ទុរេនកំពត

បាតុភូតអែលនីណូទាញទម្លាក់ទិន្នផលទុរេនកំពត ឱ្យធ្លាក់ចុះ ស្របពេលតម្លៃទូរេនក៏ធ្លាក់ចុះនៅឆ្នាំនេះ


ដំណាំទុរេនកំពត កំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ដែលបានបង្កឱ្យមានការខូចខាតដល់ការដាំដុះរបស់ប្រជាពលរដ្ឋជាច្រើន ពោលគឺមានផ្លែទុរេនជាច្រើនបានប្រេះ និងជ្រុះមុនពេលប្រមូលផល និងមិនសូវអាចធំធាត់ល្អ ដោយសារអាកាសធាតុក្តៅ និងកង្វះខាតទឹកស្រោចស្រប់។ ក្រុមអ្នកជំនាញ និងអ្នកដំាំដុះដំណាំទុរេនកំពតជឿជាក់ថា តាមរយៈការគំរាមកំហែងនេះ វានឹងធ្វើឱ្យទិន្នផលទុរេនកំពតនៅឆ្នាំនេះនឹងធ្លាក់ចុះយ៉ាងគំហុក។
ទុរេនកំពត
ដោយ

ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនធំមួយនៅខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ការដាំដុះដំណាំទុរេនកំពត របស់ប្រជាកសិករនៅឆ្នាំនេះ ហាក់ជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជាការកើតមាននូវជំងឺផ្សេងៗ ដែលត្រូវការថែទាំឱ្យបានដិតដល់ និងជាពិសេស គឺផលប៉ះពាល់ដោយសារការគំរាមកំហែងពីបាតុភូតអែលនីណូ បានធ្វើឱ្យអាកាសធាតុក្តៅខ្លាំង និងខ្វះខាតទឹកសម្រាប់ស្រោចស្រព ដែលធ្វើឱ្យផ្លែទុរេនមិនអាចរីកធំធាត់បានល្អ និងមានការប្រេះ ឬជ្រុះមុនពេលប្រមូលផលជាដើម។ បើតាមអ្នកជំនាញរូបនេះ បញ្ហាទាំងនេះ ​កំពុងជះឥទ្ធិពលដល់គ្រប់ប្រជាកសិករដាំទុរេនទាំងអស់នៅក្នុងខេត្តកំពត ហើយវានឹងអាចទាញទម្លាក់ទិន្នផលទុរេនរបស់ពួកគាត់នៅឆ្នាំនេះឱ្យធ្លាក់ចុះយ៉ាងគំហុកផងដែរ បើទោះបីជាមានការបង្កើនការដាំដុះបន្ថែមយ៉ាងណាក្តី។

​ជាមួយគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា បានឱ្យដឹងដែរថា មកទល់ពេលនេះដំណាំទុរេនរបស់ប្រជាកសិករនៅខេត្តកំពត បានប្រមូលផលជាបណ្តើរៗហើយ ប៉ុន្តែសម្រាប់តម្លៃទុរេនកំពត នៅដើមរដូវ ដែលតែងតែមានតម្លៃខ្ពស់នាពេលកន្លងមកនោះ នៅឆ្នាំនេះហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺបច្ចុប្បន្នអាចលក់បានក្នុងរង្វង់ជាង១ម៉ឺនរៀល ទៅជិត២ម៉ឺនរៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ទៅតាមគុណភាព និងប្រភេទនីមួយៗ ខណៈកាលពីឆ្នាំមុន គឺអាចលក់បានក្នុងតម្លៃជាង២ម៉ឺនរៀល ក្នុង១គីឡូក្រាមឯណោះ។ ការធ្លាក់ថ្លៃនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារតែឥទ្ធិពលនៃទុរេននាំចូលពីខាងក្រៅច្រើន ដែលមានតម្លៃទាបជាងទុរេនក្នុងស្រុក។

​មិនខុសគ្នានោះទេ លោក អ៊ួន ជាងម៉េង ប្រធានសហគមន៍ដំណាំទុរេនទឹកឈូ បានអះអាងថា ការដាំដុះទុរេនកំពតរបស់ប្រជាកសិករនៅឆ្នាំនេះ ពិតជាបានជួបប្រទះនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរប្រាកដមែន ដែលបានធ្វើឱ្យទិន្នផលទុរេនឆ្នាំនេះធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងឆ្នាំមុន ហើយដើមទុរេនខ្លះ ក៏បានងាប់ទៅវិញផងដែរ ដោយសារមានភាពរាំងស្ងួតរយៈពេលវែង។

​សូមបញ្ជាក់ថា តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ ផ្ទៃដីដាំដុះទុរេននៅក្នុងខេត្តកំពត មានចំនួនប្រមាណជាង១ពាន់៧រយហិចតា ដែលជាមធ្យមអាចប្រមូលផលបានប្រមាណ១៥តោនក្នុងមួយហិចតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រំហូរផលិតផលពីបរទេសមានតម្លៃថោកៗ កំពុងបង្កជាក្តីបារម្ភដល់វិស័យ SME របស់កម្ពុជា

ព័ត៌មាន
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះហាងលក់ទំនិញនាំចូលពីបរទេសក្នុងតម្លៃថោកៗនៅកម្ពុជា បានរីកដុះដាលគួរឱ្យកត់សម្គាល់។ ការហូរចូលទំនិញមានតម្…

បណ្ដាក្រុមហ៊ុនចិន កាន់តែពិបាកទូទាត់ទំនិញជាមួយរុស្ស៊ី ខណៈធនាគារចិនធំៗដកខ្លួនចេញដោយសារខ្លាចទណ្ឌកម្មរបស់អាម៉េរិក

ព័ត៌មាន
ពេលនេះក្រុមហ៊ុនជាច្រើននៅប្រទេសចិន កំពុងជួបការលំបាកកាន់តែខ្លាំងឡើងក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសរុស្ស៊ី និងទូទាត់ទំនិញជាមួយប្រទេសនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ