វិស័យធនាគារ

ធនាគារថៃ ខ្នាតយក្ស Krungsri នឹងជួយក្រុមហ៊ុនក្នុងស្រុករាប់រយ ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់


ធនាគារខ្នាតយក្សរបស់ថៃ Krungsri មានផែនការជួយក្រុមហ៊ុនថៃរហូតដល់ទៅរាប់រយក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនមេរបស់ខ្លួន គឺធនាគារយក្សជប៉ុន Mitsubishi UFJ Financial Group (MUFG) និងធនាគារអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដែលគាំទ្រដោយធនាគារ MUFG។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យធនាគារ
ដោយ

ធនាគារថៃ ខ្នាតយក្ស Krungsri និងធនាគារយក្សជប៉ុន MUFG បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១៧ ខែកញ្ញា ជាមួយធនាគារឥណ្ឌូនេស៊ីមាន Bank Danamon ធនាគារហ្វីលីពីន Security Bank និងធនាគារវៀតណាម មាន VietinBank។

សូមបញ្ជាក់ផងដែរថា ធនាគារយក្សជប៉ុន MUFG សុទ្ធតែមានទុនវិនិយោគនៅក្នុងធនាគារទាំង៣ខាងលើនេះ។

ធនាគារទាំងអស់នេះនឹងជួយបណ្ដាក្រុមហ៊ុនថៃ ជ្រៀតចូលទៅកាន់ទីផ្សារថ្មីៗក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចាប់ផ្តើមអាជីវកម្មថ្មីៗនៅទីនោះ។ លើសពីការផ្តល់ហិរញ្ញប្បទាន ធនាគារទាំងនេះ ក៏នឹងផ្ដល់អនុសាសន៍ ឬបង្ហាញផ្លូវទាក់ទិននឹងបញ្ហានិយ័តកម្ម និងការធានាឱ្យពួកគេទទួលបានទីតាំងសម្រាប់ការផលិតផងដែរ។

កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះអាចបង្កើតឱកាសសម្រាប់ធនាគារថៃ Krungsri ជ្រៀតខ្លួនចូលទៅក្នុងបណ្ដាប្រទេសមានសេដ្ឋកិច្ច កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងដាំក្បាលចុះ។

លោក យ៉ាស៊ូស៊ី អ៊ីតាហ្គាគី (Yasushi Itagaki) អនុប្រធានធនាគារយក្សជប៉ុន MUFG បានថ្លែងក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងបាងកកប្រទេសថៃថា ធនាគារជប៉ុន MUFG នឹងបន្តធ្វើជាដៃគូ ដើម្បីជួយបណ្ដាក្រុមហ៊ុនថៃ ឱ្យធ្វើអាជីវកម្មទទួលបានជោគជ័យនៅក្រៅប្រទេស។

លោក ប៊ុនសី អូគូបូ (Bunsei Okubo) ប្រធានផ្នែករបស់ធនាគារសាជីវកម្មជប៉ុន និងពហុជាតិសាសន៍នៅធនាគារថៃ Krungsri បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ធនាគារ Krungsri មានគោលដៅជួយគាំទ្រក្រុមហ៊ុនថៃ រហូតដល់ទៅប្រមាណ១០០ក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសនៅត្រឹមឆ្នាំសារពើពន្ធ២០២៦។

លោកបានបន្ថែមថា ធនាគារ Krungsri នឹងរៀនសូត្រតាមចំណេះជំនាញដែលធនាគារយក្សជប៉ុន MUFG ទទួលបានតាមរយៈការជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនជប៉ុន ក្នុងការពង្រីកទីផ្សារនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ធនាគារថៃ Krungsri ត្រូវបានធនាគារយក្សជប៉ុន MUFG ទិញយកអំឡុងឆ្នាំ២០១៣។ ប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នារបស់ធនាគារ Krungsri បានកើនឡើង៧%ឈានដល់៩៨៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។ ធនាគារ Krungsri មានភាពខ្លាំងផ្នែកផ្ដល់កម្ចីរថយន្ត និងសេវាកម្មធនាគារលក់រាយផ្សេងទៀត ហើយកំពុងធ្វើអាជីវកម្មកាន់តែច្រើនជាមួយអតិថិជនជាក្រុមហ៊ុនសាជីវកម្មថៃ ក៏ដូចជាក្រុមហ៊ុនជប៉ុនផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Guardian កំពុងចរចាលក់កាសែត The Observer ដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក

ព័ត៌មាន
ម្ចាស់កាសែត Guardian បានបញ្ជាក់ថា កាសែតនេះកំពុងពិភាក្សាអំពីការលក់កាសែត Observer ដែលជាកាសែតចេញផ្សាយរៀងរាល់ថ្ងៃអាទិត្យ មានវ័យចំណាស់ជ…

តើវៀតណាមនឹងជ្រើសរើសមហាអំណាចណារវាងចិន និងអាម៉េរិក ដើម្បីអភិវឌ្ឈន៍គម្រោងកសាងខ្សែកាបអុបទិកក្រោមសមុទ្ររបស់ខ្លួន?

ព័ត៌មាន
វៀតណាម មានគម្រោងក្នុងការអភិវឌ្ឈប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន តាមរយៈការកសាងបណ្តាញខ្សែកាបក្រោមសមុទ្រដល់ទៅ១០ខ្សែនៅមុនឆ្នាំ២០៣០។ គម្រោងកសាងបណ្តាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ