គម្រោងជាប់គាំង

រាជរដ្ឋាភិបាលឲ្យសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋលើគម្រោងជាប់គាំងនៅខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់


រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋទៅលើគម្រោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់ សំដៅរួមចំណែកជួយជំរុញការវិនិយោគ បង្កើនការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាកាត់បន្ថយគម្រោងជាប់គាំងជាអតិបរមា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តឲ្យមានភាពរស់រវើកឡើងវិញ។
1
ដោយ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលកំពុងក្លាយជារូបភាពអវិជ្ជមានសម្រាប់ខេត្តនេះក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ។ វិធានការមួយក្នុងចំណោមវិធានការជាច្រើននៃកញ្ចប់វិធានការ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋទៅលើគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់។ តែយ៉ាងណារាជរដ្ឋាភិបាលមិនបានបញ្ជាក់លម្អិតថា គម្រោងសក្តានុពលស្ថិតក្នុងវិស័យ និងអនុវិស័យអ្វីខ្លះនោះទេ។ ក្រៅពីយន្តការនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការលើកទឹកចិត្តទាំងផ្នែកពន្ធ និងមិនពន្ធក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុផងដែរ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញក្ដីរំពឹងថា ក្រោយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុត្រូវបានដោះស្រាយ វានឹងជួយធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែមានសក្ដានុពលលើការវិនិយោគ និងទេសចរណ៍បន្ថែមទៀត។ ម្យ៉ាងវិញទៀត ដំណោះស្រាយនេះ ក៏រួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុផ្ទាល់ និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា តាមរយៈសិក្ខាផ្សព្វផ្សាយពីវិធានការជាកញ្ចប់ ដែលបានរៀបចំកាលពីពេលថ្មីៗ វានឹងជួយពន្លឿនការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តនេះឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមឯកឧត្តម ហ៊ាន សាហ៊ីប វិធានការជាកញ្ចប់នេះត្រូវដោះស្រាយលើគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ចំនួន២ គឺទី១.ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២.ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលតាមរយៈនេះ រាជរដ្ឋាភិបាល ផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ពាន់លានដុល្លារអាម៉េរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងធុរកិច្ច ជាពិសេសប្រែក្លាយពីស្ថានភាពជាប់គាំងក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។ សម្រាប់ឯកឧត្តម ហ៊ាន សាហ៊ីប វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជាវិធានការជាកញ្ចប់ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូល និងរកគន្លឹះយ៉ាងស្វិតស្វាញពីអន្តរក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ រួមមានអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ យ៉ាងណាក៏ដោយ វិធានការជាកញ្ចប់នេះ ក្រុមការងារបានរៀបចំប្រជុំចំនួន ៥ដងរួចមកហើយ និងបានដាក់ចេញនូវផែនការសកម្មភាពនានាបានយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការជាដើម។

សូមបញ្ជាក់ថា បញ្ហាអាគារជាប់គាំងក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ នៅតែជាបញ្ហាប្រឈមសម្រាប់ខេត្តព្រះសីហនុ ដ្បិតកន្លងមក រដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ បានធ្វើការយ៉ាងមមាញឹកក្នុងការដោះស្រាយបញ្ហានេះ ក៏ដោយ។ ជាក់ស្ដែង គណៈកម្មការអន្តរក្រសួងកាលពីពេលថ្មីៗ បានជួបប្រជុំគ្នា ដើម្បីជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគ ដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ ខណៈតាមរយៈកិច្ចប្រជុំអន្តរក្រសួងនេះ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តនេះ កំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណកម្មលម្អិតលើគម្រោងអគារដែលជាប់គាំងទាំងនោះ។

បច្ចុប្បន្ន ខេត្តព្រះសីហនុ មានអាគារខ្ពស់ៗ សរុបប្រមាណ ១ពាន់អាគារ ដោយក្នុងនោះ អាគារប្រមាណជិត ៥០% បានបញ្ចប់ការសាងសង់ និងមានប្រតិបត្តការ។ ចំណែក មួយចំនួនបានបញ្ចប់ការសាងសសង់ តែមិនមានប្រតិបត្តិការ និងអាគារប្រមាណ ៣៧០ បាននិងកំពុងជាប់គាំង ដែលរដ្ឋបាលខេត្តកំពុងស្វែងរកដំណោះស្រាយ និងចាត់វិធានការនានា ដើម្បីដោះស្រាយលើបញ្ហានេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនសម្រុកទិញស្រូវសាលីពីអូស្ត្រាលី និងបារាំង ក្រោយបញ្ហាអាកាសធាតុធ្វើឱ្យខូតខាតដំណាំ

ព័ត៌មាន
ប្រភពពាណិជ្ជកម្មបាននិយាយថា ប្រទេសចិនគ្រោងនឹងនាំចូលស្រូវសាលីក្នុងបរិមាណដ៏ច្រើននៅឆ្នាំនេះជាពិសេសមកពីអូស្ត្រាលី និងបារាំងដោយសារតែការធ្លាក់ភ្…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តរក្សា និងពង្រឹងទំនាក់ទំនាក់សេដ្ឋកិច្ចកាន់តែស្អិតល្មួតជាមួយមហាមិត្តដែកថែបចិន

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានអះអាងអំពីការប្តេជ្ញាចិត្ត បន្តរក្សាទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលចិន សំដៅធ្វើយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ