ប្រទេសថៃ

សហគមន៍ធនាគារថៃព្រមានរដ្ឋាភិបាលក្រោយបោះឆ្នោត អំពីផលប៉ះពាល់នៃការអនុវត្តគោលនយោបាយប្រជានិយម


នៅប្រទេសថៃ រដ្ឋាភិបាលក្រោយការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នៅមិនទាន់មានរូបរាងនៅឡើយ ប៉ុន្តែសហគមន៍ធនាគាររបស់ប្រទេសថៃ បានសំដែងក្តីបារម្ភថា គោលនយោបាយប្រជានិយមរបស់រដ្ឋាភិបាលចម្រុះថ្មី ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ អាចនាំឱ្យមានឱនភាពថវិកាកាន់តែធំសម្រាប់ថៃ។
សហគមន៍ធនាគារថៃព្រមានរដ្ឋាភិបាលក្រោយបោះឆ្នោត អំពីផលប៉ះពាល់នៃការអនុវត្តគោលនយោបាយប្រជានិយម

របាយការណ៍មួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវធនាគារកសិករថៃត្រូវបានសារព័ត៌មាន ឌឹ ណេស្សិន ដកស្រង់មកផ្សាយថា គោលនយោបាយសេដ្ឋកិច្ចប្រជានិយម ដែលបង្កើតឡើងដើម្បីឈ្នះការបោះឆ្នោត ត្រូវការមូលនិធិច្រើនណាស់ដើម្បីអនុវត្ត។

ប្រភពដដែលបានបន្តថា គោលនយោបាយនេះនឹងផ្តល់ភាពវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលវែង វាអាចបង្កើតឱ្យមានបន្ទុកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។

សារព័ត៌មានថៃខាងលើបានពន្យល់តាមរបាយករណ៍នោះថា ម្យ៉ាង ការអនុវត្តគោលនយោបាយនេះនឹងតម្រូវឲ្យថៃរៀបចំថវិកាឡើងវិញ ខណៈដែលបច្ចុប្បន្នប្រទេសនេះប្រហែលខ្វះមូលនិធិឬថវិកា។ ម្យ៉ាងទៀត យោងតាម ឌឹ ណេស្សិន វាអាចទាមទារឱ្យរដ្ឋាភិបាលថ្មីបង្កើនចំណូលតាមរយៈគោលនយោបាយសារពើពន្ធ នៅពេលដែលស្ថានភាពសេដ្ឋកិច្ចក្រោយកូវីដ-១៩ មិនទាន់អំណោយផលដល់ការដំឡើងពន្ធនៅឡើយទេ។

មជ្ឈមណ្ឌលស្រាវជ្រាវខាងលើបានបន្ថែមការព្រួយបារម្ភផងដែរថា ប្រសិនបើរដ្ឋាភិបាលថ្មីអនុវត្តតាមគោលនយោបាយប្រជាភិថុតិនោះ រដ្ឋាភិបាលថ្មីនេះមិនទំនងថានឹងអាចបញ្ចៀសបញ្ហាឱនភាពថវិកាបានណាស់ ដូចនេះចាំបាច់ត្រូវតែអនុវត្តគោលនយោបាយតម្លើងអត្រាការប្រាក់ ។ នេះបើតាមសារព័ត៌មាន ឌឹ ណេស្សិន ដែលបានបន្ថែមថា ម្យ៉ាងទៀត ប្រសិនបើឱនភាពថវិកាកើនឡើង វាក៏អាចប៉ះពាល់ដល់វិស័យឯកជន នៅពេលដែលសេដ្ឋកិច្ចកំពុងព្យាយាមងើបឡើងវិញ។

ការសិក្សាដែលជាប្រភពព័ត៌មានរបស់កាសែតនេះ ក៏បានចង្អុលឱ្យឃើញការបែងចែកភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្រ្ត និងការថយចុះចំនួនប្រជាជននៅប្រទេសថៃដែរ។ លើសពីនេះទៅទៀត បើតាមសេចក្ដីរាយការណ៍ដដែល តម្រូវការឱ្យមានការអនុវត្តប្រកបដោយមេត្រីភាពនិងនិរន្តរភាពបរិស្ថានពីសំណាក់សហគមន៍អន្តរជាតិ ក៏បង្កបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលថ្មីដែលនឹងត្រូវការចក្ខុវិស័យនិងភាពជាអ្នកដឹកនាំច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងវិញ្ញាសាទាំងនេះ។

ដោយឡែក បើតាម ឌឹ ណេស្សិន មជ្ឈមណ្ឌលស៊ើបអង្កេតសេដ្ឋកិច្ចរបស់ធនាគារពាណិជ្ជស្យាម បាននិយាយថា រដ្ឋាភិបាលអន្តរកាលនឹងមិនមានផលប៉ះពាល់ខ្លាំងដល់ប្រទេសទេរហូតដល់ចុងត្រីមាសទី ៣ ឆ្នាំនេះ ព្រោះថវិកាឆ្នាំ ២០២៣ គ្របដណ្ដប់ចំណាយរបស់រដ្ឋាភិបាលរហូតដល់ចុងត្រីមាសទី ៣ ប៉ុន្តែផលប៉ះពាល់អវិជ្ជមាននឹងលេចឡើងច្បាស់នៅក្នុងត្រីមាសទី ៤ នៅពេលរដ្ឋាភិបាលថ្មីចូលកាន់កាប់ដឹកនាំការងារពេញលេញ ជាពិសេសនៅក្នុងអំឡុងពេលវេលាអនុម័តថវិការសារពើពន្ធសម្រាប់ឆ្នាំ ២០២៤៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រធានាធិបតីអាហ្វ្រិកខាងត្បូងថា រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមទទួលគណៈប្រតិភូអាហ្វ្រិកដើម្បីផែនការសន្តិភាព

ព័ត៌មាន
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី…

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Dasani របស់ក្រុមហ៊ុន The Coca-Cola Companyក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ