នុយក្លេអ៊ែ

រុស្ស៊ីព្រមានថា ពិភពលោកកំពុងស្ថិតនៅលើមាត់ជ្រោះ នៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែ


រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី លោក សឺហ្កេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃចន្ទថា ការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែន កំពុងបង្កហានិភ័យជាយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
នុយក្លេអ៊ែ
ដោយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្កេ ឡាវរ៉ូវ បាននិយាយនៅក្នុងសារជាវីដេអូមួយថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងសន្និសីទមិនរីកសាយភាពអាវុធនុយក្លេអ៊ែ នៅក្នុងក្រុងម៉ូស្គូថា សហរដ្ឋអាម៉េ​រិក និងអង្គការណាតូកំពុងឈ្លក់វង្វេងនឹងគំនិតធ្វើឱ្យរុស្ស៊ីបរាជ័យក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ គំនិតនេះអាចនឹងបង្កើនហានិភ័យកាន់តែខ្លាំងឡើងក្នុងការប្រឈមមុខដាក់គ្នារវាងមហាអំណាចនុយក្លេអ៊ែ។

សម្រាប់លោក ឡាវរ៉ូវ បណ្ដាប្រទេសបស្ចិមលោកកំពុងរុញច្រានស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនឱ្យស្ថិតនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់ ដែលនឹងឈានដល់កម្រិតនៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែ ដែលវានឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។

សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិយាយថា ប្រទេសរុស្ស៊ីហ្នឹងហើយដែលកំពុងធ្វើឱ្យភាពតានតឹងនៅអឺរ៉ុបខាងកើត និងខាងលិចឡើងកម្ដៅកាន់តែខ្លាំង និងជាអ្នកចេញការព្រមានម្តងហើយម្តងទៀតពីគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែ​នេះ។

ការព្រមានរបស់រុស្ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ចេញប្រតិកម្មតបដោយខឹងសម្បារយ៉ាងខ្លាំងចំពោះសភាតំណាងរាស្ត្ររបស់អាម៉េរិកដែលបានអនុម័តកញ្ចប់ថវិកាជំនួយបរទេសចំនួន៦១ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ កាលពីចុងសប្តាហ៍មុន ទោះជាមានការជំទាស់ជាងពីរខែពីសមាជិកគណបក្សសាធារណរដ្ឋដែលមាននិន្នាការរឹងរូសក៏ដោយ។

ឥឡូវនេះ សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនឡើងទៅកាន់ព្រឹទ្ធសភា ដែលត្រូវបានគេរំពឹងថា នឹងអនុម័តនៅក្នុងរង្វង់សប្តាហ៍នេះ មុនពេលបញ្ជូនវាទៅឱ្យប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដើម្បីចុះហត្ថលេខាលើច្បាប់នេះឱ្យចូលជាធរមាន។

ជំនួយនេះគឺជាខ្សែជីវិតសម្រាប់ប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរបស់ប្រទេសនេះកំពុងខ្វះខាតគ្រាប់កាំភ្លើងនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ដុនបាស ស្ថិតនៅភាគខាងកើត នៃប្រទេសនេះ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងមានប្រៀបខ្លាំង៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៤០លាននាក់ ខណៈនៅ៤ខែទទួលបានលើស១០លាននាក់

ព័ត៌មាន
ថៃ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងអាស៊ាន ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅលើស១០លាននាក់ ត្រឹម…

អាម៉េរិកគ្រោងដាក់ទណ្ឌកម្មលើធនាគារចិន ដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាម៉េរិកកំពុងរៀបចំផែនការដាក់ទណ្ឌកម្មដោយកាត់ផ្តាច់ធនាគារចិនមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយក្រុមមន្ត្រីមហាអំណាចមួយនេះរំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ