មៀនប៉ៃលិន

ក្រុមអ្នកដាំមៀនប៉ៃលិនមិនមានក្ដីរំពឹងថាភាគីថៃបើកឲ្យនាំចូលមៀនប៉ៃលិនវិញនោះទេ!


ការបិទការនាំចូលផ្លែមៀនពីថៃ ទៅប្រទេសចិន កាលពីពេលថ្មីៗកន្លងមកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទីផ្សារមៀនប៉ៃលិន ឬតាង៉ែន របស់កសិករខ្មែរ។ ប៉ុន្តែ ចាប់ពីថ្ងៃទី១៧ ខែសីហា តទៅ ប្រទេសចិន បានអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញផ្លែមៀនថៃចំនួន៥៦អាចនាំចេញមៀនទៅកាន់ទីផ្សារចិនឡើងវិញ បន្ទាប់ពីមានការពិភាក្សាគ្នា រវាងភាគីទាំងពីរ។ តើការបើកឱ្យមានការនាំចូលផ្លែមៀនពីថៃ ទៅប្រទេសចិនវិញ អាចឱ្យកម្ពុជា នាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារថៃវិញ ឬយ៉ាងណា?
ផលដាំំណាំមៀននៅក្នុងខេត្តប៉ៃលិន

លោក សារ ចំរើន ប្រធាន​សហគមន៍​មៀន​ប៉ៃលិន នៅ​តែ​មាន​ក្ដី​កង្វល់ ពាក់ព័ន្ធ​បញ្ហា​កកស្ទះ​ផ្លែ​មៀន​ប៉ៃលិន ក្នុង​សហគមន៍​របស់​លោក​។ លោក សារ ចំរើន មិន​រំពឹង​ខ្ពស់​នោះ​ទេ ថា កម្ពុជា នឹង​អាច​នាំ​ចូល​មៀន​ប៉ៃលិន ទៅ​ប្រទេស​ថៃ វិញ បើ​ទោះបី​ពេល​នេះ ចិន​អនុញ្ញាត​ឱ្យ​ថៃ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​កាន់​ទីផ្សារ​ចិន​វិញ​ក៏​ដោយ​។

បើ​តាម​ប្រធាន​សហគមន៍​មៀន​ប៉ៃលិន​រូប​នេះ ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​ទីផ្សារ​ប្រទេស​ថៃ ត្រូវការ​ពេលវេលា និង​ឯកសារ​ពាក់ព័ន្ធ​ច្រើន ទោះបី ពេល​នេះ​ចិន អនុញ្ញាត​ឱ្យ​ថៃ នាំ​ចូល​មៀន​ឡើង​វិញ ក៏​ខាង​កម្ពុជា​មិន​រំពឹង​ខ្ពស់​ដែរ​ថា អាច​នាំ​ចូល​ផ្លែ​មៀន​ប៉ៃលិន ទៅ​ថៃ​បាន​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង ក៏​មានការ​យល់​ឃើញ មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ពី​លោក សារ ចំរើន ប្រធាន​សហគមន៍​មៀន​ប៉ៃលិន​។ ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ បាន​លើក​ឡើង​ថា ស្ថានភាព​នៅ​ប្រទេស​ថៃ ពេល​នេះ​កំពុង​មាន​ភាព​វឹកវរ​ខ្លាំង ដូច្នេះ កម្ពុជា មិន​រំពឹង​ថា នឹង​អាច​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​ថៃ នៅ​ពេល​ណា​នោះ​ទេ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ដើមខែ​សីហា​មក ផ្លែ​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន របស់​កសិករ​ខ្មែរ បាន​ជួប​បញ្ហា​ទីផ្សារ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​មិន​អាច​នាំ​ចូល​ផ្លែ​មៀន​ប៉ៃលិន ទៅ​កាន់​ប្រទេស​ថៃ​។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​ផ្លែ​មៀន​ប៉ៃលិន របស់​កសិករ​ខ្មែរ ប្រកប​របរ​ដាំ​ដុះ​មៀន​ប៉ៃលិន នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ធ្លាក់​ថ្លៃ និង​កកស្ទះ​ជា​ច្រើន​តោន​។ 

បន្ទាប់​ពី​មើលឃើញ​មៀន​ចាល់​នៅ​លើ​ទីផ្សារ និង​សល់​ទុំ​នៅ​ចម្ការ​មិន​មាន​ទីផ្សារ​នាំ​ចេញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​ៗ​នេះ បាន​សម្រេច​បញ្ជា​ឲ្យ​ប្រមូល​ទិញ​មៀន​ពី​ប្រជា​កសិករ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះ​ទីផ្សារ​។

យ៉ាងណា​ក៏​ដោយ យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន របស់​រដ្ឋាភិបាល​កម្ពុជា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​ដោះស្រាយ​បញ្ហា​ជូន​កសិករ មួយ​រយៈពេល​ខ្លី ប៉ុណ្ណោះ​។ ដំណោះស្រាយ​ដ៏​ប្រសើរ​ជាង​នេះ​ទៀត គឺ​ខាង​សមា​ហ​គម​ន៍​មៀន​ប៉ៃលិន​បានឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន ច្បាប់​នៃ​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ប្រទេស​វៀតណាម ឬ​ប្រទេស​ចិន ទើប​អាច​ជួយ​ស្រោចស្រង់​ទីផ្សារ​មៀន​ប៉ៃលិន​បាន​កាន់តែ​ប្រសើរ​។ ទោះ​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ទាំង​ប្រទេស​វៀតណាម ក៏​ដូច​ជា​ប្រទេស​ចិន នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ ជាមួយ​កម្ពុជា​នោះ​ទេ ពាក់ព័ន្ធ​បញ្ហា​ទីផ្សារ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​នេះ​។

សូម​បញ្ជាក់​ថា សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចាប់ផ្ដើម​យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ពី​កសិករ ដែល​ជួប​បញ្ហា​កកស្ទះ នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​។ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​កម្ពុជា រដ្ឋ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន តែ​ពី​កសិករ ប៉ុណ្ណោះ ចំពោះ​ចម្ការ​ធំ​ៗ រដ្ឋ​មិន​ប្រមូល​ទិញ​នោះ​ទេ ដូច្នេះ​បញ្ហា​ទីផ្សារ នៅ​ជា​បញ្ហា​របស់​អ្នក​ប្រកប​របរ​នេះ​។ ក្នុង​ថ្ងៃ​ដំបូង នៃ​យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ ក្រុមការងារ​ទទួល​បន្ទុក​ការ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន បាន​ប្រមូល​ទិញ​ផ្លែ​មៀន​ចំនួន ៧៥​តោន ពី​កសិករ​ខេត្តបាត់ដំបង​។

វិបត្តិ​កូ​វី​ដ​-១៩ មិន​ត្រឹម​ធ្វើ​ឱ្យ​ផ្លែ​មៀន​ប៉ៃលិន ខ្វះ​ទីផ្សារ​នោះ​ទេ តម្លៃ​ក៏​ធ្លាក់​ចុះ​ផង​ដែរ​។ ជា​មធ្យម បច្ចុប្បន្ន តម្លៃ​មៀន​ប៉ៃលិន អាច​លក់​បាន​ត្រឹម ២៥០០​រៀល ទៅ ៣៥០០​រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជានឹងចំណាយប៉ុន្មាននៅឆ្នាំ២០២១ ដើម្បីប្រយុទ្ធទប់ទល់នឹងកូវិដ-១៩ ហើយឆ្នាំក្រោយត្រៀមប៉ុន្មានបន្ថែមទៀត?

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងឆ្នាំ២០២១នេះ ទំហំនៃថវិកាចំណាយអន្តរា…

ធនាគារ ជីប ម៉ុង បន្ដបង្កើនដើមទុនចុះបញ្ជីដល់ ១០៥លានដុល្លារ ទោះស្ថិតក្នុងស្ថានភាពកូវីដ១៩រាតត្បាត

ព័ត៌មាន
ទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជាក៏ដូចជាពិភពលោកយ៉ាងណាក្ដី ប៉ុន្ដែ ធនាគារ ជីបម៉ុង ដែលទើបតែមានប្រតិបត្តិការជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ