រដ្ឋសភាអាម៉េរិក

រដ្ឋសភាអាម៉េរិកអនុម័តកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់


រដ្ឋសភាអាម៉េរិកកាលពីថ្ងៃសៅរ៍ បានអនុម័តកញ្ចប់ថវិកាចំនួន៩៥ពាន់លានដុល្លារសម្រាប់ផ្ដល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ក្រោយពីមានការជំទាស់យ៉ាងខ្លាំងពីក្រុមសមាជិកគណបក្សសាធារណរដ្ឋជាច្រើនខែមកនេះ ខណៈដែលប្រមុខការទូតអាមេរិកនឹងធ្វើដំណើរទៅប្រទេសចិននៅសប្ដាហ៍នេះ ដើម្បីស្រាយចម្ងល់របស់ខ្លួនជុំវិញការគាំទ្ររបស់ក្រុមហ៊ុនចិនចំពោះសង្គ្រាមរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រដ្ឋសភាអាម៉េរិក
ដោយ

ក្រោយពីមានការរារាំងពីសមាជិកសភារបស់គណបក្សសាធារណរដ្ឋជាងពីរខែមកនេះ នៅទីបំផុតសមាជិកសភាតំណាងរាស្ត្រអាម៉េ​រិក បានបោះឆ្នោតក្នុងសំឡេង៣១២-១១២ កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ដើម្បីអនុម័តកញ្ចប់ថវិកាចំនួន៩៥ពាន់លានដុល្លារ សម្រាប់ផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន ប្រទេសអ៊ីស្រាអែល និងកោះតៃវ៉ាន់។ ឥឡូវនេះ សភាតំណាងរាស្ត្របានបញ្ជូនច្បាប់ថវិកានេះឡើងទៅកាន់ព្រឹទ្ធសភាដែលគ្រប់គ្រងសំឡេងភាគច្រើនដោយគណបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងអនុម័តនៅថ្ងៃអង្គារ សប្ដាហ៍នេះ មុនពេលបញ្ជូនវាទៅឱ្យប្រធានាធិបតីអាម៉េ​រិក លោក ចូ បៃដិន ចុះហត្ថលេខាឱ្យចូលជាច្បាប់ធរមាន។

ក្នុងចំណោមថវិកាជំនួយទាំង៩៥ពាន់លានដុល្លារនេះ គឺជិត៦១ពាន់លានដុល្លារសម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន រួមទាំង២៣ពាន់លានដុល្លារសម្រាប់ផ្នែកសន្តិសុខផងដែរ។ ចំណែក២៦ពាន់លានដុល្លារទៀត គឺសម្រាប់ប្រទេសអ៊ីស្រាអែល រួមទាំងជាង៩ពាន់លានដុល្លារសម្រាប់តម្រូវការមនុស្សធម៌ ហើយចំនួនជាង៨ពាន់លានដុល្លារ គឺសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករួមទាំងតៃវ៉ាន់ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី បានសម្តែងការអរគុណដោយនិយាយថា សមាជិកសភាអាម៉េ​រិក បានរក្សា«ប្រវត្តិសាស្រ្តនៅលើផ្លូវដ៏ត្រឹមត្រូវ» ហើយថា ច្បាប់ថវិកាដ៏សំខាន់របស់អាម៉េ​រិកនេះ នឹងការពារសង្រ្គាមពីការរីករាលដាល ជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងជួយប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ពាក់ព័ន្ធនឹងសហរដ្ឋអាម៉េ​រិកនេះដែរ រដ្ឋមន្ត្រីការបរទេសអាម៉េ​រិក លោក អេនថូនី ប្ល៊ីនខិន គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងស៊ាងហៃ និងទីក្រុងប៉េកាំងប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមេសា ដើម្បីបង្ហាញពីក្ដីកង្វល់របស់អាម៉េ​រិកចំពោះការគាំទ្ររបស់ក្រុមហ៊ុនចិន សម្រាប់ក្បាលម៉ាស៊ីនសង្គ្រាមរបស់ប្រទេសរុស្ស៊ី និងដើម្បីធានាបានថា ទំនាក់ទំនងជាមួយនឹងទីក្រុងប៉េកាំងមិនធ្លាក់ចេញពីផ្លូវម្ដងទៀត។

ទោះជាប្រទេសចិន មិនទាន់ឆ្លងកាត់បន្ទាត់ក្រហមរបស់អាម៉េ​រិកក្នុងការផ្តល់ជំនួយយោធា ឬគ្រាប់រំសេវដល់រុស្ស៊ីក៏ពិតមែន ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា នៅក្នុងដំណើរទស្សនកិច្ចនេះលោក ប្ល៊ីនខិន នឹងផ្តល់ការព្រមានដល់ទីក្រុងប៉េកាំងថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងរួបរួមគ្នាប្រឆាំងនឹងតួនាទីរបស់ចិន។ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានប្រាប់អ្នកកាសែតថា លោក ប្ល៊ីនខិន នឹងធ្វើការបកស្រាយពីផលប៉ះពាល់សម្រាប់សន្តិសុខនៅតំបន់អឺរ៉ុប។

នេះគឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ក្នុងចំណោមដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់អាម៉េ​រិកទៅកាន់ទីក្រុងប៉េកាំង ខណៈដែលប្រទេសទាំងពីរនេះកំពុងសម្លឹងរកការធ្វើឱ្យបានល្អតាមការសន្យារបស់ពួកគេដែលបានកំណត់នៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ កាលពីចុងឆ្នាំមុន ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលនាំឱ្យទំនាក់ទំនងទ្វេភាគីបែកបាក់គ្នាស្ទើរតែទាំងស្រុង៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អន្តរជាតិធំៗទាំង១០ ប្ដេជ្ញាផ្ដល់កម្ចីបន្ថែម៤០០ពាន់លានដុល្លារ សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលមានមូលដ្ឋាននៅវ៉ាស៊ីនតុនឌីស៊ី សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អន្តរជាតិធំៗទាំង១០របស់ពិ…

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងប្តេជ្ញាបន្តជំរុញបន្ថែម

ព័ត៌មាន
រដ្ឋមន្រ្តីការបរទេសកម្ពុជា និងចិន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ