ការផ្ដល់ប្រាក់កម្ចី សម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កើនរហូតជាង១៧%

ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះកើនជាង១៧% នៅឆមាសទី១ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ !


ការផ្ដល់ប្រាក់កម្ចីដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួននៅកម្ពុជា នៅតែបង្ហាញពីតួលេខកើនឡើងឲ្យកត់សម្គាល់នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បើទោះបីវិស័យសំណង់ និងអចលនទ្រព្យបាននិងកំពុងរងសម្ពាធពីវិបត្តិសាកលមួយចំនួនយ៉ាងណាក៏ដោយចុះ។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ ប្រាក់កម្ចី ដែលគ្រឹះស្ថានធនាគារបានផ្ដល់ឲ្យអតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនកើនឡើងជាង១៧% និង រួមចំណែកជាង១៤% នៃទំហំប្រាក់កម្ចីសរុប ដែលគ្រឹះស្ថានធនាគារបានផ្ដល់ឲ្យអតិជនក្នុងវិស័យសំខាន់ៗ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះកើនជាង១៧% នៅឆមាសទី១ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាព

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានលំនឹង និងមិនច្បាស់លាស់នោះដែរ ការផ្ដល់ប្រាក់កម្ចី​ក្នុងវិស័យ​ដែលងាយរងគ្រោះ ក៏ជាក្ដីព្រួយបារម្ភមួយដែរ សម្រាប់អ្នកជំនាញក្នុងវិស័យធនាគារ និង​ហិរញ្ញវត្ថុ​​នៅកម្ពុជា។ ដូច្នេះហើយ បានជានៅពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យ​គ្រឹះស្ថានធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចី ក្នុងវិស័យអចលនទ្រព្យនិងសំណង់ ដោយសារវិស័យនេះអាចរងហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកល និង ការធ្លាក់ចុះតម្រូវការក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិនជាដើម។ តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុមានប្រសិទ្ធិភាព និងមិនធ្លាក់ចូលទៅក្នុងវិបត្តិនៃអន្ទាក់បំណុលនោះ?

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុយល់ឃើញថា បច្ចុប្បន្នសន្ទុះនៃកម្ចីឥណទានរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសការផ្ដល់កម្ចីសម្រាប់ទិញផ្ទះតែម្ដង។ សម្រាប់អ្នកជំនាញរូបនេះ ការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ថែមទាំងអាចជួយលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច និងសង្គម ថែមទៀតផង ប្រសិនអ្នកខ្ចីមានការកំណត់គោលដៅឲ្យបានត្រឹមត្រូវ និងស្របតាមទៅលទ្ធភាពរបស់ខ្លួន។

បើតាមអ្នកជំនាញរូបនេះ ការស្នើសុំកម្ចីឥណទានសម្រាប់ទិញផ្ទះពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មិនមែនជារឿងខុសឆ្គងឡើយ ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែ ដើម្បីចៀសវាងនូវការជួបប្រឈមហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ពលរដ្ឋត្រូវចេះស្វែងយល់ពីលទ្ធភាពសងបំណុលរបស់ខ្លួនជាមុន ជាពិសេសត្រូវស្ដាប់ការណែនាំរបស់អ្នកជំនាញ។ យ៉ាងណាក៏ដោយ លោក ង៉ែត ជូ កត់សម្គាល់ឃើញថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ ការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ហាក់មានភាពតឹងតែងជាងមុនផងដែរ។

ជុំវិញបញ្ហានេះដែរ លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា កត់សម្គាល់ឃើញថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបង្ហាញសញ្ញាណវិជ្ជមាន និងល្អប្រសើរ។ ទោះបីធនាគារជាតិនៃកម្ពុជា​ជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នចំពោះការផ្ដល់កម្ចីសម្រាប់វិស័យអចលនទ្រព្យ ក៏ពិតមែន តែលោកស្រី ម៉ា អមរា អះអាងថា ការផ្ដល់កម្ចីរបស់ធនាគារដល់អតិថិជនក្នុងវិស័យនានានៅតែមានកំណើន។ ជាក់ស្ដែង គិតចាប់ពីចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កម្ចីសម្រាប់ទិញផ្ទះរបស់ធនាគារ អេស៊ីលីដា នៅតែបន្ត​មានការកើនឡើង។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដារូបនេះ បានសង្កត់ធ្ងន់ថា ក្រោយមានការក្រើនរំលឹកពីធនាគារជាតិឲ្យ​ធនាគារមានការប្រុងប្រយ័ត្ន​ចំពោះការផ្ដល់​កម្ចី​សម្រាប់វិស័យអចលនទ្រព្យ ធនាគារបានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ និងពង្រឹងការវាយតម្លៃ​ឥណទាន តាមរយៈការសិក្សាវិភាគ អំពីមុខរបរ-អាជីវកម្ម លំហូរសាច់ប្រាក់ លទ្ធភាពសង និងគោលបំណង​ប្រើប្រាស់របស់អតិថិជនថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ឥណទានដែលត្រូវបានផ្ដល់ទៅកាន់វិស័យសំខាន់ៗ​ក្នុងសេដ្ឋកិច្ច មានទំហំសរុបជាង១៨៨ទ្រីលានរៀល។ ក្នុងនោះ ការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន មានចំណែកជាង១៤% នៃទំហំឥណទានសរុប ខណៈការលក់រាយរួមចំណែក១៦%។ វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមានវិស័យកម្មន្តសាលមានចំនួនជាង២២%, ការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន មានចំនួនជាង១៧% ការជួញដូរអចលនទ្រព្យមានចំនួនជាង១៣% និងកសិកម្មមានជាង១៣%។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញអង្ករថៃ និងវៀតណាមបានចរចាគ្នាឡើងវិញពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញអង្ករ ព្រោះអង្ករឡើងថ្លៃខ្ពស់

ព័ត៌មាន
ក្រុមហ៊ុននាំចេញអង្ករនៅក្នុងប្រទេសថៃ និងវៀតណាមកំពុងធ្វើការចរចាតម្លៃគ្នាឡើងវិញដើម្បីសម្រេចបានកិច្ចសន្យាលក់អង្ករប្រហែលកន្លះលានតោនសម្រាប់ការនាំ…

ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ រដ្ឋចំណាយថវិកាអស់ ១២៣លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់១២៣លានដុល្លារលើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបសម្ពោធដាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ