង​ កំពុង​ឆ្ពោះទៅមុខ​កាន់តែលឿនជាងមុនហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទំនិញទៅវៀតណាមកើន ៤៤៣% នៅ៣ខែដើមឆ្នាំនេះ

ព័ត៌មាន
ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការប្រែប្រួលហើយ។ ប្រែប្រួលនៅត្រង់ថា កាលពីមុនធ្លាប់តែវៀតណាមធ្ងន់ជាងជាប់ជានិច្ច ប៉ុន្ដែឥឡូវនេះ កម្ព…

អឺរ៉ុបអំពាវនាវឲ្យអាមេរិកនាំចេញវ៉ាក់សាំងខ្លះផង កុំប្រមូលទុកតែឯងច្រើនពេក!

ព័ត៌មាន
គណៈកម្មការអឺរ៉ុបបានអំពាវនាវកាលពីសប្តាហ៍មុនឲ្យសហរដ្ឋអាមេរិក និងប្រទេសអ្នកផលិតវ៉ាក់សាំងកូវីដ-១៩ធំៗដទៃទៀត នាំចេញនិងផ្គត់ផ្គង់វ៉ាក់សាំងឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ