ប្រទេសចិន

សភាចិនអនុម័តច្បាប់ទំនាក់ទំនងការបរទេសថ្មី ក្នុងគោលបំណងប្រឆាំងនឹងទណ្ឌកម្ម និងបម្រើផលប្រយោជន៍ជាតិ


បទបញ្ញត្តិនានាក្នុងគោលបំណងចាត់វិធានការឆ្លើយតបទៅនឹងអ្វីដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព សន្តិសុខជាតិ និងការរីកចម្រើនរបស់ចិន ជាពិសេសទប់ទល់នឹងទណ្ឌកម្ម និងដាក់ទណ្ឌកម្មតបវិញ ចំពោះសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត មានចែងក្នុងច្បាប់ថ្មីស្តីពីទំនាក់ទំនងការបរទេសរបស់ប្រទេសចិន។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាននីកេអេស៊ា។
សភាចិនអនុម័តច្បាប់ទំនាក់ទំនងការបរទេសថ្មី ក្នុងគោលបំណងប្រឆាំងនឹងទណ្ឌកម្ម និងបម្រើផលប្រយោជន៍ជាតិ

ការអនុម័តច្បាប់ថ្មីស្ដីពីទំនាក់ទំនងការបរទេសរបស់ប្រទេសចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធដោយគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិចិន ហើយនឹងចូលជាធរមាននៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា។ វាផ្តល់«មូលដ្ឋានច្បាប់»សម្រាប់ប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ នេះបើតាមការសរសេររបស់លោក វ៉ាង យី អ្នកការទូតកំពូលចិន នៅក្នុងសារព័ត៌មាន ភីភលដេលី (People’s Daily) ដែលជារបស់បក្សកុម្មុយនីស្ត។
ច្បាប់ថ្មីស្ដីពីទំនាក់ទំនងបរទេសគូសបញ្ជាក់ពីគោលការណ៍គ្រឹះនៃការទូតរបស់ប្រទេសចិន ហើយវាក៏បង្ហាញពីគោលដៅដែលបានចែង រួមមានការការពារអធិបតេយ្យភាព និងការធ្វើឱ្យប្រទេសមានភាពរស់រវើកឡើងវិញ។ មាត្រា ៣៣ ចែងអំពីសិទ្ធិរបស់ប្រទេសចិនក្នុងការចាត់វិធានការប្រឆាំង ឬចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព សន្តិសុខជាតិ និងផលប្រយោជន៍ផ្នែកអភិវឌ្ឍន៍។ ច្បាប់នេះអាចរាប់បញ្ចូលទាំងការរឹតបន្តឹងការនាំចេញដែលទាក់ទងនឹងបន្ទះគ្រឿងអេឡិចត្រូនិកទំនើប ដែលដាក់ចេញដោយសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀតផងដែរ។
កាលពីខែមិថុនា ឆ្នាំ២០២១ ចិនបានអនុម័តច្បាប់ដាច់ដោយឡែកមួយ ដើម្បីប្រឆាំងនឹងទណ្ឌកម្មបរទេស។ វាបានក្លាយជាមូលដ្ឋានសម្រាប់ការដាក់ពិន័យលើក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិក (Lockheed Martin) និងក្រុមហ៊ុនបច្ចេកវិទ្យា រ៉ាយធីអន (Raytheon) នៅពេលក្រោយមក ចំពោះការផ្គត់ផ្គង់អាវុធឱ្យកោះតៃវ៉ាន់។ រីឯច្បាប់ស្តីពីទំនាក់ទំនងការបរទេសត្រូវបានអនុម័តឡើង នៅពេលដែលប្រទេសចិនកំពុងបង្កើនកិច្ចខិតខំវាយបកប្រឆាំងនឹងការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក។ កាលពីខែឧសភា ទីក្រុងប៉េកាំងបានហាមឃាត់ក្រុមហ៊ុនបន្ទះគ្រឿងអេឡិចត្រូនិករបស់សហរដ្ឋអាមេរិក Micron មិនឱ្យពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗនៅក្នុងប្រទេសចិន។
ច្បាប់ថ្មីនេះធ្វើឲ្យថ្នាក់ដឹកនាំគណបក្ស មិនមែនរដ្ឋាភិបាលទេ ទទួលខុសត្រូវចំពោះការដឹកនាំនយោបាយការបរទេស។ បើតាមច្បាប់នេះ ប្រធានាធិបតីចិនអនុវត្តអំណាចទាក់ទងនឹងទំនាក់ទំនងការបរទេស តាមរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត។ ច្បាប់នេះក៏តម្រូវឱ្យគ្រប់ស្ថាប័ន និងបុគ្គលទាំងអស់លើកស្ទួយផលប្រយោជន៍ចិននៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយអ្នកណាមួយប្រព្រឹត្តអំពើដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ចិន នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
លើសពីនោះ ច្បាប់ស្ដីពីទំនាក់ទំនងការបរទេសក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះការបើកចំហរកម្រិតខ្ពស់ រួមទាំងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងការលើកស្ទួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ។ ច្បាប់ថ្មីនេះអំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ផ្ដើមអនុវត្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណចំនួន ១០ ពាន់លានដុល្លារឡើងវិញ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នាថានឹងបន្តកិច្ចព្រមព្រៀងដោះដូររ…

អ្នកជំនាញជឿថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញលឿន បើបញ្ហាពិភពលោកធំៗពីរត្រូវបានដោះស្រាយ

ព័ត៌មាន
មកទល់ពេលនេះបញ្ហាសេដ្ឋកិច្ចពិភពលោកមិនទាន់មានសញ្ហាណាមួយបង្ហាញថា អាចវិលមកស្ថានភាពល្អប្រសើរដូចមិនទាន់មានជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ