ទំនាក់ទំនងអាមេរិក-ចិន

មេដឹកនាំព្រឹទ្ធសភាអាមេរិក ជំរុញឱ្យចិនអនុវត្តស្មើគ្នាចំពោះក្រុមហ៊ុនអាមេរិកនៅចិន


បន្ទាប់ពីបានទៅដល់ប្រទេសចិន គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយលោក ឆាក ស្កូម័រ (Chuck Schumer) មេដឹកនាំព្រឹទ្ធសភាអាមរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា អាមេរិកមិនបានស្វែងរកការធ្វើពិពិធកម្ម និងផ្លាស់ប្តូរសេដ្ឋកិច្ចពីប្រទេសចិននោះទេ តែចង់បានការអនុវត្តស្មើគ្នា និងយុត្តិធម៌សម្រាប់ក្រុមហ៊ុនដែលកំពុងរកស៊ីក្នុងប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ លោក ក៏បានចោទប្រកាន់ត្រង់ៗចំពោះក្រុមហ៊ុន ដែលបានបំពុលសង្គមអាមេរិកតាមរយៈចែកចាយសារធាតុញៀន fentanyl ដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ទំនាក់ទំនងអាមេរិក-ចិន
ដោយ

មេដឹកនាំព្រឹទ្ធសភាអាមេរិកលោក ឆាក ស្កូម័រ (Chuck Schumer) អមដោយសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ លោក មៃ ក្រាប៉ូ (Mike Crapo) និងសមាជិក៤នាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ប្រទេសចិន កាលពីថ្ងៃទី៧។

ក្រោយចុះចតនៅព្រលានយន្តហោះអន្តរជាតិ សៀងហៃ ពូដុង ក្នុងទីក្រុងសៀងហៃ ក្រុមសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ទាំង៦រូប ត្រូវបានស្វាគមន៍ដោយលោក នីកូឡាស ប៊ើនស៍ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិន។ គោលបំណងនៃដំណើរទស្សនកិច្ចដ៏កម្រនេះ គឺដើម្បីសម្រួលទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនឡើងវិញ និងរំពឹងជួបមេដឹកនាំចិនលោក ស៊ី ជិនពីង។

នៅថ្ងៃដដែលនោះ លោក ឆាក ស្កូម័រ បានឈៀងទៅជួបលោក ចេន ជីនីង (Chen Jining) អគ្គលេខាធិកាបក្សកុម្មុយនិស្តចិន ប្រចាំទីក្រុងសៀងហៃ ដោយបានលើកឡើងពីបញ្ហា និងសំណើរមួយចំនួន។ លោក ស្កូម័រ បាននិយាយថា សហរដ្ឋអាមេរិក មិនមែនកំពុងស្វែងរកជម្លោះជាមួយចិននោះទេ តែចង់សម្រេចបានលទ្ធផលខាងសេដ្ឋកិច្ចរួមគ្នា។

តែយ៉ាងណាអាមេរិកមើលឃើញថា ចិនកំពុងអនុវត្តច្បាប់លើក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិនមិនស្មើភាពហើយអាមេរិកស្នើឱ្យទីក្រុងប៉េកាំងបំពេញចន្លោះប្រហោងនេះឱ្យមានសមភាព ដើម្បីឱ្យក្រុមហ៊ុនអាមេរិក ដែលកំពុងរកស៊ីក្នុងប្រទេសចិន អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកដោយស្មើភាព។

នៅក្នុងជំនួបជាមួយប្រធានបក្សកុម្មុយនិស្ត នៅក្រុងទីសៀងហៃនេះ លោក ស្កូម័រ ក៏បានលើកឡើងអំពីតួនាទីក្រុមហ៊ុនចិន នៅក្នុងសហរដ្ឋអាមេរិក ដែលបានចែកចាយសារធាតុញៀនម្យ៉ាងហៅ fentanyI នៅទូទាំងសហរដ្ឋអាមេរិកដែរ។

លោកថា ក្រុមហ៊ុនចិនទាំងនោះកំពុងបង្កឱ្យមានវិបត្តិថ្នាំញៀននៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងការចោទប្រកាន់នេះគេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសំណាក់រដ្ឋាភិបាលចិនវិញនោះទេ។

គួរជម្រាបថា ថ្នាំញៀន fentanyl ជាសារធាតុញៀនម្យ៉ាង ដែលត្រូវបានប្រើសម្រាប់បំបាត់ការឈឺចាប់កម្រិតខ្ពស់ និងបាននាំចូល និងចែកចែងដោយក្រុមហ៊ុនចិននៅអាមេរិក។ ដោយឃើញមានផលវិបាក រដ្ឋាភិបាលអាមេរិកបានបិទ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនទាំងនោះ​។

យ៉ាងណាមិញ មុនការមកដល់របស់គណៈប្រតិភូនេះ ក្រសួងការបរទេសចិន បាននិយាយថា វត្តមាននៃជំនួបរវាងភាគីចិន និងថ្នាក់ដឹកនាំព្រឹទ្ធិសភាអាមេរិកនឹងជួយធ្វើឱ្យប្រសើរឡើងនូវការជជែកគ្នារវាងស្ថា ប័ន​នីតិបញ្ញតិ និងផ្តល់សញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងចិន-អាមេរិក។

យោងតាមកាសែត New York Times ការមកនេះ គណៈប្រតិភូក៏នឹងឆ្លៀតឱកាសលើកឡើងពីបញ្ហាអាកាសធាតុ និងសិទ្ធិមនុស្សក្នុងប្រទេសចិនដែរ។

មិនថាលទ្ធផលបែបណាក៏ដោយ មេដឹកនាំព្រឹទ្ធិសភា លោក ស្កូម័រ រំពឹងថា ដំណើរនេះនឹងក្លាយជាការពិភាក្សាប្រកបដោយភាពស្ថាបនា និងការយោបយល់គ្នាទៅវិញទៅមក។

ក្រោយបញ្ចប់បេសកកម្មនៅចិន គណៈប្រតិភូទាំង៦នាក់ ក៏នឹងបន្តដំណើរទៅកូរ៉េខាងត្បូង និងជប៉ុនទៀតដែរដើម្បីជជែកពីបញ្ហាសន្តិសុខមួយចំនួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យពលរដ្ឋខ្មែររស់នៅ អ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្ន

ព័ត៌មាន
ក្រោយមានការស្លាប់និស្សិតខ្មែរម្នាក់ ដោយសារការប្រយុទ្ធគ្នារវាងក្រុម ហាម៉ាស ជាមួយអាជ្ញាធរអ៊ីស្រាអែល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ…

ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ

ព័ត៌មាន
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតយក្សក្នុងស្រុក វិនិយោគក្រោមដើមទុនប្រមាណ៣០០លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌលលក់ទំនិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ