រូបិយប័ណ្ណដុល្លារ

ប្រធានធនាគារកណ្ដាលអាម៉េរិក ចេញមុខអះអាងថា ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក


ស្របពេលលេចឮព័ត៌មានជាបន្តបន្ទាប់ថា ប្រទេសកាន់តែច្រើន ជាពិសេសសមាជិកនៃប្លុកប្រទេស BRICS បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិក្នុងយុទ្ធនាការធ្វើបដិដុល្លារនីយកម្ម ស្រាប់តែពេលនេះ ប្រធានធនាគារកណ្ដាលអាម៉េរិក បានចេញមុខអះអាងថា ប្រាក់ដុល្លារអាម៉េរិក នៅតែបន្តជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។
រូបិយប័ណ្ណដុល្លារ
ដោយ

លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) ទេសាភិបាលនៃធនាគារកណ្ដាលអាម៉រិក (Federal Reserve) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បានចេញមុខអះអាងថា ប្រាក់ដុល្លារអាម៉េរិក នៅតែបន្តជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក និងនៅតែមានឥទ្ធិពលគ្របដណ្ដប់លើពាណិជ្ជកម្មអន្តរជាតិ ជាអត្ថប្រយោជន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចអាម៉េរិក នៅលើឆាកអន្តរជាតិ។

ថ្លែងក្នុងសន្និសីទមួយកាលពីពេលថ្មីៗ លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) បានថ្លែងថា ការព្រមានកាលពីពេលថ្មីៗនេះអំពីការធ្លាក់ចុះឋានៈនៃប្រាក់ដុល្លារអាម៉េរិក បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃទណ្ឌកម្មលើប្រទេសរុស្ស៊ី ការជាប់គាំងនយោបាយរបស់សហរដ្ឋអាម៉េរិក ការកើនឡើងនូវរូបិយប័ណ្ណឌីជីថល (គ្រីបតូ) និងកិច្ចខិតខំប្រឹងប្រែងរបស់មហាយក្សចិន ក្នុងការជំរុញការប្រើប្រាស់ប្រាក់យន់ (Yuan)។

ទាក់ទិនបញ្ហានេះ លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) អះអាងថា ការព្រួយបារម្ភទាំងនោះមិនបានធ្វើឱ្យធ្លាក់ចុះគួរឱ្យកត់សម្គាល់ នូវឥទ្ធិពលដ៏ធំសម្បើមរបស់ប្រាក់ដុល្លារអាម៉េរិក ក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនោះឡើយ។ លោកបានកត់សម្គាល់ថា ការកើនឡើងនូវការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (គ្រីបតូ) ដែលមានទំនាក់ទំនងខ្លាំងលើសលប់ជាមួយប្រាក់ដុល្លារ ទំនងជាធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រាក់ដុល្លារអាម៉េរិក ទៅវិញទេ។

លោកអះអាងថា បច្ចាមិត្តរបស់សហរដ្ឋអាម៉េរិក មានជម្រើសតិចតួចណាស់ក្រៅពីប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ហើយនោះក៏ដោយសារតែបណ្ដាវិនិយោគិនបរទេសមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់រូបិយប័ណ្ណយន់ របស់ចិន ព្រោះខ្វះទំនុកចិត្តមកលើបណ្ដាស្ថាប័នរបស់ចិន។

បន្ថែមពីលើនេះ បណ្ដាវិនិយោគិនបានសម្រុកទៅទិញប័ណ្ណរតនាគាររបស់សហរដ្ឋអាម៉េរិក ក្នុងគ្រាដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពចលាចល ដើម្បីការពារស្ថិរភាពនៃទ្រព្យសកម្មរបស់ពួកគេ។

លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) លើកឡើងថា លោករំពឹងថានឹងមិនឃើញប្រាក់ដុល្លារអាម៉េរិក បាត់បង់ឋានៈជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកក្នុងពេលឆាប់ៗនេះឡើយ ហើយក៏មិនឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវឥទ្ធិពលរបស់ប្រាក់ដុល្លារអាម៉េរិក នៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិនោះដែរ។ អ្នកខ្លះបានព្រមានថា ស្ថានការណ៍វិវត្តន៍កាលពីពេលថ្មីៗនេះអាចគំរាមកំហែងដល់ឋានៈរបស់ប្រាក់ដុល្លារ ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ហើយបើទោះជាការគំរាមកំហែងទាំងនោះកើតមានមែន ក៏វានៅឆ្ងាយខ្លាំងណាស់ មិនមែនឆាប់ៗនេះនោះទេ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការផលិតវីដេអូផ្សព្វផ្សាយខុសពីការពិតជះឥទ្ធិពលយ៉ាងណាខ្លះដល់សេដ្ឋកិច្ច និងកិត្តិយសកម្ពុជា?

ព័ត៌មាន
ការផលិតមាតិកាវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ត្រូវបានសង្កេតឃើញថា កំពុងមានការពេញនិយមខ្លាំងនៅកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសមួយចំនួនលើពិ…

តើជប៉ុនគិតយ៉ាងណាចំពោះលោក ដូណាល់ ត្រាំ ខណៈភាគរយរបស់លោកវិលមកសេតវិមានកាន់តែកើនឡើង?

ព័ត៌មាន
ខណៈដែលប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ កាន់តែមានទំនោរកើនឡើង រដ្ឋាភិបាលជប៉ុន នៅពេលនេះហាក់កំពុងតែរៀបចំជើងព្រួលទុកជាមុន ខណៈដែលលោក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ