កសិដ្ឋានចិញ្ចឹមគោចំនួន ២៥១ កន្លែង នៅកូរ៉េខាងត្បូង ស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក

កសិដ្ឋានចិញ្ចឹមគោចំនួន ២៥១ កន្លែង នៅកូរ៉េខាងត្បូង ស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីការពារជំងឺអុតក្ដាម


មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា កសិដ្ឋានចិញ្ចឹមគោជាង ២៥០ កន្លែង ក្នុងទីក្រុងមួយនៅកូរ៉េខាងត្បូង កំពុងត្រូវបានមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលត្រួតពិនិត្យ និងដាក់ឱ្យនៅដាច់ឡែកពីសត្វគោដទៃទៀត ដើម្បីការពារការរាលដាលជំងឺសត្វពាហនៈម្យ៉ាង គឺជំងឺអុតក្ដាម ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។
កសិដ្ឋានចិញ្ចឹមគោចំនួន ២៥១ កន្លែង នៅកូរ៉េខាងត្បូង ស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីការពារជំងឺអុតក្ដាម

កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការឆ្លងជំងឺអុតក្ដាមនៅកសិដ្ឋានចិញ្ចឹមគោចំនួន ២ កន្លែង ដែលមានទីតាំងនៅកណ្តាលទីក្រុង ឆឹងជូ (Cheongju) ចម្ងាយ ១១២ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ ប្រទេសនេះបានរាយការណ៍អំពីករណីជំងឺអុតក្ដាមចុងក្រោយនៅក្នុងខែមករា ឆ្នាំ២០១៩។ ករណីថ្មីចំនួន ៣ ទៀត ត្រូវបានរាយការណ៍ថាមានកើតនៅតាមកសិដ្ឋាន ក្នុងទីក្រុង ឆឹជូ ផងដែរ។

លោក លី ជេបុក (Lee Jae-bok) ជាមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន បាននិយាយថា កសិដ្ឋានទាំង ៥ នេះ មានរថយន្តដឹកសត្វចំនួន ១៤ គ្រឿង ហើយរថយន្តទាំងនេះបានបើកទៅកាន់កសិដ្ឋានចំនួន ២៥១ កន្លែងនៅទីក្រុងឈឹងជូក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរសុខាភិបាលមូលដ្ឋានបាននិងកំពុងត្រួតពិនិត្យរថយន្តទាំងនោះ និងពិនិត្យមើលកសិដ្ឋានចិញ្ចឹមសត្វទាំងឡាយ ដែលរថយន្ត១៤គ្រឿងនេះបានបើកទៅ។ ទន្ទឹមនឹងនេះ រដ្ឋបាលនៅក្រុង ឆឹងជូ បានដាក់កំហិតលើការបម្លាស់ទីរបស់សត្វគោនៅពាសពេញតំបន់នេះ ហើយបង្កើតរោងបាញ់ថ្នាំសម្លាប់មេរោគ និងកន្លែងត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអុតក្ដាមចាប់តាំងពីមានការផ្ទុះឡើងជាលើកដំបូង។

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់អំពីករណីជំងឺអុតក្ដាមមួយបន្ថែមទៀតនៅកសិដ្ឋានមួយទៀតក្នុងទីក្រុង ឆឹជូ ដោយបានបង្កើនចំនួនករណីនេះឡើងដល់ ៧ ករណី នៅទូទាំងប្រទេស។ ក្រសួងនេះបានបញ្ជាក់ថា ក្នុងចំណោមករណីវិជ្ជមានទាំង ៧ នេះ មាន ៦ ករណីបានកើតឡើងនៅទីក្រុង ឆឹងជូ និងមួយករណីទៀតនៅស្រុក ជើងព្យឹង ដែលនៅក្បែរទីក្រុង ឆឹងជូ។

អុតក្ដាមគឺជាជំងឺឆ្លងស្រួចស្រាល់មួយក្នុងចំណោមសត្វពាហនៈ ដែលស្ដែងចេញជាអាការៈគ្រុនក្តៅ បន្ទាប់មកវិវត្តទៅជាពងបែកនៅក្នុងមាត់និងនៅលើជើងរបស់សត្វ ហើយវាជាជំងឺឆ្លងខ្លាំងបំផុតមួយសម្រាប់បសុសត្វ ដែលអាចរីករាលដាលយ៉ាងលឿន ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលនោះទេ។ ជំងឺអុតក្ដាមភាគច្រើនកើតលើសត្វពាហនៈដូចជាគោ ក្របី អូដ្ឋ ចៀម ពពែ ក្តាន់ និងជ្រូក ហើយវារីករាលដាលភាគច្រើននៅរដូវធ្លាក់ភ្លៀងតែម្ដង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅវៀតណាម សម្រេច ៦៦០លានដុល្លារ នៅ៤ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ១៣%

ព័ត៌មាន
តាមរបាយការណ៍បង្ហាញដោយសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមម…

តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ ចំពេលបញ្ហាពិដានបំណុលមិនទាន់ដោះស្រាយ

ព័ត៌មាន
ប្រាក់ដុល្លារបានធ្លាក់ថ្លៃពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ជាប់ៗគ្នា នៅដើមសប្ដាហ៍នេះ បន្ទាប់ពីតម្លៃប្រាក់ដុល្លារប្រចាំសប្ដាហ៍មានកំណើនខ្ពស់កាលពីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ