កំណែទម្រង់សាធារណៈ

តើអ្នកជំនាញ យល់ឃើញបែបណាខ្លះចំពោះកំណែទម្រង់សាធារណៈរបស់រដ្ឋាភិបាលលើក្រសួង ស្ថាប័ន នានា ក្នុងនីតិកាលទី៧?


ការអនុវត្តន៍នូវកំណែទម្រង់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» ក្នុង រដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ការចាប់អារម្មណ៍នេះ គឺបន្ទាប់ពីរដ្ឋាភិបាល បានអនុវត្តន៍វិន័យលើមន្រ្តីដែលប្រព្រឹត្តខុស និងតាមរយៈការបណ្ដេញចេញពីក្របខណ្ខ ព្រមទាំងការចាប់ខ្លួនជាដើម។
កំណែទម្រង់សាធារណៈ
ដោយ

តើកំណែទម្រង់នេះ អាចជាផ្លូវល្អសម្រាប់កម្ពុជាឈានឆ្ពោះទៅកាន់គោលនយោបាយលើកស្ទួយសេដ្ឋកិច្ច នាពេលខាងមុខដែរឬទេ?

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ បានចាត់ទុកការអនុវត្តន៍នូវកំណែទម្រង់របស់រដ្ឋាភិបាលនីតិកាលទី៧ថា បានបង្ហាញឱ្យឃើញពីភាពម៉ឺងម៉ាត់នៅក្នុងការលុបបំបាត់ចោលរាល់ទង្វើមិនល្អ ឬភាពអសកម្មទាំងឡាយដែលមាននៅក្នុងសង្គម ដែលឆ្លុះបញ្ចាំងពីការមិនគាំទ្រនូវអំពើទុច្ចរិត ក៏ដូចជាការឃុបឃិតណាមួយជាមួយអំពីទុច្ចរិតនៅក្នុងការបំផ្លាញឱ្យកម្ពុជាទទួលរងនូវហានីភ័យធ្ងន់ធ្ងរ។

លោក សេក សុជាតិ បានបន្តឲ្យដឹងទៀតថា ការអនុវត្តនូវកំណែទម្រង់ដើម្បីឈានឆ្ពោះទៅកាន់ភាពរីកចម្រើន គឺជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែរដ្ឋាភិបាល គួរគិតគូរការបើកទូលាយផ្ទៃក្នុងនយោបាយ សិទ្ធិបញ្ចេញមតិ និងសិទ្ធិប្រជាធិបតេយ្យជាដើម ខណៈបញ្ហាទាំងនេះ គឺជាការរួមចំណែកក្នុងការឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដោយរលូនដោយមិនមានការព្រួយបារម្ភ។

ជុំវិញកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការអនុវត្តរបស់រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺជាជំហានដ៏ត្រឹមត្រូវក្នុងទិសដៅធ្វើកែទម្រង់ស៊ីជម្រៅ។ លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា ប្រសិនបើដំណើរការកំណែទម្រង់នេះនៅតែបន្តដោយស្វាហាប់ និងស្មើភាព នោះនឹងក្លាយជាជំហានដ៏វិជ្ជមានប្រកបដោយសុទិដ្ឋិនិយម។សម្រាប់អ្នកជំនាញរូបនេះ ជំហានរបស់រដ្ឋាភិបាលនៅពេលនេះ អាចជាការត្រួសត្រាយផ្លូវមួយដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ ព្រោះ រដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យអន្តរកាលសំខាន់ៗចំនួន៣ ដែលនឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០៥០។

ស្រដៀងគ្នានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការអនុវត្តនូវកំណែទម្រង់អភិបាលកិច្ចល្អ គឺជាការអនុវត្តជាប្រចាំដែលមានតាំងតែពីនៅក្នុងសម័យដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មកម្ល៉េះ។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា កំណែទម្រង់ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» ដែលធ្លាប់អនុវត្តតាំងពីអាណត្តិមុន នៅតែមានសុពលភាពសម្រាប់អនុវត្តន៍បន្ត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មី បានដាក់ចេញអភិក្រម៤ទៀត គឺចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ការប្ដេជ្ញាចិត្តខ្ពស់ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងការលះបង់។យ៉ាងណាក៏ដោយ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែផ្ដល់កិត្តិយសដល់មន្រ្តីដែលខំបំពេញការងារ ប៉ុន្តែមន្រ្តីដែលធ្វើខុសហើយមិនមានការកែប្រែនឹងត្រូវអនុវត្តនូវអភិក្រមចុងក្រោយ គឺវះកាត់ ឬលះបង់តែម្ដង។

ទន្ទឹមគ្នានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកដំណើរការអនុវត្តន៍របស់រដ្ឋាភិបាលថា ជាទស្សនវិស័យច្បាស់លាស់ក្នុងការនាំយកកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អាស៊ានជិតសម្រេចបានតាមគោលដៅផលិតថាមពលកកើតឡើងវិញឱ្យបានក្នុងរង្វង់៣៥% ហើយ

ព័ត៌មាន
យោងតាមអង្គការឃ្លាំមើលថាមពលពិភពលោក (GEM) សមត្ថភាពផលិតថាមពលកកើតឡើងវិញក្នុងតំបន់អាស៊ាន ទាំងមូលបានកើនឡើងជាង២០% ក្នុងឆ្នាំ២០២៣ ឈានដល់កម្…

ក្រុមហ៊ុនយក្ស Google គ្រោងបោះទុនរាប់ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅចក្រភពអង់គ្លេស

ព័ត៌មាន
Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ខ្លួនគ្រោងបោះទុនវិនិយោគក្នុងទំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ