ច្រកសេដ្ឋកិច្ច

ថៃនឹងបង្កើតច្រកផ្លូវទឹកថ្មីដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជំនួសច្រកដឹកជញ្ជូនម៉ាឡាការបស់សឹង្ហបុរី


រដ្ឋាភិបាលថៃ កំពុងបង្ហាញគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនតាមផ្លូវទឹកតម្លៃរាប់ពាន់លានដុល្លារដល់វិនិយោគិនបរទេស ដែលជាច្រកទ្វារដឹកជញ្ជូនថ្មី និងចំណេញពេលវេលាដោយភ្ជាប់ពីមហាសមុទ្រឥណ្ឌាឆ្លងកាត់ឈូងសមុទ្រថៃ និងឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក។ គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០ ហើយវានឹងជំនួសផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រម៉ាឡាការបស់សឹង្ហបុរី ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBloomberg។
ច្រកសេដ្ឋកិច្ច
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន នៅមុនកិច្ចប្រជុំ APEC មកដល់ បានប្រាប់វិនិយោគិននៅសាន់ហ្វ្រាន់ស៊ីស្កូថា គម្រោងផ្លូវដឹកជញ្ជូនតាមផ្លូវទឹកថ្មីខាងលើនេះ អាចកាត់បន្ថយពេលវេលាធ្វើដំណើរជាមធ្យម៤ថ្ងៃ និងកាត់បន្ថយថ្លៃដឹកជញ្ជូន១៥%។ លោកថា ក្រោយបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០៣០ គម្រោងនេះនឹងមានសមត្ថភាពអាចដឹកជញ្ជូនលើសច្រកសមុទ្រម៉ាឡាការបស់សឹង្ហបុរីទៅទៀត​។

យោងតាមរដ្ឋាភិបាលថៃ គម្រោងតភ្ជាប់ផ្លូវទឹកនេះនឹងត្រូវចំណាយប្រាក់ប្រមាណ១ទ្រីលានបាត ឬស្មើនឹង២៨ពាន់លានដុល្លារ ដែលនឹងសាងសង់កំពង់ផែនៅសងខាងនៃឧបទ្វីបភាគខាងត្បូងរបស់ប្រទេសថៃ និងភ្ជាប់ដោយបណ្តាញផ្លូវល្បឿនលឿនព្រមទាំងប្រព័ន្ធផ្លូវដែកផងដែរ។ គម្រោងផ្លូវដឹកជញ្ជូនដែលមានប្រវែង១០០គីឡូម៉ែត្រនេះ ចង់ឬមិនចង់នឹងជំនួសច្រកសមុទ្រម៉ាឡាការបស់សឹង្ហបុរី។

គួរជម្រាបថា ច្រកសមុទ្រម៉ាឡាកា ដែលជាច្រកផ្លូវសមុទ្រតូចចង្អៀតរវាងប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី គឺជាផ្លូវទឹកដ៏សំខាន់បំផុតដែលតភ្ជាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទៅកាន់ប្រទេសឥណ្ឌា និងតំបន់មជ្ឈិមបូព៌ា។ ប្រហែលមួយភាគបួននៃទំនិញជួញដូររបស់ពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រម៉ាឡាកានេះ។ ស្របពេលដែលច្រកនេះកាន់តែមានភាពមមាញឹក វាក៏ជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើងដែរ។ ក្នុងន័យនេះ លោក ស្រ៊ីថា បានបន្ថែមថា យ៉ាងហោចណាស់មានឧបទ្ទវហេតុជាង៦០ដងជាមធ្យមក្នុងមួយឆ្នាំបានកើតឡើងនៅតាមផ្លូវទឹកដ៏មហាញឹកនេះ។ តែបើច្រកដឹកជញ្ជូនថៃថ្មីសាងសង់រួច នោះវានឹងក្លាយជាច្រកផ្លូវដឹកជញ្ជូនថ្មីសម្រាប់ជួយដោះស្រាយបញ្ហានៅច្រកម៉ាឡាកា។

បើតាមនាយករដ្ឋមន្ត្រីថៃរូបនេះ កំពង់ផែនៅម្ខាងនៃគម្រោងនេះនឹងមានសមត្ថភាពផ្ទុកដល់ជិត២០លានតោន ខណៈដែលម្ខាងទៀតអាចផ្ទុកបានប្រមាណជិត១៤លានហ្វីតនៃកុងតឺន័រ ហើយបើរួមគ្នាស្នើនឹងប្រមាណ២៣% នៃទំនិញសរុបរបស់កំពង់ផែម៉ាឡាកានាពេលបច្ចុប្បន្ន។

លោកបន្ថែមថា គម្រោងនេះ ក៏បានលើកឡើងដល់វិនិយោគិននៅក្នុងប្រទេសចិន និងអារ៉ាប៊ីសាអូឌីតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែរ។ គម្រោងនេះវានឹងជួយបង្កើតការងារ២៨ម៉ឺនកន្លែង និងជំរុញអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសថៃដល់៥,៥% ក្រោយអនុវត្តបានពេញលេញ។

បច្ចុប្បន្ន ថៃគឺជាប្រទេសដែលបានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានកំណើនសេដ្ឋកិច្ច២,៦%កាលពីឆ្នាំមុន និងកំណើនឆ្នាំ២០២៣នេះត្រូវបានព្យាករណ៍មានចន្លោះពី២,៥ដល់៣%។

គួររំលឹកផងដែរថា ប្រទេសថៃមានបំណងបញ្ចប់គម្រោងសាងសង់នេះនៅឆ្នាំ២០៣០ ហើយអ្នកវិនិយោគបរទេសនឹងត្រូវបានអនុញ្ញាតឱ្យកាន់កាប់ច្រើនជាង៥០% ក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកក្នុងការកសាងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកអ្នកលក់ដូរតាមដងផ្លូវជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអ្នកដើរតួនាទី និងរួមចំណែកដ៏សំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋ…

ការបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត កំពុងផ្តល់ក្តីសង្ឃឹមដល់ការរស់ឡើងវិញនៃប្រេងរបស់កម្ពុជា?

ព័ត៌មាន
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេង និងថាមពលនៅកម្ពុជា ស្របពេលកម្ពុជាកំពុងស្វែងរកក្រុមហ៊ុន និងវិនិយោគិនបរទេសឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ