រូបិយប័ណ្ណដុល្លារ

មហាយក្សចិន និងរុស្ស៊ីឈប់ប្រើប្រាក់ដុល្លារអាម៉េរិកស្ទើរតែទាំងស្រុងក្នុងពាណិជ្ជកម្មទ្វេភាគី


នាយករដ្ឋមន្ត្រីរុស្ស៊ីលោក មីខាអ៊ីល មូស៊ូទីន (Mikhail Mishustin) បានទម្លាយឱ្យដឹងថា មហាយក្សចិនដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក និងមហាអំណាចរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតល្មួតរបស់ខ្លួនបានឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិក ស្ទើរតែទាំងស្រុងនៅក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីសប្ដាហ៍កន្លងទៅ។
រូបិយប័ណ្ណដុល្លារ
ដោយ

នៅក្នុងជំនួបជាមួយក្រុមមន្ត្រីនៃប្រទេសចិន និងរុស្ស៊ី កាលពីសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មូស៊ូទីន បានអះអាងថា ជាង៩០% នៃពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរត្រូវបានទូទាត់ជារូបិយប័ណ្ណរូប៊ល (Ruble) របស់រុស្ស៊ី ឬរូបិយប័ណ្ណយន់ របស់ចិន។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS បានដកស្រង់ប្រសាសន៍របស់លោក មីខាអ៊ីល មូស៊ូទីន ដែលបានលើកឡើងថា នេះបង្ហាញពីការធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិកស្ទើរតែទាំងស្រុងនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច។

ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងមហាយក្សចិន ក៏បានកើនឡើងផងដែរក្នុងឆ្នាំនេះដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវពឹងផ្អែកលើប្រទេសចិនកាន់តែខ្លាំងសម្រាប់ពាណិជ្ជកម្ម។ លោក មីខាអ៊ីល មូស៊ូទីន បាននិយាយថា ប្រតិបត្តិការពាណិជ្ជកម្មសរុបរវាងប្រទេសមហាអំណាចទាំងពីរបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរហូតដល់២០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ នេះ។

ទន្ទឹមនឹងនេះ ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិកកាលពីពេលថ្មីៗនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។ ស្ថានការណ៍នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េ​រិក និងសម្ព័ន្ធមិត្តរបស់ខ្លួនភាគច្រើនបានកាត់ផ្តាច់ក្រុងមូស្គូ ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង ទទួលបានផលចំណេញគួរឱ្យកត់សម្គាល់នៅក្នុងការព្យាយាមធ្វើអន្តរជាតូបនីយកម្ម (Internationalization) ប្រាក់យន់ ឬការប្រើប្រាស់ប្រាក់យន់ជាអន្តរជាតិ។

ចំណែកទីផ្សារនៃការទូទាត់ជាសកលរបស់ប្រាក់យន់បានកើនឡើងពី១,៩%ក្នុងខែមករា ឈានដល់៣,៦%ក្នុងខែតុលា ឆ្នាំនេះ ហើយធនាគារកណ្ដាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេភាគីជាមួយធនាគារកណ្តាលជាង៣០នៅទូទាំងពិភពលោក រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអាហ្សង់ទីនផងដែរ។

និន្នាការទាំងនោះឆ្លុះបញ្ចាំងពីការកើនឡើងនូវបំណងប្រាថ្នាចង់ឱ្យប្រទេសរុស្ស៊ី មហាយក្សចិន និងប្រទេសផ្សេងទៀតក្នុងប្លុក BRICS ធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េ​រិកពីក្នុងសេដ្ឋកិច្ចរបស់ពួកគេ ដោយអ្នកធ្វើអត្ថាធិប្បាយមួយចំនួនបានសម្ដែងការព្រួយបារម្ភថា ប្លុកប្រទេស BRICS អាចនឹងបោះពុម្ពរូបិយប័ណ្ណផ្ទាល់ខ្លួនដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េ​រិក។ ប្លុកប្រទេស BRICS រួមមានប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា មហាយក្សចិន និងប្រទេសអាហ្វ្រិកខាងត្បូង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងណានៅពេញមួយឆ្នាំ២០២៣នេះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា រយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យធនាគារ និងហិរញ្ញរបស់កម្ពុជា នៅតែអាចរក្…

ផ្សារមូលបត្ររៀបចំការរត់ប្រណាំង ដើម្បីជួយដល់កុមារ និងផ្សព្វផ្សាយពីវិស័យផ្សារភាគហ៊ុន

ព័ត៌មាន
ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា បានចាត់ទុកការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណជន និងអ្នកវិនិយោគភាគហ៊ុនក្នុងកម្មវិធីរត់ប្រណាំង CSX…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ