កំណើនពាណិជ្ជកម្មកម្ពុជា-អង់គ្លេស

អ្នកជំនាញរំពឹងប្រព័ន្ធអនុគ្រោះពន្ធ DCTS ជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-អង់គ្លេស


រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK's Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ អ្នកជំនាញជឿជាក់ថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ ជាឱកាសជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
កម្ពុជានឹងទទួលប្រយោជន៍សេដ្ឋកិច្ចច្រើនពីប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ពីអង់គ្លេសនេះ វានឹងកាន់តែផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់កម្ពុជា ក្នុងការនាំចេញទំនិញទៅកាន់ប្រទេសអង់គ្លេស។ សម្រាប់អ្នកជំនាញរូបនេះ ក្រៅពីជំរុញការនាំចេញទៅកាន់ទីផ្សារអង់គ្លេស ប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ វានឹងជំនួសឱ្យការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីសហគមន៍អឺរ៉ុប ដ្បិតអង់គ្លេសគឺជាសម្ព័ន្ធទីផ្សារធំមួយនៅក្នុងសហគមន៍អឺរ៉ុប។ ដូច្នេះតាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាអាចនាំចេញទំនិញទៅកាន់ទីផ្សារអង់គ្លេសដោយឥតបង់ពន្ធហើយថែមទាំងអាចចែកចាយបន្តទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបផងដែរ។ បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ កន្លងមកទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអង់គ្លេស រួមមានផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតធ្វើដំណើរ កង់ គ្រឿងបរិក្ខារអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនផងដែរ។

ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS នឹងជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងការជួយធានានូវភាពធនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលវែង។ ក្រៅពីជួយជំរុញការធ្វើពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ ក៏នឹងក្លាយជាមេដែកក្នុងការជួយស្រូបទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនវិនិយោគលើវិស័យនានា ដែលបម្រើឱ្យតម្រូវការរបស់ចក្រភពអង់គ្លេស។ បន្ថែមលើនេះ កម្ពុជាក៏អាចទទួលបាននូវតម្លៃបន្ថែមផ្សេងៗជាច្រើនទៀត ដែលកើតចេញពីការទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះផងដែរ។

បើតាមការគូបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ ដែលប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន​ ប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុកត្រឹម ២៥% ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ទៅ៦ខ្ទង់។

សូមជម្រាបថា នៅ៨ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអង់គ្លេស មានទំហំ ជិត៦រយលានដុល្លារអាមេរិកថយចុះ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅអង់គ្លេស មានទំហំជិត៥រយ៣០លានដុល្លារអាមេរិក ថយចុះជិត១៦% ខណៈការនាំចូលពីអង់គ្លេសមកកម្ពុជាវិញមានទំហំជាង៦០លានដុល្លារអាមេរិកកើនឡើង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនប្រគល់អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី តម្លៃជាង១៩លានដុល្លារ ឱ្យខេត្តសៀមរាប

ព័ត៌មាន
អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង១៩លានដុល្លារ ក្រោមជំនួយរាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់១…

រុស្ស៊ី ព្រមានលុបចោលសន្ធិសញ្ញា ក្រោយធ្វើតេស្តមីស៊ីលថាមពលនុយក្លេអ៊ែ ជោគជ័យ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីបដើរដោយថាមពលនុយក្លេអ៊ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ