ថាមពលឥន្ធនៈ

EU នឹងស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា ចិនបានលក់ជីវឥន្ធនៈបង្ខូចតម្លៃក្នុងទីផ្សារអឺរ៉ុប


សហភាពអឺរ៉ុបបានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះថា ខ្លួននឹងចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញការលក់បង្ខូចតម្លៃលើជីវឥន្ធនៈនាំចូលពីប្រទេសចិន ដែលឧស្សាហកម្មរបស់សហភាពអឺរ៉ុបអះអាងថា បានជំរុញឱ្យផលិតកម្មក្នុងស្រុកដាំក្បាលចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ថាមពលឥន្ធនៈ
ដោយ

កាលពីខែសីហា ឆ្នាំនេះ សហភាពអឺរ៉ុប បានចាប់ផ្តើមបើកការស៊ើបអង្កេតថា តើជីវឥន្ធនៈ ដែលនាំចូលពីប្រទេសឥណ្ឌូនេស៊ី កំពុងគេចពន្ធរបស់សហភាពអឺរ៉ុប តាមរយៈការឆ្លងកាត់ប្រទេសចិន និងអង់គ្លេស ឬយ៉ាងណា។ ការស៊ើបអង្កេតចុងក្រោយបង្អស់បន្ទាប់ពីមានបណ្ដឹងពីស្ថាប័នក្រុមប្រឹក្សាជីវឥន្ធនៈអឺរ៉ុប (EBB) បានធ្វើឡើងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ការស៊ើបអង្កេតនេះនឹងប្រើពេលរហូតដល់១៤ខែ ជាមួយនឹងក្ដីរំពឹងថា នឹងមានការកំណត់ពន្ធបណ្ដោះអាសន្នក្នុងរយៈពេល៨ខែ។

គណៈកម្មការអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ថា បណ្ដាក្រុមហ៊ុនផលិតរបស់សហភាពអឺរ៉ុប បានដាក់ជូនភ័ស្តុតាងបង្ហាញពីការនាំចូលជីវឥន្ធនៈពីប្រទេសចិនចូលមកសហភាពអឺរ៉ុប ក្នុងតម្លៃទាបខ្លាំង ហើយអះអាងថា ការនាំចូលទាំងនេះកំពុងជះផលប៉ះពាល់ដល់ឧស្សាហកម្មរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគេមិនអាចប្រកួតប្រជែងជាមួយនឹងតម្លៃទាបបែបនេះបាន។ ភ្លាមៗនោះបេសកជនចិនប្រចាំសហភាពអឺរ៉ុប និងសភាពាណិជ្ជកម្មចិនមិនបានឆ្លើយតបចំពោះសំណើសុំការបំភ្លឺទាក់ទិនបញ្ហានេះទេ។

ស្ថាប័នក្រុមប្រឹក្សាជីវឥន្ធនៈអឺរ៉ុប (EBB) បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ប្រទេសចិន បានក្លាយជាអ្នកនាំចេញជីវឥន្ធនៈធំបំផុតមកកាន់សហភាពអឺរ៉ុប ដែលមាន២៧ប្រទេសជាសមាជិកក្នុងឆ្នាំ២០២៣។ ស្ថាប័ននេះកត់សម្គាល់ឃើញថា នៅឆ្នាំ២០២៣ ទំនិញនាំចូលដែលលក់បង្ខូចតម្លៃរបស់ចិនបានរុញច្រានឱ្យទីផ្សារដួលរលំ ហើយទីតាំងផលិតកម្មនានាបានបិទទ្វារនៅក្នុងរដ្ឋជាសមាជិកមួយចំនួន។

ជីវឥន្ធនៈស្ថិតក្នុងចំណោមឥន្ធនៈ ដែលត្រូវបានលើកកម្ពស់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូននៅក្នុងការដឹកជញ្ជូន។ ឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដែលគណៈកម្មការអឺរ៉ុបអះអាងថា មានទំហំរហូតដល់ទៅ៣៤ពាន់លានដុល្លារនេះ បានក្លាយជាប្រធានបទនៃជម្លោះ ដែលកើតឡើងជាញឹកញាប់ជាមួយបណ្ដាដៃគូពាណិជ្ជកម្ម។

នៅក្នុងជម្លោះពាណិជ្ជកម្មដាច់ដោយឡែកជាមួយក្រុងប៉េកាំង គណៈកម្មការអឺរ៉ុប បានបើកការស៊ើបអង្កេតកាលពីខែកញ្ញា ឆ្នាំនេះ លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដែលខ្លួនអះអាងថា កំពុងទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន។ មហាយក្សចិនបានរិះគន់ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបនេះ ដោយចាត់ទុកការស៊ើបអង្កេតនេះថា ជាទង្វើគាំពារនិយមយ៉ាងច្បាស់ក្រឡែត​៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកូរ៉េខាងត្បូង សន្យាផ្ដល់ប្រាក់១.៥ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច ចំពេលមានការជំរុញឱ្យចែករំលែកប្រាក់ចំណេញ

ព័ត៌មាន
ធនាគារពាណិជ្ជមួយចំនួននៅប្រទេសកូរ៉េខាងត្បូង បានសន្យាផ្ដល់មូលនិធិ ចំនួនជាង១.៥ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូច ចំពេលមាន…

ជប៉ុនទាក់ទាញភ្ញៀវទេសចរបរទេសបានជាង២២លាននាក់នៅ១១ខែឆ្នាំនេះ

ព័ត៌មាន
ភ្ញៀវទេសចរបរទេសដែលបានដំណើរកម្សាន្តមកកាន់ប្រទេសជប៉ុន អំឡុងពីខែមករា ដល់ខែវិច្ឆិកា មានចំនួនជាង២២លាននាក់។ ផ្អែកតាមកំណើននេះគេព្យាករថា នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ