ពលរដ្ឋខ្មែររស់នៅអ៊ីស្រាអែល

រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យពលរដ្ឋខ្មែររស់នៅ អ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្ន


ក្រោយមានការស្លាប់និស្សិតខ្មែរម្នាក់ ដោយសារការប្រយុទ្ធគ្នារវាងក្រុម ហាម៉ាស ជាមួយអាជ្ញាធរអ៊ីស្រាអែល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរអ៊ីស្រាអែល ដើម្បីជួយសម្របសម្រួលផ្ដល់ទីតាំងសុវត្ថិភាពជូនដល់និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងរស់នៅទីនោះ។ បើតាមសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា មាននិស្សិតខ្មែរមួយចំនួនដែលស្ថិតនៅតំបន់ក្រហម ត្រូវបានជួយសង្រ្គោះ និងកំពុងស្ថិតនៅទីកន្លែងសុវត្ថិភាព។
និស្សិត និងពលរដ្ឋខ្មែរមួយចំនួនកំពុងស្ថិតនៅទីតាំងសុវត្ថិភាព
ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់និស្សិតខ្មែរម្នាក់លើទឹកដីអ៊ីស្រាអែល​ ដោយសារការប្រយុទ្ធគ្នារវាងអាជ្ញាធរអ៊ីស្រាអែល​ ​ជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ភ្លាមៗក្រោយហេតុការណ៍អកុសលនេះកើតឡើង រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរនៃរដ្ឋាភិបាល អ៊ីស្រាអែល​ ​​ដើម្បីជួយសម្របសម្រួលនាំនិស្សិត និងពលរដ្ឋខ្មែរ នៅតំបន់ប្រឈមមុខគ្នាទៅទីកន្លែងសុវត្ថិភាព។ ក្រោយមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអ៊ីស្រាអែល​ ​បានជួយសង្រ្គោះនិស្សិតខ្មែរបានចំនួន៣រូបក្នុងចំណោម៤រូប ដែលមានម្នាក់បានស្លាប់ ចេញពីតំបន់ក្រហម និងកំពុងស្នាក់នៅក្នុងកុងស៊ុលកិត្តិយសរបស់កម្ពុជា នាប្រទេសអ៊ីស្រាអែល​ ​។

ទាក់ទងនឹងករណីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការសហការជាមួយអាជ្ញាធរអ៊ីស្រាអែល​ ដើម្បីផ្ដល់ការការពារសុវត្ថិភាពដល់និស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងធ្វើទំនាក់ទំនង ដើម្បីដឹងពីសុខទុក្ខ និងឈានដល់កិច្ចសម្របសម្រួលក្នុងករណីចាំបាច់នានា។ ទន្ទឹមនឹងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យនិស្សិត និងពលរដ្ឋខ្មែររស់នៅអ៊ីស្រាអែល​ ​​បង្កើនការប្រុងប្រយ័ត្ន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល​​ ក្នុងកាលៈទេសៈកំពុងមានការប្រយុទ្ធគ្នានេះ។ ​

ជុំវិញបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងសារសំឡេងពិសេស ដោយអំពាវនាវដល់និស្សិត និងពលរដ្ឋ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេស អ៊ីស្រាអែល​ ត្រូវធ្វើយ៉ាងណាការពារសុវត្ថិភាពផ្ទាល់ខ្លួន និងស្ដាប់ការណែនាំរបស់អាជ្ញាធរនៅទីនោះ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស ជាមួយអាជ្ញាធរអ៊ីស្រាអែល​ គឺជាការប្រយុទ្ធទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក។ ទោះបីជាបែបនេះក្តី អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អាណាព្យាបាលរបស់ជនរងគ្រោះឱ្យស្ងប់ចិត្ត ដ្បិតរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ។

​បើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នមាននិស្សិត និងពលរដ្ឋខ្មែរកំពុងសិក្សា និងរស់នៅប្រទេសអ៊ីស្រាអែល ប្រមាណ៤០០នាក់ ហើយក្រសួងពាក់ព័ន្ធកំពុងតាមដានស្ថានការណ៍នេះដោយយកចិត្តទុកដាក់ជាប់ជាប្រចាំ៕

អត្ថបទ ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅឆ្នាំនេះធនាគារជាតិនៃកម្ពុជា រំពឹងអាចភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៣

ព័ត៌មាន
អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា កត់សម្គាល់ឃើញថា ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា…

មេដឹកនាំព្រឹទ្ធសភាអាមេរិក ជំរុញឱ្យចិនអនុវត្តស្មើគ្នាចំពោះក្រុមហ៊ុនអាមេរិកនៅចិន

ព័ត៌មាន
បន្ទាប់ពីបានទៅដល់ប្រទេសចិន គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយលោក ឆាក ស្កូម័រ (Chuck Schumer) មេដឹកនាំព្រឹទ្ធសភាអាមរិក បាននិយាយកាលពីថ្ងៃសៅរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ