តម្លៃទំនិញ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអះអាងថា ស្ថានភាពអតិផរណានៅត្រីមាសទី៣ឆ្នាំនេះ មិនទាន់ដល់កម្រិតត្រូវព្រួយបារម្ភឡើយ


ទិន្នន័យដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា កម្រិតអតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ មានអត្រា ១,៤% ធៀបនឹងត្រីមាសមុន និងមានអត្រា ៣% ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ ជុំវិញស្ថានអតិផរណា ក៏ដូចជាតម្លៃទំនិញលើទីផ្សារនេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអះអាងថា នៅពុំទាន់បង្ហាញសញ្ញាគួរឲ្យបារម្ភ ឬផលប៉ះពាល់ធ្ងន់ធ្ងរលើមុខទំនិញនៅលើទីផ្សារនៅឡើយទេ ដ្បិតកម្រិតអតិផរណានេះ ស្ថិតក្រោមការកំណត់នៃអតិផរណា ៥%។
តម្លៃទំនិញ
ដោយ

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ក្រសួងពាណិជ្ជកម្មតែងតែតាមដានជាប់ជាប្រចាំ និងមានផែនការរួចជាស្រេច ដើម្បីទប់ស្កាត់ការប្រែប្រួលថ្លៃទំនិញនៅលើទីផ្សារ ដែលកើតឡើងដោយសារបញ្ហាជាសកល។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្រិតអតិផរណាដែលត្រូវព្រួយបារម្ភខ្លាំង គឺលុះត្រាតែមានលើសពី៥%។ ជាការកត់សម្គាល់សម្រាប់មន្រ្តីជំនាញរូបនេះ តម្លៃទំនិញនៅលើទីផ្សារបច្ចុប្បន្នពុំបានឡើងថ្លៃព្រមគ្នាគ្រប់មុខទាំងអស់នោះឡើយ ដោយទំនិញខ្លះឡើងថ្លៃអាស្រ័យទៅលើតម្រូវការផ្គត់ផ្គង់ទីផ្សារ និងទំនិញខ្លះទៀត ជាប្រភេទនាំចូល មានការឡើងថ្លៃស្រាប់ ដែលបានរងឥទ្ធិពលអតិផរណាពីទីផ្សារអន្តរជាតិ។

ទោះបីបែបនេះក្ដី មន្រ្តីជាន់ខ្ពស់រូបនេះ បានអះអាងថា ក្រសួងពាណិជ្ជកម្ម មានផែនការសម្រាប់ទប់ស្កាត់លើរាល់មុខទំនិញមួយចំនួនដើម្បីកុំឱ្យកើនលើសកម្រិតអតិផរណាដែលបានកំណត់តាមរយៈការជួយសម្រួលនីតិវិធីដឹកជញ្ជូន និងមធ្យោបាយដោះស្រាយមួយចំនួនទៀតជាដើម។

ឯកឧត្តម ប៉ែន សុវិជាតិជឿជាក់ថា ប្រសិនបើក្នុងពេលខាងមុខស្ថានការណ៍ពិភពលោកបានធូស្រាលមិនមានវិវាទអ្វីកើតឡើង នោះការនាំចូលទំនិញមួយចំនួនមកលក់នៅលើទីផ្សាររបស់កម្ពុជា ក៏មានតម្លៃស្ថិតក្នុងកម្រិតសមរម្យ ហើយសន្ទស្សន៍នៃអតិផរណាក៏មិនមានអ្វីវែងឆ្ងាយទៀតដែរ លើកលែងតែអតិផរ​ណាពិភពលោកកើនឡើងខ្ពស់ ដោយសារការដំឡើងអត្រាការប្រាក់ និងបញ្ហាផ្សេងៗទៀត នោះចង់ឬមិនចង់វានឹងជះឥទ្ធិពលមួយចំនួនដល់កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ មានអត្រា ១,៤% ធៀបនឹងត្រីមាសមុន និង មានអត្រា ៣% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២ ដោយសារការកើនឡើង នៃសន្ទស្សន៍ថ្លៃទំនិញសឹងគ្រប់មុខ ជាពិសេសសន្ទស្សន៍ថ្លៃម្ហូបអាហារ, សន្ទស្សន៍ថ្លៃភោជនីយដ្ឋាន, សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ននិងឥន្ធនៈដទៃទៀត។ ទន្ទឹមនេះ អត្រាប្តូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤១៣២,៦ រៀល/ដុល្លារ អាម៉េរិក បានកើនឡើង ០,៧% ធៀបនឹងត្រីមាសមុន និងបានកើនឡើង ០,៨% ធៀបនឹងត្រីមាសដូចគ្នា ឆ្នាំ២០២២៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគចិន នៅវៀតណាម កើនឡើងខ្លាំង ខណៈអាម៉េរិកធ្លាក់ចុះ ចំពេលលោក ស៊ី ជិនពីង គ្រោងទៅហាណូយសប្តាហ៍ក្រោយ

ព័ត៌មាន
ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគរបស់ចិន នៅវៀតណាម បានកើនឡើងនៅឆ្នាំនេះ ផ្ទុយពីការធ្លាក់ចុះនៃការចំណាយ និងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំប្រជុំការងារផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តី ដើម្បីពង្រឹងប្រសិទ្ធភាពការងារទីស្តីការគណៈរដ្ឋមន្រ្តី

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ