ស្ថាប័នរដ្ឋ និងវិស័យឯកជន

ស្ថាប័នរដ្ឋ និងវិស័យឯកជនលើកទឹកចិត្តឲ្យអ្នករកស៊ីក្នុងវិស័យ SME ចូលជាបណ្តុំ


រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យអាទិភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលអាណត្តិថ្មីនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។ បើទោះជា កន្លងមក វិស័យ SME ត្រូវបានយកចិត្តទុកខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល តែវិស័យនេះក៏នៅបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួនដដែល។
ស្ថាប័នរដ្ឋ-ឯកជនលើកទឹកចិត្តដល់ SME ឲ្យចូលជាបណ្ដុំ
ដោយ

ដូច្នេះ ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តជំរុញនិងលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចាំបាច់ចូលក្នុងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ឬហៅថា SME Cluster ដែលជាកន្លែងប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម ដែលវាងាយស្រួលសម្រាប់ម្ចាស់សហគ្រាសក្នុងការចាប់ផ្ដើមអាជីវកម្ម ព្រោះមានច្រកចេញ-ចូលតែមួយ និងជាបណ្ដុំសហគ្រាសស្ដង់ដារអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា។
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមជាវិស័យសក្តានុពលមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រជំរុញកំណើនសេដ្ឋកិច្ច ខណៈវាបានរួមចំណែកប្រមាណ៩៥% នៅក្នុងសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បើទោះបីកន្លងមកវិស័យ SME ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ តែវិស័យនេះនៅតែជួបប្រឈមបញ្ហាមួយចំនួន ជាពិសេសបញ្ហាប្រភពទុន កត្តាធនធានមនុស្ស ភាពស៊ាំញ៉ាំលើការធ្វើវិសោធនកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកត្តាឡូជីស្ទីកជាដើម។ ប៉ុន្តែបញ្ហាដែលបាននិងកំពុងកើតឡើងក្នុងវិស័យ SME ទាំងអស់នេះ គឺបណ្ដាលមកពីនៅកម្ពុជា ខ្វះនូវបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដែលទាមទារមានការចូលរួមយ៉ាងសំខាន់ពីវិស័យឯកជន។

សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ និងចាត់ទុកការអភិវឌ្ឍន៍វិស័យ SME ជាទិសដៅអាទិភាព តែបើគ្មានការចូលរួមពីវិស័យឯកជនទេនោះ ក៏ផែនការនេះ មិនអាចសម្រេចបានភាពជោគជ័យ១០០ភាគរយនោះដែរ។ បើតាមឯកឧត្តម ផាន់ ផល្លា នេះគឺជាលើកទី១ហើយ នៅក្នុងប្រទេសកម្ពុជា ដែលមានបណ្ដុំសហគ្រាសធុនតូច និងមធ្យម ឬ SME Cluster កម្រិតស្ដង់ដារអន្តរជាតិ ហើយឯកឧត្តមរំពឹងថា តាមរយៈ SME Cluster វារួមចំណែកជួយដោះស្រាយបញ្ហារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានមួយកម្រិត។

ជាមួយគ្នានេះ អ្នកឧកញ៉ា សៀវ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបកត់សម្គាល់ឃើញថា កន្លងមកវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាហាក់មិនសូវមានការចាប់អារម្មណ៍ខ្លាំងនោះទេ ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះបានរីកចម្រើនគួរឲ្យកត់សម្គាល់។ លើសពីនេះ វិស័យ SME កាន់តែបានរួមចំណែក និងដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ថែមទាំងជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ អ្នកឧកញ៉ា សៀវ ឬទ្ធី យល់ឃើញថា ការអភិវឌ្ឍន៍វិស័យ SME ដែលមានភាពរឹងមាំ គឺជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូច្នេះទើបការអភិវឌ្ឍន៍វិស័យ SME នៅតែជាគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់អណត្តិទី៧នេះ។ បើទោះជាបែបនេះក្ដី ការអភិវឌ្ឍន៍វិស័យ SME នៅតែជួបបញ្ហាប្រឈមជាច្រើន ហើយបញ្ហាទាំងនេះនៅតែកើតមានជាបន្តបន្ទាប់ ដែលជាកត្តារាំងស្ទះក្នុងដំណើរការអភិវឌ្ឍវិស័យ SME នៅកម្ពុជា។ ក្នុងន័យនេះ អ្នកឧកញ៉ា សៀ ឬទ្ធី លើកទឹកចិត្តឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទំាងអស់ ចូលជាសមាជិកសហព័ន្ធបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការធ្វើអាជីវកម្ម។ សម្រាប់អ្នកឧកញ៉ា កត្តាដែលធ្វើឲ្យលោកចូលរួមលើកកម្ពស់វិស័យ SME នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដោយសារលោកមើលឃើញថា វិស័យ SME ត្រូវបានប្រទេសជាច្រើនលើពិភពលោកចាត់ទុកជាវិស័យស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច
ស្រដៀងគ្នានេះ លោក ហាច ឆន ស្ថាបនិកកសិដ្ឋាន ៤០០ កត់សម្គាល់ឃើញថា តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា វិស័យ SME បានវិវត្តិខ្លួនយ៉ាងឆាប់រហ័ស នារយៈពេលចុងក្រោយនេះ ជាពិសេសអំឡុងនៃវិបត្តិកូវីដ១៩ តែម្ដង។ បើតាមលោក ហាច ឆន តាមរយៈនៃការបង្កើតកម្មវិធីប្រកួតប្រជែង ក៏ដូចជាកម្មវិធីនានា បានបង្កើតឱកាសសម្រាប់គ្រប់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានជួបជុំគ្នា ស្គាល់ពីផលិតផលគ្នាទៅវិញទៅមក មានទំនាក់ទំនងល្អជាមួយគ្នា ថែមទាំងទទួលបានឱកាសជាច្រើនទៀត។ សម្រាប់លោក ហាច ឆន ការបង្កើតបណ្ដុំសហគ្រាសធុនតូចនិងមធ្យម ក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វិស័យសហគ្រាសធុនតូចនិងមធ្យម នឹងជួយឲ្យម្ចាស់អាជីវកម្ម សហគ្រាស ងាយស្រួលក្នុងដំណើរខ្សែចង្វាក់ផលិតកម្ម និងមានហានិភ័យទាបក្នុងការធ្វើអាជីវកម្មផងដែរ។

សូមបញ្ជាក់ថា វិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចំណែកប្រមាណជាង ៦០% នៃផលិតផលក្នុងស្រុកសរុប ថែមទាំងបានបង្កើតការងាររហូតប្រមាណ៧០% ឯណោះ នៅក្នុងសេដ្ឋកិច្ចជាតិ។ លើសពីនោះ វិស័យ SME ក៏បានចូលរួមបង់ពន្ធ ដែលជាប្រភពថវិការដ្ឋប្រមាណ ១៥% នៃចំណូលពន្ធដារ ក្នុងមួយឆ្នាំៗ និងមានចំណែកប្រមាណ ១០% ក្នុងការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ បច្ចុប្បន្នការវិនិយោគអន្តរជាតិហាក់គិតតែពីរឿងនយោបាយ និងបក្សពួកជាជាងផលចំណេញ

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីស្តីការគណរដ្ឋមន្ត្រីបានចាត់ទុករយៈពេល២៥ឆ្នាំខាងមុខ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺជាសករាជដ៏សំខាន់…

ប្រូម៉ូសិនឈ្នះកាតបញ្ចូលលុយទូរស័ព្ទជាមួយភ្នាក់ងារ អេ អឹម ខេ នឹងផុតថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ នេះហើយ!

ព័ត៌មាន
រួសរាន់ឡើងអតិថិជនទាំងអស់គ្នា ឱកាសឈ្នះកាតទូរស័ព្ទភ្លាមៗជាមួយនឹងការវេរលុយតាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស ជិតផុតប្រូម៉ូសិនហើយ! …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ