ស្ថានភាពអាកាសធាតុនៅឆ្នាំ២០២២

ស្ថានភាពអាកាសធាតុនៅឆ្នាំ២០២២ នឹងមានការប្រែប្រួលអ្វីខ្លះ?


ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស។ ដោយបានព្យាករអំពីបាតុភូតសកល ពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និង រដូវវស្សាឆ្នាំ ២០២២នេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ ខ្យល់គួច ខ្យល់កន្ត្រាក់ និងអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងនាពាក់កណ្តាលរដូវវស្សាផងដែរ។
រូបតំណាង រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ

យោងតាមសេចក្តីដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភារហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត ( Neutral ) ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nin (ត្រជាក់) មាន ៦០% និងបាតុភូត La Nina មាន ៤០% ។ ដោយឡែកចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ទទួលរងឥទ្ធិពលពីបាតុភូត Neutral មាន ៦០% បាតុភូត La Ninaមាន ៣០% និងបាតុភូត El Nino មាន ១០% ។

ទន្ទឹមនេះ រដូវវស្សាឆ្នាំ ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភាជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ។ ក្នុងនោះ នៅដើមរដូវវស្សា នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើនផងដែរ ។

ចំណែកនៅពាក់កណ្តាលរដូវវស្សាវិញ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។ លើសពីនេះ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងថែមទៀតផង។

ជាមួយគ្នានោះ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ។ ដែលនៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មធ្យមផងដែរ។

សូមជម្រាបថា នៅក្នុងរដូវវស្សាឆ្នាំ២០២២ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណទឹកភ្លៀងអាចមានសភាពថមថយខ្លះ (អំឡុងចុងខែកក្កដា ឬដើមខែសីហា) តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ ស្ថានភាពព្យុះនៅក្នុងឆ្នាំ ២០២២ នេះ មានចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវ…

IMF ថាអាចផ្ដល់កម្ទីឱ្យប្រទេសស្រីលង្កា ប៉ុន្តែត្រូវតែធានាសងបំណុលឱ្យបានទៀងទាត់

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការពិភាក្សាជាមួយប្រទេសស្រីលង្កា ពីកម្មវិធីផ្ដល់កម្ចីប្រកបដោយសក្តានុពលរបស់មូលនិធិ IMF កំពុងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ