ក្រុមឧទ្ទាមហូទី

អាម៉េរិក និងសម្ព័ន្ធមិត្តរួមគ្នាព្រមានប្រើធម៌ក្ដៅ បើក្រុមឧទ្ទាមហូទី ហ៊ានធ្វើការវាយប្រហារថែមទៀតនៅសមុទ្រក្រហម


ប្រទេសជាង១០បានរួមគ្នាព្រមានប្រើធម៌ក្ដៅលើក្រុមឧទ្ទាមហូទី (Houthi) មានមូលដ្ឋាននៅប្រទេសយេម៉ែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ប្រសិនបើក្រុមនេះហ៊ានធ្វើការវាយប្រហារថែមទៀតទៅលើនាវាដឹកជញ្ជូនទំនិញនៅតាមផ្លូវសមុទ្រក្រហម ដែលបានបណ្ដាលឱ្យរាំងស្ទះដល់ខ្សែច្រវាក់ពាណិជ្ជកម្មពិភពលោក ហើយបណ្ដាលឱ្យមានការឆ្លើយតបមានកម្រិតផ្នែកយោធាពីសហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ក្រុមឧទ្ទាមហូទី
ដោយ

រដ្ឋាភិបាលចំនួន១២រួមមាន អាម៉េរិក អង់គ្លេស អូស្ត្រាលី បារ៉ែន បែលហ្ស៊ិក កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ និងនូវែលសេឡង់ បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធ ទី៣ ខែមករា ថា ក្រុមឧទ្ទាមហូទី នឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកមួយចំនួន ប្រសិនបើពួកគេនៅតែបន្តគំរាមកំហែងដល់អាយុជីវិត សេដ្ឋកិច្ចពិភពលោក និងរំហូរពាណិជ្ជកម្មសេរីនៅក្នុងផ្លូវទឹកសមុទ្រក្រហម ដ៏សំខាន់ក្នុងតំបន់នេះ។

រដ្ឋាភិបាលទាំងនេះបានចាត់ទុកការវាយប្រហារដោយក្រុមឧទ្ទាមហូទី នេះថាជាទង្វើខុសច្បាប់ មិនអាចទទួលយកបាន និងបង្កអស្ថិរភាពយ៉ាងខ្លាំង។ មន្ត្រីអាម៉េរិក បានបញ្ជាក់ថា ប្រទេសសិង្ហបុរី ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះដែរ។

ផ្លូវដឹកជញ្ជូនកុងតឺន័រថ្មីៗជាច្រើនត្រូវបានបង្កើតឡើងដើម្បីវៀងសមុទ្រក្រហម បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ ដោយក្រុមហ៊ុនទាំងនេះបានបង្ខំចិត្តបង្វែរទិសដៅនាវារបស់ពួកគេ ដោយត្រូវធ្វើដំណើរផ្លូវវាងចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅជុំវិញទ្វីបអាហ្វ្រិក។ តាមធម្មតាផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម នេះអាចដោះស្រាយពាណិជ្ជកម្មពិភពលោកបាន១២% ហើយការវាយប្រហារទាំងនេះបានបន្ថែមហានិភ័យធ្វើឱ្យសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា រីករាលដាលពេញតំបន់។

ក្រុមហ៊ុនដឹកជញ្ជូន មើស ហាងចូ (Maersk Hangzhou) បាននិយាយកាលពីថ្ងៃទី៣១ ខែធ្នូ ថា​ រដ្ឋាភិបាលទាំងនេះ បានសន្យាថា នឹងចាប់ក្រុមឧទ្ទាមហូទី ឱ្យទទួលខុសត្រូវចំពោះការរឹបអូស និងការវាយប្រហារដោយខុសច្បាប់ទាំងនេះ ប៉ុន្តែជាក់ស្ដែងក្រុមហ៊ុនទាំងនោះមិនបានបង្ហាញវិធានការណាមួយឱ្យលើសពីកងទ័ពជើងទឹកដឹកនាំដោយអាមេរិក ដែលបានឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមហូទី រួមទាំងការពន្លិចទូករបស់ក្រុមនេះ បន្ទាប់ពីក្រុមនេះបានព្យាយាមឡើងលើកប៉ាល់កុងតឺន័រនោះឡើយ។

ទោះជាយ៉ាងណា ប្រភពស្និទ្ធនឹងបញ្ហានេះបាននិយាយថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងពិចារណាលើលទ្ធភាពវាយប្រហារដោយយោធាទៅលើឧទ្ទាមហូទី នៅប្រទេសយេម៉ែន ប៉ុន្តែប្រភពនេះក៏ទទួលស្គាល់ដែរថា កងកម្លាំងការពារសមុទ្ររបស់រដ្ឋាភិបាលចម្រុះនេះប្រហែលជាមិនគ្រប់គ្រាន់ឡើយ សម្រាប់ការលុបបំបាត់ការគំរាមកំហែងដល់ផ្លូវទឹកដ៏សំខាន់មួយនេះ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលអាម៉េរិក កាលពីថ្ងៃពុធ សប្ដាហ៍នេះមិនបានឆ្លើយតបសំណួរបស់អ្នកកាសែតជុំវិញការគិតគូរពីវិធានការបង្ការទុកជាមុន ដើម្បីការពារការវាយប្រហារបន្ថែមទៀតពីក្រុមឧទ្ទាមនេះទេ ដោយគ្រាន់តែនិយាយថា អាម៉េរិក នឹងធ្វើសកម្មភាពជាមួយប្រទេសផ្សេងទៀតក្នុងពេលដ៏ចាំបាច់ ប៉ុន្តែអាម៉េរិក មានឆន្ទៈជៀសវាងការបន្តធ្វើសង្គ្រាមដោយបើកចំហនៅប្រទេសយេម៉ែន ដែលបានរងគ្រោះដោយសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកហើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការផ្តល់កម្ចីក្រៅផ្លូវការអាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីផ្លូវការកម្រិតណា?

ព័ត៌មាន
ទោះបីវិស័យធនគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែយើងសង្កេតឃើញថា ការផ្តល់កម្ចីពីក្រុមហ…

កោះម៉ាកាវរកចំណូលពីវិស័យកាស៊ីណូបានជិត២៣ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ព័ត៌មាន
គ្រាន់តែកោះម៉ាកាវតែមួយ ដែលជាតំបន់រដ្ឋបាលពិសេសមួយស្ថិតក្រោមការគ្រប់គ្រងដោយចិន នៅក្នុងឆ្នាំ២០២៣ កន្លងទៅ អាចរកប្រាក់ចំណូលសរុបរហូតដល់ទៅជិត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ