គ្រឹះស្ថានហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុរកមិនឃើញមានករណីគ្រឹះស្ថានហិរញ្ញវត្ថុគាបសង្កត់អតិថិជន ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេស


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមានចាត់វិធានការចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ឬបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុណា ដែលអនុវត្តផ្ដល់កម្ចីមិនគោរពតាមវិន័យឥណទានរបស់ខ្លួន។ ការព្រមានបែបនេះធ្វើឡើងក្រោយមានសាររព័ត៌មានបរទេសមួយចំនួនបានចុះផ្សាយពីចំណុចអវិជ្ជមានពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាថា បានអនុវត្តផ្ដល់កម្ចីជូនអតិថិជនមិនស្របតាមវិន័យឥណទាន និងមានការគាបសង្កត់លើអតិថិជន ឬកូនបំណុលដែលគ្មានលទ្ធភាពសងត្រឡប់ រហូតធ្វើឲ្យកូនបំណុលឈានដល់ការធ្វើអត្តឃាតជាដើម។
គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ខ្លួនមិនបានរកឃើញភស្ដុតាងណាមួយបង្ហាញថាមានការគាបសង្កត់ ឬការប្រព្រឹត្តទង្វើអសីលធម៌ណាមួយពីគ្រឹះស្ថានហិរញ្ញវត្ថុ ឬបុគ្គលិកមកលើអតិថិជនរបស់ខ្លួននោះឡើយ។

ការចេញមកអះអាងបែបនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌​មានបរទេសមួយចំនួនកាលពីពេលថ្មីៗ ដែលបានចោទប្រកាន់ថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាកំពុងរងការវាយប្រហារដោយសារការទារប្រាក់កម្ចីដ៏ឃោឃៅពីសំណាក់មន្ត្រីឥណទានមកលើកូនបំណុល រហូតធ្វើឱ្យបំណុលខ្លះត្រូវបង្ខំលក់ដីធ្លី ឬបង្ខំឱ្យកូនទៅធ្វើការទាំងស្ថិតក្នុងវ័យសិក្សា ដើម្បីជួយដោះស្រាយបំណុល និងមានកូនបំណុលខ្លះបានធ្វើអត្តឃាតជាដើម។

យ៉ាងណាក៏ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា ខ្លួននឹងបន្តតាមដានការអនុវត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាសមាជិក ដើម្បីធានាបាននូវការអនុវត្តល្អៗជូនអតិថិជន។

ទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានព្រមានមិនអត់ឱនចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលអនុវត្តផ្តល់កម្ចីដែលគ្មានវិន័យឥណទាន ឬប្រព្រឹត្តិអំពើមិនសមរម្យណាមួយលើអតិថិជន។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ដោយផ្អែកតាមរបាយការណ៍សវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថានពាក់ព័ន្ធថា ករណីការចោទប្រកាន់ខាងលើអាចជាប់ពាក់ព័ន្ធជាមួយបំណុលក្រៅប្រព័ន្ធ បញ្ហាក្នុងគ្រួសារ និងកតា្តធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដោយសារបញ្ហាសេដ្ឋកិច្ច តែរបាយការណ៍នេះមិនបានរកឃើញជាប់ពាក់ព័ន្ធជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ។ ប្រធាននាយកដ្ឋានរូបនេះបន្តថា ជាទូទៅគ្រឹះស្ថានរក្សាភាពវិជ្ជាជីវៈក្នុងការដោះស្រាយបញ្ហាជាមួយអតិថិជន ហើយប្រសិនបើអតិថិជនជួបប្រទះបញ្ហាក្នុងការសងត្រលប់ អតិថិជនអាចស្នើគ្រឹះស្ថានក្នុងការរៀបចំឥណទានឡើងវិញ ដើម្បីបន្ធូរបន្ថយសម្ពាធសាច់ប្រាក់របស់ខ្លួន។ លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងចាត់វិធានការចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ឬបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុណា ដែលអនុវត្តផ្ដល់កម្ចី ដែលគ្មានវិន័យឥណទានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ពិសេសតាមបណ្តាលខេត្ត ឬតាមជនបទ ហើយវិស័យនេះគឺជាសសៃឈាមក្នុងការជួយគាំទ្រជាដើមទុនសម្រាប់វិស័យផ្សេងៗទៀត ក្នុងការពង្រើកអាជីវកម្ម និងផលិតកម្ម។ តែយ៉ាងណាសម្រាប់លោក កាំង តុងងី ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗមួយចំនួន រួមទាំងកង្វះនូវចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមពលរដ្ឋខ្មែរផងដែរ។ ម្យ៉ាងវិញទៀត វិស័យហិរញ្ញវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយវិស័យផ្សេងៗ ដូច្នេះនៅពេលវិស័យផ្សេងៗជួបបញ្ហា ដូចជាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ វិស័យហិរញ្ញវត្ថុក៏រងផលប៉ះពាល់ដោយប្រយោលដូចគ្នា។

យ៉ាងណាក៏ដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិក និងអ្នកពាក់ព័ន្ធកំពុងដោះស្រាយនូវបញ្ហាប្រឈមយ៉ាងសកម្មតាមរយៈគំនិតផ្តួចផ្តើមថ្មីៗ ដូចជាវិធានផ្តល់ឥណទានសម្រាប់គ្រប់គ្រងបំណុលច្រើនលើសលុប ស្តង់ដារកិច្ចសន្យាឥណទាន ដើម្បីបង្កើនតម្លាភាព និងកិច្ចការពារអតិថិជន គម្រោងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអ្នកប្រើប្រាស់តាមកម្រិតមូលដ្ឋាន និងយុទ្ធនាការណ៍លើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនសិង្ហបុរីមួយនឹងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេមួយនៅកម្ពុជា នាចុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនសិង្ហបុរីមួយនឹងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំជាងគេមួយនៅខេត្តកំពង់ធំនៅចុងឆ្នាំនេះ ដែលវានឹងរួមចំណែកជួយធ្វើឱ្យឧស្សាហកម្មកែច្នៃ…

នៅចំពោះមុខវិនិយោគិនអាម៉េរិក លោក ស៊ី ជិនពីង ថា ចិនបើកចំហរប្រទេសជានិច្ចក្នុងការធ្វើជាដៃគូ

ព័ត៌មាន
បន្ទាប់ពីមានជំនួបទល់មុខគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានបង្ហាញពីជំហរចង់ទាក់ទាញ និងបង្កើនការវិនិយោគប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ