ថៃ និងសហភាពអឺរ៉ុប

FTA រវាងថៃ និងសហភាពអឺរ៉ុប បង្ហាញវឌ្ឍនភាពទៅមុខ ខណៈការចរចាជុំទីពីរនឹង ធ្វើឡើងនៅខែក្រោយ


ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុប ដែលបានរាំងស្ទះអស់ជាច្រើនឆ្នាំនោះ ឥឡូវនេះកំពុងបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ ខណៈដែលប្រទេសថៃ គ្រោងរៀបចំការចរចាជុំទី២ ជាមួយសហភាពអឺរ៉ុប នៅចុងខែមករា ដើមឆ្នាំ២០២៤ ជាមួយនឹងគោលដៅសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ថៃ និងសហភាពអឺរ៉ុប
ដោយ

យោងតាមលោកស្រី ឆូតិមា អៀមសាវ៉ាឌីគុល (Chotima Iemsawasdikul) អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ បានឱ្យដឹងថា កិច្ចចរចាជុំទី២ ដែលធ្វើឡើងនៅទីក្រុងបាងកកនេះ នឹងគ្របដណ្ដប់លើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងសេវាកម្ម។

ភាគីទាំងពីរគ្រោងនឹងរៀបចំកិច្ចចរចាចំនួន៣លើកក្នុងមួយឆ្នាំ ជាមួយនឹងគោលដៅធ្វើយ៉ាងណាឈានទៅបញ្ចប់ការចរចាជាស្ថាពរនៅឆ្នាំ២០២៥។

គេនៅចាំបានថា ប្រទេសថៃ និងសហភាពអឺរ៉ុប បានរៀបចំកិច្ចចរចាជុំទី១ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះកាលពីខែកញ្ញាឆ្នាំនេះ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ កិច្ចចរចាជុំនេះ បានរួមបញ្ចូលទាំងជំនួបថ្នាក់ប្រធានគណៈប្រតិភូ និងជំនួបថ្នាក់អនុគណៈកម្មាធិការកម្រិតអ្នកជំនាញចំនួន១៩ផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) ដែលកាលពីសប្តាហ៍មុនបានជួបលោក បឺន ឡានហ្គើ (Bernd Lange) សមាជិកសភាអឺរ៉ុប និងជាប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) របស់សហភាពអឺរ៉ុប និងលោកស្រី ហៃឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប នៅទីក្រុងបាងកក បាននិយាយថា លោកបានស្នើអំឡុងជំនួបចរចាសុំឱ្យគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសហភាពអឺរ៉ុប ជួយគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប ពោលគឺធ្វើយ៉ាងណាជួយសម្របសម្រួលឱ្យការចរចាបញ្ចប់ជាស្ថាពរដោយឆាប់រហ័ស និងឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងនេះ។

លោក ភុមថាម បាននិយាយថា កិច្ចចរចាទាំងនេះក៏បានគ្របដណ្ដប់លើបញ្ហាពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតផងដែរ ដោយក្នុងនោះរួមមានទាំងនិន្នាការសកលដែលមានទំនោរទៅរកពាណិជ្ជកម្មបៃតង បរិស្ថាន និងនិរន្តរភាពនៃធនធានធម្មជាតិផងដែរ។

លោក ភុមថាម បានបន្ថែមថា សភាអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប ហើយដំណើរទស្សនកិច្ចរបស់សមាជិកសភាអឺរ៉ុប មកកាន់ប្រទេសថៃ និងការពិភាក្សារួមគ្នាជាមួយអាជ្ញាធរថៃ និងក្រុមអ្នកតំណាងផ្នែកច្បាប់បង្ហាញពីសារសំខាន់ដែលសហភាពអឺរ៉ុប បានកំណត់យកប្រទេសថៃ ធ្វើជាដៃគូសេដ្ឋកិច្ច។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់ប្រទេសថៃ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាម៉េរិក និងជប៉ុន។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងសហភាពអឺរ៉ុប អំឡុងពេល ១០ខែដំបូងនៃឆ្នាំនេះបានឈានដល់ ៣៥ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងជិត ២% ហើយវាមានទំហំស្មើនឹង ជាង៧% នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។ ក្នុងនោះ ការនាំចេញរបស់ប្រទេសថៃ ទៅកាន់សហភាពអឺរ៉ុប មានទំហំជាង ១៨ពាន់លានដុល្លារ ដោយថយចុះជាង៤% ខណៈការនាំចូលពីសហភាពអឺរ៉ុប បានឈានដល់ជិត១៧ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងប្រហែល១០%។

ដោយ: ហោ សុវិទ្យា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្ររៀបចំការរត់ប្រណាំង ដើម្បីជួយដល់កុមារ និងផ្សព្វផ្សាយពីវិស័យផ្សារភាគហ៊ុន

ព័ត៌មាន
ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា បានចាត់ទុកការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណជន និងអ្នកវិនិយោគភាគហ៊ុនក្នុងកម្មវិធីរត់ប្រណាំង CSX…

តើមានហេតុផលសំខាន់ៗអ្វីខ្លះដែលជំរុញឱ្យវៀតណាម ត្រូវនាំចូលអគ្គិសនីពីប្រទេសឡាវ?

ព័ត៌មាន
នៅក្នុងតំបន់អ្នកណាក៏ដឹងដែរថា ប្រទេសឡាវជាប្រភពថាមពលវារីអគ្គិសនីមួយដ៏សំខាន់នៅក្នុងតំបន់ ដោយនៅពេលនេះសឹងតែគ្រប់ប្រទេស ដែលមានព្រំប្រទល់ជាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ