ការនាំចេញ​កម្ពុជា​ទៅវៀតណាម

កម្ពុជានាំចេញទំនិញទៅវៀតណាមកើន ៤៤៣% នៅ៣ខែដើមឆ្នាំនេះ


ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការប្រែប្រួលហើយ។ ប្រែប្រួលនៅត្រង់ថា កាលពីមុនធ្លាប់តែវៀតណាមធ្ងន់ជាងជាប់ជានិច្ច ប៉ុន្ដែឥឡូវនេះ កម្ពុជាធ្ងន់ជាងវៀតណាមវិញម្ដងហើយ ពោលគឺនៅ៣ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមប្រមាណ២៥០លានដុល្លារអាមេរិក។ ការណ៍ដែលកម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមនេះ ក៏ដោយសារតែការនាំចេញរបស់កម្ពុជាទៅវៀតណាម ហក់ឡើងយ៉ាងគំហុក ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅប៉ុន្មានឆ្នាំកន្លងមកនេះ។
ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង
ដោយ

តួលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលបានចេញផ្សាយដោយភ្នាក់ងារព័ត៌មាន​វៀត​ណាម VNA បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម​នៅ៣ខែដំបូង​នៃ​ឆ្នាំ២០២១​នេះ បានហក់ឡើងខ្លាំងមិនធ្លាប់មាន ដោយមានទឹកប្រាក់​នាំចេញដល់ទៅជិត​១ពាន់៥រយ​លាន​ដុល្លារ ជាមួយកំណើន៤៤៣%ឯណោះ ខណៈដែលការនាំចូលពីវៀតណាម​មកវិញមានជាង​១ពាន់​២រយ​លានដុល្លារ កើនជិត១៦%។

តាមតួលេខនេះ បង្ហាញឲ្យឃើញថា នៅត្រីមាសទី១នេះ កម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្ម​ជាមួយ​វៀតណាមប្រមាណ ២៥០លានដុល្លារអាមេរិក ដែលអាចនិយាយបានថា វាជាលើកដំបូងហើយ ដែល​កម្ពុជា​សម្រេចបានអតិរេកពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងមួយនេះ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មធ្លាប់អះអាងកន្លងមកថា កត្តា​ដែល​​ជំរុញឲ្យការនាំចេញ​របស់​កម្ពុជា​ទៅវៀតណាមកើនឡើងយ៉ាងគំហុកនេះ ដោយសារកត្តាតម្រូវការ និងការដឹកជញ្ជូន គួប​ផ្សំ​នឹងការជួយសម្របសម្រួលនៅតាមព្រំដែនរបស់ភាគីវៀតណាម។ ការលើក​លែង​ពន្ធ​​នាំ​ចូល​លើផលិតផលមួយចំនួនពីប្រទេសនេះ ក៏ជាកត្តារួមចំណែកក្នុងកំណើននេះដែរ។

បើតាមអ្នកនាំពាក្យរូបនេះ ផលិតផលដែលជួយជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងខ្លាំងនេះ គឺភាគច្រើនជាផលិតផលកសិកម្ម។

នៅក្នុងជំនួបរវាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង​ពាណិជ្ជ​កម្មវៀតណាម នាពេលថ្មីៗនេះ ភាគីនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នា​ធ្វើឲ្យប្រសើរឡើង​នូវ​នីតិ​វិធីគយនៅតាមច្រកព្រំដែនរវាងគ្នា ដើម្បីឲ្យប្រាកដថា ខ្សែចង្វាក់ផ្គត់ផ្គង់ នឹងមិនត្រូវបានរំខាន ពិសេស​តម្រូវការផលិតផលចាំបាច់ដូចជាផ្នែកវេជ្ជសាស្ត្រ និងស្បៀងអាហារ នៅអំឡុងពេល​មេរោគ​រាតត្បាតនេះ។

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅត្រីមាសទី១នេះ បើគិតពីទំហំពាណិជ្ជកម្មរវាងប្រទេស​កម្ពុជា​និងវៀតណាម សម្រេចបានដល់ទៅប្រមាណ២ពាន់៧រយលានដុល្លារអាមេរិក កើនឡើងជាង​១០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

ការនាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបានដល់ទៅ ៤៤៣% នៅ៣ខែដំបូងនៃឆ្នាំនេះ គឺត្រូវបាន​ជំរុញ​ខ្លាំង ដោយការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីមានដល់ទៅ៧១១លានដុល្លារ កើនជិត៥០០%, កៅស៊ូមានជាង៣០០លានដុល្លារ កើនជិត(មួយពាន់ភាគរយ) ១០០០%, បន្លែមានជាង១៣លានដុល្លារ កើនជិត៥០% និងការនាំចេញដែក និងដែកថែប មានជាង១០លានដុល្លារ កើនជាង២០០%។

របាយការណ៍ក្រសួងកសិកម្មកម្ពុជាថ្មីៗនេះ ក៏បានបង្ហាញដែរថា កម្ពុជានៅ៤ខែដំបូងនៃឆ្នាំ២០២១ សម្រេច​​បានការនាំចេញផលិតផលកសិកម្មសរុបប្រមាណជិត៤លានតោន កើនឡើងជាង ៨៧% ដោយ​ក្នុងនោះ ការនាំចេញទៅកាន់ទីផ្សារចំនួន៥៤ប្រទេស គិតជាទឹកប្រាក់សរុបមាន​ជាង២ពាន់លាន​ដុល្លារ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចុងសប្តាហ៍មុននេះ ភ្ញៀវទេសចរតិចតួចប៉ុណ្ណោះ បានចេញដើរកម្សាន្ដតាមរមណីដ្ឋាន

ព័ត៌មាន
ក្រោយពីរាជរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លើកលែងតំបន់ខ្លះនៅបន្តការបិទខ្ទប់នោះ គេសង្កេតឃើញ ការធ្វើដំណើររប...

វ៉ាក់សាំងកូវីដ-១៩៖ ពិភពលោកចាប់អារម្មណ៍ចិនខ្លាំង​ជាងមុន ចំពេលឥណ្ឌាកំពុងលិចលង់កាន់តែជ្រៅ

ព័ត៌មាន
ពិភពលោកដែលកន្លងមក ធ្លាប់ពឹងផ្អែកលើការផលិតវ៉ាក់សាំងពីប្រទេសឥណ្ឌា និងលោកខាងលិច ពេលនេះបានងាកមករកវ៉ាក់សាំង របស់ប្រទេសចិនកាន់តែខ្លាំងវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ