វិស័យពាណិជ្ជកម្ម

អាម៉េរិក នៅតែប្ដេជ្ញាដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនី និងបន្ទះសូឡាចិន ទោះមានការព្រ.មានពីចិន


សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោកកាន់តែឡើងកម្ដៅ ខណៈសហរដ្ឋអាម៉េរិក ដែលជាបងធំទី១ នៅតែប្ដេជ្ញាដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនី និងបន្ទះសូឡាចិន នៅចុងខែកញ្ញា នេះ បើទោះបីជាមហាយក្សចិន ដែលជាបងធំទី២ ឡាំប៉ាកើតទុក្ខមិនសុខចិត្ត និងព្រមានចាត់វិធានការតបតវិញ ដើម្បីការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន យ៉ាងណាក៏ដោយចុះ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅបានសម្រេចដំឡើងពន្ធយ៉ាងខ្ពស់លើទំនិញនាំចូលរបស់ចិន រួមទាំងពន្ធ១០០% លើរថយន្តអគ្គិសនីចិន ផងដែរ ដើម្បីបង្កើនការការពារឧស្សាហកម្មសំខាន់ៗក្នុងស្រុកពីការអនុវត្តឧស្សាហកម្មមិនត្រឹមត្រូវដែលដឹកនាំដោយរដ្ឋរបស់ប្រទេសចិន។

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានគូសបញ្ជាក់ថា ពន្ធគយជាច្រើនលើទំនិញនាំចូលរបស់ចិន រួមទាំងពន្ធ១០០% លើរថយន្តអគ្គិសនី ពន្ធ៥០% លើបន្ទះសូឡា និងពន្ធ២៥% លើដែកថែប អាលុយមីញ៉ូម អាគុយរថយន្តអគ្គិសនី និងសារធាតុរ៉ែសំខាន់ៗផង នឹងចូលជាធរមាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានឱ្យដឹងទៀតថា ពន្ធ៥០% លើបន្ទះឈីបចិន នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៥។

រដ្ឋបាលដឹកនាំដោយលោក ចូ បៃឌិន បានបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវពន្ធគយដែលត្រូវបានដាក់ចេញក្នុងសម័យអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដោយរក្សាទុកនូវការដំឡើងពន្ធភាគច្រើនដែលបានប្រកាសកាលពីអំឡុងខែឧសភា ឆ្នាំនេះ។ រដ្ឋបាលលោក ចូ បៃឌិន ក៏រក្សាទុកផងដែរនូវពន្ធដាក់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញនាំចូលរបស់ចិន ដែលមានទំហំជាង៣០០ពាន់លានដុល្លារអាម៉េរិក រាប់ចាប់ពីប្រដាប់ប្រដាក្មេងលេង និងអាវយឺត រហូតដល់ដុំរ៉ោតទ័រអ៊ីនធឺណិត និងគ្រឿងចក្រឧស្សាហកម្មក្នុងអត្រាពី៧,៥% ទៅ២៥%។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ក្រុងប៉េកាំង ប្រឆាំងដាច់ខាតចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក លើទំនិញនាំចូលរបស់ចិន ដោយជំរុញឱ្យសហរដ្ឋអាម៉េរិក កែតម្រូវកំហុសរបស់ខ្លួននេះជាបន្ទាន់ និងដកពន្ធទាំងអស់ដែលដាក់លើទំនិញចិន។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍របស់ក្រុមហ៊ុនចិន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន អាចសង្គ្រោះប្រទេសថៃ ចេញពីវិបត្តិសេដ្ឋកិច្ចបានដែរឬទេ?

ព័ត៌មាន
បញ្ហានយោបាយដ៏ចាក់សេ្រះ និងពោរពេញទៅដោយកលិយុគអាចជាឧបសគ្គដ៏ចម្បងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុត និងជាស្…

ម៉ាឡេស៊ី នឹងដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែម

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីនឹងដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់របស់ប្រជាពលរដ្ឋលើភេសជ្ជៈប្រភេទនេះ។ ការដាក់ចេញវិធានការបែបនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ