ការពង្រឹងប្រព័ន្ធអេកូឡូស៊ីSME

តើការពង្រឹងប្រព័ន្ធអេកូឡូស៊ី SME មានសារៈសំខាន់យ៉ាងក្នុងការទប់ទល់នឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល?


ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការពង្រឹងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញសម្ទុះកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ ក៏ដូចជាជួយកាត់បន្ថយហានិភ័យដែលអាចកើតមានដោយសារបញ្ហាប្រឈម និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះ។
ការពង្រឹងប្រព័ន្ធអេកូឡូស៊ីSME
ដោយ

ទន្ទឹមនេះ រដ្ឋាភិបាលស្នើឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម បន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដ្បិតថា វិស័យនេះនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ នាពិធីបើកទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ក្រោមប្រធានបទ«ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់កំណើនកាន់តែប្រសើរ» នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា បច្ចុប្បន្នពិភពលោក រួមទាំងកម្ពុជា កំពុងហ៊ុំព័ទ្ធដោយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាជាច្រើនដូចជាបញ្ហាបន្សល់ទុកដោយវិបត្តិកូវីដ១៩ ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ កំណើនទាបនៃសេដ្ឋកិច្ចសកល ការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន ការប្រយុទ្ធរវាងអ៊ីស្រ្តាអែល និងក្រុមហាម៉ាស និងការប្រែប្រួលអាកាសធាតុជាដើម។ បញ្ហាប្រឈមទាំងនេះ ចង់ ឬមិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់សម្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជានេះ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺកាន់តែមានសារៈសំខាន់ និងបន្ទាន់ សម្រាប់គោលដៅនៃការរក្សា និងជំរុញសម្ទុះកំណើនឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាព និងពង្រឹងអនុលោមភាព សំដៅកាត់បន្ថយហានិភ័យដែលអាចកើតមាន។

យ៉ាងណាមិញ តាមរយៈសារលិខិតដើម្បីអបអរសាទរក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំពុះពារ និងលើកទឹកចិត្តឱ្យគ្រប់សហគ្រាស និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្របេសកកម្មនេះ ដ្បិតថា ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្ត និងភាពទាក់ទាញដល់ការបង្កើន និងការពង្រីកវិនិយោគបន្ថែម ខណៈដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅថ្ងៃអនាគត។

បើតាមសម្តេចធិបតី ទោះបីកម្ពុជាបាននិងកំពុងប្រឈមក្នុងបរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់ និងសកល ក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ការផ្គត់ផ្គង់ និងការផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាផងដែរ។

តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ម.ក ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ សម្…

កម្ពុជា ថៃប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្រោយដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

ព័ត៌មាន
កម្ពុជា និងថៃបានប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ