ក្រសួងឧស្សាហកម្ម

ក្រសួងឧស្សាហកម្មប្រើគោលនយោបាយយកអំបិលចិញ្ចឹមអំបិល ដើម្បីអភិរក្សការផលិតនៅកម្ពុជា


ក្រោយមើលឃើញដីស្រែអំបិល និងចំនួនអ្នកផលិតអំបិលនៅកម្ពុជាចេះមានតែមានការថយចុះពី១ឆ្នាំទៅ១ឆ្នាំ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ចេញគោលនយោបាយមួយ គឺយកអំបិលចិញ្ចឹមអំបិល ដើម្បីអភិរក្សដីស្រែអំបិល និងការផលិតអំបិលនៅកម្ពុជា។ តាមរយៈគោលនយោបាយដែលទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលនេះ អ្នកផលិតអំបិលអាចកែប្រែ ឬយកដីស្រែអំបិលរបស់ខ្លួនចំនួន១៦%ទៅបង្កើតជាតំបន់ទេសចរណ៍ ឬជួលឱ្យគេអភិវឌ្ឍន៍ ដើម្បីយកលុយមកផ្គត់ផ្គង់ការចំណាយលើការផលិតអំបិលរបស់ខ្លួន។
ក្រសួងឧស្សាហកម្ម ប្រើគោលនយោបាយយកអំបិលចិញ្ចឹមអំបិល
ដោយ

នាពិធីតែងតាំងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបនៅព្រឹកថ្ងៃទី៧ កក្កដា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញពីការព្រួយបារម្ភចំពោះការថយចុះចំនួនដីស្រែអំបិល និងអ្នកផលិតអំបិលនៅប៉ុន្មានឆ្នាំចុងក្រោយ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ការផលិតអំបិលនៅកម្ពុជា។ ការធ្លាក់ចុះចំនួនដីស្រែអំបិល និងអ្នកផលិតអំបិលនេះ ត្រូវបានថ្នាក់ដឹកនាំរូបនេះវាយតម្លៃថា គឺដោយសារកង្វះកម្លាំងពលកម្ម ក្រោយកម្មករផលិតអំបិលមួយចំនួនបានផ្លាស់ប្តូរការងារ គួបផ្សំកង្វះអ្នកស្នងក្នុងផលិតកម្មហាលថ្ងៃមួយនេះ ដោយសារអ្នកផលិតអំបិលភាគច្រើនមានវ័យចាស់ជរា។

ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកជួយអភិរក្សដីស្រែអំបិល និងចំនួនអ្នកផលិតអំបិលនៅកម្ពុជា ក្រសួងឧស្សាហកម្មបានដាក់ចេញគោលនយោបាយមួយ គឺយកអំបិលចិញ្ចឹមអំបិល ហើយគោលនយោបាយនេះក៏ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលរួចហើយផងដែរ។ បើតាមការពន្យល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តាមរយៈគោលនយោបាយនេះអនុញ្ញាតឲ្យអ្នកផលិតអំបិលអាចអាចកែប្រែដីស្រែអំបិលរបស់ខ្លួនចំនួន១៦%ទៅបង្កើតជារមណីយដ្ឋានទេសចរណ៍ ឬជួលឱ្យគេ ដើម្បីយកលុយមកផ្គត់ផ្គង់ការចំណាយលើការផលិតអំបិលរបស់ខ្លួន។ ការធ្វើបែបនេះមិនត្រឹមតែជួយអភិរក្សដីស្រែ ឬការផលិតអំបិលប៉ុណ្ណោះទេ ថែមទាំងជួយរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តកែប និងកំពតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជឿជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនបានដាក់ចេញគោលនយោបាយបែបនេះទេ នោះដីស្រែអំបិល និងការផលិតអំបិលនៅកម្ពុជាអាចនឹងត្រូវបាត់បង់ ដោយសារអ្នកផលិតយកដីស្រែទាំងនោះទៅលក់ ឬកែប្រែអភិវឌ្ឍន៍ធ្វើអ្វីផ្សេង។ ដូច្នេះតាមរយៈគោលនយោបាយខាងលើ យ៉ាងហោចណាស់មានដីស្រែអំបិលប្រមាណ៨០%ក្នុងម្ចាស់ដីស្រែម្នាក់ ដែលត្រូវនៅសល់សម្រាប់ផលិតអំបិលផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ឯកឧត្តម ចម ប្រសិទ្ធ ជំរុញឲ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធចូលរួមអនុវត្តគោលនយោបាយនេះឲ្យបានត្រឹមត្រូវ។

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងឧស្សាហកម្មកំពុងដាក់សំណើរសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចំណាយលើការវាស់វែង និងកំណត់ប្រភេទស្រែអំបិល ដើម្បីសម្រួលដល់ការអនុវត្តន៍គោលនយោបាយយកអំបិលចិញ្ចឹមអំបិល។ លោកបានឲ្យដឹងថាមកទល់ពេលនេះកម្ពុជាផលិតបានជាង៨ម៉ឺនតោនហើយ ហើយកម្ពុជាពុំមានផែនការនាំចូលអំបិលពីក្រៅប្រទេសនោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតអំបិលសរុបចំនួន៤ពាន់៥៧៧ហិកតា ដែលអាចផលិតអំបិលបានជាង៩ម៉ឺនតោនក្នុង១ឆ្នាំ ប្រសិនបើផលិតពេញសមត្ថភាព និងអាកាសអំណោយផល។ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី៩ម៉ឺនទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈមកទល់ពេលនេះ កម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោនហើយ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើឲ្យឧស្សាហកម្មផ្សេងៗ៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំខេត្តព្រះសីហនុចង់អភិវឌ្ឍកំពង់ផែទេសចរណ៍ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ ឱ្យក្លាយជាកំពង់ផែអន្តរជាតិ

ព័ត៌មាន
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែទេសចរណ៍ដំបូងគេដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំចំនួន២០គ្រឿងក្នុងពេលតែមួយ និងជាកំពង់ផ…

អាមេរិកបានជំទាស់នឹងការរឹតត្បិតការនាំចេញលោហធាតុវត្ថុធាតុដើមរបស់ចិន ហើយថា នឹងពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនពីបញ្ហានេះ

ព័ត៌មាន
សហរដ្ឋអាមេរិកបាន«ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះការរឹតត្បិតការនាំចេញរបស់ប្រទេសចិនលើផលិតផលរ៉ែហ្គាលីយ៉ូម និងរ៉ែហ្គ្រេម៉ាញ៉ូម (germanium) ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ