ប្រទេសជប៉ុន

គណបក្សកាន់អំណាចជប៉ុននឹងអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងថ្មីៗ


ប្រភពដែលដឹងរឿងបាននិយាយកាលពីថ្ងៃពុធថា បណ្ដាគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុនកំពុងបញ្ចូលបទប្បញ្ញត្តិនានាទៅក្នុងផែនការគោលគោលនយោបាយសន្តិសុខរបស់ពួកគេ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងរបស់ប្រទេសនេះស្តីពីការលក់អាវុធជាអន្តរជាតិក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុន។
ជប៉ុនកំពុងបង្កើតបទប្បញ្ញត្តិនានាដែលនឹងអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយ
ដោយ

គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ្វ៊ូមីអូ គីស្ស៊ីដា (Fumio Kishida) និងគណបក្សដៃគូ គឺគណបក្ស កូម៉ីតុ (Komeito) បាននិយាយថា គុណសម្បត្តិនិងគុណវិបត្តិនៃការនាំចេញបរិក្ខារការពារជាតិ ដែលបំពាក់ដោយគ្រឿងប្រល័យមនុស្ស ត្រូវការការពិភាក្សាបន្ថែមទៀត។

សូមបញ្ជាក់ថា ពីពេលនេះ ដល់ឆ្នាំ ២០៣៥ ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងរួមគ្នាបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយ។

រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានរក្សាជំហររបស់ខ្លួនជាផ្លូវការថា គោលការណ៍ទាំងបីរបស់ជប៉ុនស្តីពីការផ្ទេរបរិក្ខារការពារជាតិនិងបច្ចេកវិទ្យាទៅក្រៅប្រទេស បានហាមឃាត់ការនាំចេញអាវុធ លើកលែងតែផលិតផលដែលបានមកពីការអភិវឌ្ឍរួមគ្នា ឬផលិតជាមួយប្រទេសមួយផ្សេងទៀត។

ប្រភពបាននិយាយថា ប្រទេសជប៉ុនអាចនាំចេញបរិក្ខារការពារជាតិដែលបំពាក់ដោយគ្រឿងប្រល័យមនុស្ស ទៅកាន់ប្រទេសដែលខ្លួនសហការលើបញ្ហាសន្តិសុខ ក្នុងគោលបំណងសម្រាប់ការជួយសង្គ្រោះ ការដឹកជញ្ជូន ការត្រៀមខ្លួន ការឃ្លាំមើល ឬការបោសសម្អាតមីន។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ុ ហាម៉ាដា (Yasukazu Hamada) បាននិយាយថា រដ្ឋាភិបាលនឹងសម្រេចថាតើគ្រឿងប្រល័យមនុស្សអាចផ្ទេរចេញទៅក្រៅបាន ដោយផ្អែក"តាមករណីនីមួយៗ"ឬយ៉ាងណា ដោយសារពុំមានការលើកឡើងអំពីបញ្ហាជាក់លាក់នៅក្នុងគោលការណ៍ណែនាំសម្រាប់ការអនុវត្តគោលការណ៍ទាំងបីរបស់ប្រទេសជប៉ុន។

នៅក្នុងខែមេសា គណបក្ស LDP និងគណបក្ស Komeito បានចាប់ផ្តើមកិច្ចពិភាក្សាដែលមានគោលបំណងកែសម្រួលការរឹតត្បិតការនាំចេញអាវុធ អស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។

ខណៈពេលដែល គណបក្ស LDP បានខ្នះខ្នែងបន្ធូរបន្ថយច្បាប់ដើម្បីជំរុញការគាំទ្រប្រទេសអ៊ុយក្រែន, គណបក្ស Komeito មានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរបទប្បញ្ញត្តិទាំងនោះ ដោយសម្តែងក្ដីបារម្ភថា ការលក់អាវុធទៅឱ្យប្រទេសផ្សេងទៀត អាចធ្វើឱ្យជម្លោះប្រដាប់អាវុធកាន់តែធ្ងន់ធ្ងរ និងអាចផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពនិយមនៅសម័យក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។

សូមបញ្ជាក់ថា ចំពោះមុខបទប្បញ្ញត្តិហាមឃាត់ការនាំចេញអាវុធ ប្រទេសជប៉ុនបានផ្តល់ផលិតផលការពារខ្លួនឱ្យប្រទេសអ៊ុយក្រែន ដូចជាអាវក្រោះការពារគ្រាប់កាំភ្លើង និងមួកសុវត្ថិភាពជាដើម រីឯប្រទេសលោកខាងលិច ដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុន បានផ្គត់ផ្គង់បរិក្ខារយោធា រួមទាំងកាំជ្រួច រថក្រោះ និងយន្តហោះចម្បាំង ឱ្យប្រទេសអ៊ុយក្រែន៕




អត្ថបទបន្ទាប់


ជប៉ុននិងអឺរ៉ុបនឹងផ្តល់ព័ត៌មានអំពីការឧបត្ថម្ភធនបន្ទះឈីបឱ្យគ្នា ដើម្បីបង្ការហានិភ័យពីការផ្ដាច់ទំនាក់ទំនងជាមួយចិន

ព័ត៌មាន
ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនឹងផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមកស្តីពីការឧបត្ថម្ភធន និងការគាំទ្រផ្សេងទៀត ដែលពួកគេបានផ្តល់ឱ្យក្រុមហ៊ុនផលិតបន្ទះគ្…

សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជានៅក្នុងទីផ្សារសិង្ហបុរី និងជំរុញឲ្យមន្ត្រីទូតទាំងអស់ត្រូវចេះធ្វើពាណិជ្ជកម្ម

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅចង់ឲ្យអង្ករឆ្ងាញ់របស់កម្ពុជាមានវត្តមាននៅលើទីផ្សារសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងជាអ្នកនាំចូលកស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ