វិស័យសក្ដានុពលក្នុងខេត្តព្រះសីហនុ

តើវិស័យសំខាន់ៗណាខ្លះ ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ?


ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បន្ទាប់ពីរាជធានីភ្នំពេញ។ ក្រៅតែពីមានតួនាទីជាច្រកដ៏សំខាន់ក្នុងការដោះដូរទំនិញទៅកាន់ពិភពលោក ខេត្តព្រះសីហនុ គឺជាទីតាំងវិនិយោគដ៏អំណោយផលមួយសម្រាប់វិនិយោគិនផងដែរ។ តើវិស័យអ្វីខ្លះដែលមានសក្ដានុពលវិនិយោគខ្លាំងសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ?
តើវិស័យសំខាន់ៗណាខ្លះ ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ?

បើតាមថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា ខេត្តជាប់មាត់សមុទ្រមួយនេះ គឺមានសក្ដានុពលស្ទើរគ្រប់វិស័យទាំងអស់ ប៉ុន្ដែ វិស័យដែលលេចធ្លោរខ្លាំង គឺវិស័យទេសចរណ៍ ឧស្សាហកម្ម អចលនទ្រព្យ និងថាមពល។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ លើកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ អាចមកធ្វើការវិនិយោគលើគ្រប់វិស័យទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដ្បិតថា ខេត្តនេះ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញនូវផែនការមេអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ឯកឧត្តម បានបន្ថែមថា ក្រោយវិបត្តិកូវីដ១៩បានធូស្បើយ វិស័យទេសចរណ៍ ទទួលបានការចូលមកវិនិយោគច្រើនជាបន្តបន្ទាប់នៅក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនេះ គឺការវិនិយោគលើវិស័យឧស្សាហកម្ម នៅខេត្តព្រះសីហនុក៏មានការរីកចម្រើនខ្លាំងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសរហូតដល់១១ទីតាំង ក្នុងនោះ មានចំនួនតែ៤ទីតាំង ដែលកំពុងមានដំណើរការអនុវត្តន៍ជាក់ស្តែង ហើយបានផ្តល់ការងាររង្វង់ជាង ៣ម៉ឺនកន្លែង ដល់កម្មករកម្មការិនី ។

ចំពោះវិស័យឧស្សាហកម្មនេះ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ក៏ឃើញមានការចាប់ផ្តើមបង្កើតការងារថ្មីបន្ថែមទៀតដែរ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី២២ ខែឧសភាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ចើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្តមួយកន្លែង ដែលការវិនិយោគនេះ គឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាមួយទុនវិនិយោគរហូតដល់ចំនួន ៣០០លានដុល្លារ និងបានផ្តល់ការងារប្រមាណ ១ពាន់៥រយ កន្លែងបន្ថែមទៀតផងដែរ។

វិស័យសំខាន់មួយទៀតនោះ គឺវិស័យថាមពល ដោយទោះបីជាស្ថិតនៅក្នុងពេលរីករាលដាលជំងឺកូវីដ១៩ក្តី ក៏ខាងក្រុមហ៊ុនវិនិយោគលើវិស័យថាមពលអគ្គិសនីនេះ នៅតែបានបន្តដំណើរការរបស់ខ្លួនជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននៅក្នុងខេតព្រះសីហនុ មានលទ្ធភាពក្នុងការផលិតថាមពលអគ្គិសនីបានរហូតដល់ ១ពាន់៣រយ៥០មេហ្គាវ៉ាត់ផងដែរ។ វិស័យមួយទៀត ដែលកំពុងលេចធ្លោខ្លាំងសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ គឺវិស័យអចលនទ្រព្យ ខណៈនៅមុនពេលសម័យកាលកូវីដ១៩ចូលរាតត្បាតវិស័យនេះមានការស្ទុះងើបឡើងយ៉ាងគំហុក ប៉ុន្តែបច្ចុប្បន្ន ហាក់មានការថមថយចុះមកវិញក្រោយកូវីដ១៩រាតត្បាត និងមានការបិទនូវល្បែងអនឡាញ។

ពាក់ព័ន្ធនឹងផែនការជំរុញខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ឱ្យដឹងដែរថា តាមរយៈការបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីចំនួន៤ កាលពីដើមខែឧសភានេះ គឺដើម្បីអភិវឌ្ឍបន្ថែមទៀត ក្នុងការពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ក៏ដូចជាត្រៀមខ្លួនក្នុងការទទួលយកទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគិនដែលមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះផងដែរ។

សូមជម្រាបថា បើតាមក្រសួងសេដ្ឋកិច្ច «ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» គឺមានគោលដៅដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជា ប៉ូលនៃការអភិវឌ្ឍថ្មី ជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុនៅនឹងខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕




អត្ថបទបន្ទាប់


អ្នកជំនាញថា ទីផ្សារខុនកម្ពុជាបន្តសិ្ថតក្នុងភាពស្រពេចស្រពិល ខណៈការអភិវឌ្ឍគម្រោងថ្មីៗនៅមានតិចតួច

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ទីផ្សារខុនដូនៅកម្ពជាបន្តស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ ពោលគឺចរន្តទិញលក់និងការអភិវឌ្ឍគម្រោងថ្មីៗ…

ធនាគារ SME បានបញ្ចេញហិរញ្ញប្បទានជាង ៥៣លានដុល្លារហើយ សម្រាប់ជួយអាជីវកម្មទេសចរណ៍

ព័ត៌មាន
គិតមកត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣ កញ្ចប់ថវិកា១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាលបានបែងចែកសម្រាប់ធនាគារ SME ដើម្បីបញ្ចេញទុនកម្ចីជួយដល់អាជីវកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ