ក្រុមហ៊ុនយក្ស SoftBank

ក្រុមហ៊ុនយក្ស SoftBank ខាតបង់អស់ ៦ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ ដោយសារតែការធ្លាក់ចុះនៃទីផ្សារបច្ចេកវិទ្យា


ក្រុមហ៊ុន SoftBank Group ដែលជាក្រុមហ៊ុនវិនិយោគទុនដ៏ធំបំផុតមួយក្នុងពិភពលោកនោះ បានបង្ហាញពីការខាតបង់អស់ប្រមាណ ៦ពាន់លានដុល្លារ នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២២កន្លងទៅនេះ ដោយសារតែអាជីវកម្មមូលនិធិវិនិយោគ Vision Fund របស់ខ្លួនបានរងផលប៉ះពាល់ ព្រោះតែការធ្លាក់ចុះនៃទីផ្សារបច្ចេកវិទ្យា ហើយវាបានធ្វើឲ្យក្រុមហ៊ុននេះ បានរងនូវការខាតបង់ជាលើកដំបូងនៅក្នុងរយៈពេល២ត្រីមាសកន្លងមកនេះផងដែរ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនយក្ស SoftBank ខាតបង់អស់ ៦ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Softbank Group បានបង្ហាញថា ការវិនិយោគនៅក្នុងមូលនិធិ Vision Fund របស់ក្រុមហ៊ុននេះមានដល់ ៧៣០ ពាន់លានយេន ឬស្មើនឹងប្រមាណ ៥ពាន់៥រយលានដុល្លារអាមេរិក សម្រាប់មួយត្រីមាសទីចុងក្រោយនៅឆ្នាំ២០២២ ខណៈដែលអាជីវកម្មបង្កើតថ្មីនៅក្នុងផលបត្រអាជីវកម្មរបស់ក្រុមហ៊ុននេះ បានបន្ដជួបប្រទះនឹងបរិយាកាសប្រឈមខ្លាំង បណ្ដាលមកពីការកើនឡើងអត្រាការប្រាក់ និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែអាប់អួរ។

ការខាតបង់ដល់ទៅប្រមាណ៦ពាន់លានដុល្លារនៅត្រីមាសទី ៤ នៅឆ្នាំ២០២២ គឺមានការផ្ទុយគ្នាស្រឡះនឹងអ្វីដែលក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ សម្រេចបានកាលពីត្រីមាសទី៣ ដែលមានប្រាក់ចំណេញសុទ្ធដល់ទៅប្រមាណ ២៣ពាន់លានដុល្លារអាមេរិកឯណោះ នៅពេលដែលក្រុមហ៊ុននេះ ប្រមូលបានផលចំណេញច្រើន ពីការលក់ចេញនូវចំណែកភាគហ៊ុន ដែលខ្លួនមាននៅក្នុងក្រុមហ៊ុន Alibaba Group Holding។

ក្រុមហ៊ុនវិនិយោគទុនដ៏ធំរបស់ជប៉ុនមួយនេះ បានអះអាងថា ក្រុមហ៊ុនមូលនិធិ Vision Fund ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន បានកាត់បន្ថយការវិនិយោគថ្មីៗជាច្រើន ហើយក៏កំពុងបន្ដលក់ភាគហ៊ុនចាស់ៗមួយចំនួនចេញផងដែរ ដែលជាផ្នែកមួយនៃការការពារការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រយ័ត្នប្រយែង ចំពេលមានការប្រឈមបរិយាកាសទីផ្សារកាន់តែខ្លាំង។ បញ្ហាប្រឈមបរិយាកាសទីផ្សារនោះ គឺសម្ដៅដល់ការកើនឡើងនៃអត្រាការប្រាក់ ភាពតានតឹងខ្លាំងនៃទំនាក់ទំនងអាមេរិក-ចិន និងសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ដោយកត្តាទាំងអស់នេះ បានធ្វើឲ្យអ្នកវិនិយោគហាក់មិនពេញចិត្តលើការវិនិយោគទ្រព្យសកម្មណា ដែលមានហានិភ័យខ្ពស់នោះឡើយ ហើយវាបានជះឥទ្ធិពលទៅលើផលបត្រវិនិយោគដ៏សម្បើមរបស់ SoftBank។

យ៉ាងណាក៏ដោយចុះ ស្ថិតក្រោមការគ្រប់គ្រងដោយស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SoftBank លោក Masayoshi Son បានធ្វើការបណ្ដាក់ទុនយ៉ាងច្រើនទៅលើផ្នែកបញ្ញាសិប្បនិម្មិត និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ តាមរយៈមូលនិធិ Vision Fund នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានផ្ដល់នូវប្រាក់ចំណេញដ៏ច្រើន និងសុទិដ្ឋិនិយមចំពោះការវាយតម្លៃនាពេលអនាគតផងដែរ បើទោះបីជា នៅមួយរយៈថ្មីៗនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានការប្រែប្រួលដោយសារតែការរង្គោះរង្គើនៃទីផ្សារបច្ចេកវិទ្យាក្ដី៕




អត្ថបទបន្ទាប់


ឈរជើងនៅទីផ្សារអាមេរិកមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន VinFast វៀតណាមប្រកាសនឹងកាត់បន្ថយបុគ្គលិក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់វៀតណាម VinFast ដែលទើបតែបានចូលឈរជើងនៅទីផ្សារអាមេរិកមិនទាន់ប៉ុន្មានផងនោះ បានប្រកាសពីផែនការកាត់បន្ថយការ…

សហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី សម្ពោធបើកដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ