វិស័យ SME

សិប្បកម្មផលិតទឹកម្នាស់និងស្រាម្នាស់មួយនៅខេត្តស្ទឹងត្រែង ត្រូវការទុន៥០ម៉ឺនដុល្លារពង្រីកផលិតភាព បំពេញតម្រូវការទីផ្សារ


ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំដុះ និងកែច្នៃម្នាស់ទឹកឃ្មុំដ៏ធំមួយនៅខេត្តស្ទឹងត្រែង បានអះអាងថា មកទល់ពេលនេះទោះបីសិប្បកម្មកែច្នៃទឹកម្នាស់ និងស្រាម្នាស់បានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការក្តី ប៉ុន្តែនៅតែមិនទាន់អាចផលិតឱ្យគ្រប់តាមតម្រូវការទីផ្សារនោះទេ ដ្បិតថា បញ្ហាកង្វះដើមទុននៅតែជាបញ្ហាប្រឈមសម្រាប់ការផលិតរបស់សិប្បកម្ម។
វិស័យ SME
ដោយ

បើតាមការអះអាងរបស់ម្ចាស់សិប្បកម្មរូបនេះ សិប្បកម្មនេះត្រូវការដើមទុនប្រមាណ៥០ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ពង្រីកការដាំដុះម្នាស់ទឹកឃ្មុំ ដើម្បីយកមកកែច្នៃជាទឹកម្នាស់ និងស្រាម្នាស់សម្រាប់បំពេញតម្រូវការទីផ្សារ។ យ៉ាងណាមិញម្ចាស់កសិដ្ឋានរូបនេះស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុជួយសម្របសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌកម្ចីមួយចំនួន ដើម្បីអាចឱ្យខ្លួនមានលទ្ធភាពទទួលបានដើមទុនសម្រាប់ពង្រីកផលិតភាពបន្ថែមទៀត។

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ ផាយនេបផល ដែលមានទីតាំងនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឱ្យដឹងថា មកទល់ពេលនេះ ទីផ្សារម្នាស់ទឹកឃ្មុំ ជាពិសេសទឹកម្នាស់ និងស្រាម្នាស់របស់សិប្បកម្មលោកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ។ តែយ៉ាងណាម្ចាស់កសិដ្ឋានរូបនេះអះអាងថា បច្ចុប្បន្នខ្សែច្រវាក់ផលិតកម្មផលិតទឹកម្នាស់ទឹកឃ្មុំ និងស្រាម្នាស់ទឹកឃ្មុំរបស់សិប្បកម្មលោកមិនទាន់អាចផលិតផលិតផលឱ្យឆ្លើយតបតាមតម្រូវការទីផ្សារនៅឡើយទេ ដ្បិតតម្រូវការមានទំហំធំជាងសមត្ថភាពផ្គត់ផ្គង់។

បើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានរូបនេះ បច្ចុប្បន្នសិប្បកម្មរបស់លោកអាចផលិតស្រាម្នាស់បានប្រមាណជាង៥ម៉ឺនដប និងទឹកម្នាស់បានប្រមាណ៤ម៉ឺនដបប៉ុណ្ណោះ។

សម្រាប់ម្ចាស់សិប្បកម្មរូបនេះ ចំនួនផលិតផលដែលផលិតបាននេះហាក់នៅមានកម្រិតតិចតួចនៅឡើយបើធៀបនឹងតម្រូវការ ដែលទាមទារឱ្យលោកត្រូវពង្រីកការដាំដុះ និងសមត្ថភាពផលិតរបស់សិប្បកម្មលោកបន្ថែមទៀត។

បើតាមការវាយតម្លៃរបស់ម្ចាស់សិប្បកម្មរូបនេះ លោកត្រូវការដើមទុនប្រមាណ៥០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីយកទៅពង្រីកការដាំដុះម្នាស់ទឹកឃ្មុំឱ្យបានដល់ប្រមាណ៤០ហិកតា ខណៈបច្ចុប្បន្នមានលទ្ធភាពដាំដុះតែលើផ្ទៃដី២០ហិចតាប៉ុណ្ណោះ។

​យ៉ាងណាមិញលោក សាយ ពន្លឺចិត្តៈករុណា ស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាគ្រឹះស្ថានធនាគារឱ្យបន្តជួយផ្តល់ទុនកម្ចីដល់កសិដ្ឋានលោក ក៏ដូចជាកសិករដាំម្នាស់នៅខេត្តស្ទឹងត្រែងបន្ថែមទៀត ដើម្បីឱ្យវិស័យកែច្នៃទឹកម្នាស់ និងស្រាម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងកាន់តែមានការរីកចម្រើន ជាពិសេសអាចនាំចេញទៅទីផ្សារក្រៅប្រទេស។ បើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានរូបនេះ ខេត្តស្ទឹងត្រែងមានសក្តានុពលខ្ពស់លើការដាំដុះម្ចាស់ទឹកឃ្មុំ តែសិប្បកម្មផលិតកែច្នៃទឹកម្នាស់ និងស្រាម្នាស់នៅមិនទាន់អាចប្រកួតប្រជែងតាមស្តង់ដារសម្រាប់នាំចេញបាននៅឡើយនោះទេ ហើយដើម្បីបង្កើតជារោងចក្រកែច្នៃ ដែលមានស្តង់ដារ និងបច្ចេកទេសទំនើប ដែលទទួលបានទឹកម្នាស់ដែលមានស្តង់ដារ ទាំងការវេចខ្ចប់ ទាំងគុណភាព និងរសជាតិជូនដល់អតិថិជនសម្រាប់លក់លើទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេសបាននោះ លោកអះអាងថា គឺត្រូវការដើមទុនប្រមាណជាង៣លានដុល្លារបន្ថែមទៀត។

​សូមជម្រាបថា បច្ចុប្បន្នការលក់ផ្លែម្នាស់ទឹកឃ្មុំស្រស់មានចំនួនតិចតួចប៉ុណ្ណោះ ដោយសារម្នាស់ជាច្រើនត្រូវប្រមូលយកមកផលិតជាទឹកម្នាស់ និងស្រាម្នាស់វិញ សម្រាប់បំពេញតម្រូវការទីផ្សារ។ មិនតែប៉ុណ្ណោះ កន្លងមកផលិតផលធ្វើពីផ្លែម្នាស់ទឹកឃ្មុំនៅកសិដ្ឋាន ស្វីត រ៉ូយ៉ាល់ ផាយនេបផល ក៏ទទួលបានការចាប់អារម្មណ៍ក្នុងការបញ្ជាទិញពីទីផ្សារក្រៅប្រទេសផងដែរ ក៏ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់អាចនាំចេញបាននោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងនៅពេញមួយឆ្នាំ២០២៣មានការរវិវត្តយ៉ាងណាខ្លះ?

ព័ត៌មាន
ដ្បិតថា វិបត្តិពិភពលោកបានធ្វើឱ្យមានភាពរង្គោះរង្គើដល់វិស័យធានារ៉ាប់រងកម្ពុជា ដែលជាវិស័យក្មេងខ្ចីមួយក្នុងចំណោមវិស័យហិរញ្ញវត្ថុនៅកម្ពុជានៅប៉…

ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗចំនួន៩គ្រោងបើកដំណើរការឆាប់ៗក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗរហូតដល់ទៅ៩ កំពុងត្រៀមខ្លួនបើកដំណើរការឆាប់ៗក្នុងឆ្នាំ២០២៤ នេះ ខណៈដែលឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ត្រូវបានរំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ