បញ្ហាចលាចលនយោបាយនៅប្រទេសបង់ក្លាដែសបង្កហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចជាតិ

តើបញ្ហាចលាចលនយោបាយ កំពុងគំរាមកំហែងធ្ងន់ធ្ងរអ្វីខ្លះ ដល់សេដ្ឋកិច្ចប្រទេសបង់ក្លាដែស?


ភាពចលាចលនយោបាយ ដែលកំពុងតែរាលដាលនៅប្រទេសបង់ក្លាដែស កំពុងតែគំរាមកំហែងដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ ខណៈដែលក្រុមប្រឆាំងបានបង្កើនការបិទផ្លូវម្តងហើយម្តងទៀត ក្នុងការប៉ុនប៉ងបង្ខំឱ្យនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងពីមុខតំណែងនៅមុនការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើនៅក្នុងខែមករាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បញ្ហាចលាចលនយោបាយនៅប្រទេសបង់ក្លាដែសបង្កហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចជាតិ
ដោយ

ការធ្វើកូដកម្មនៅទូទាំងប្រទេសបង់ក្លាដែស ដែលដឹកនាំដោយសកម្មជនគណបក្សជាតិនិយមបង់ក្លាដែស (BNP) នៅមួយរយៈមកនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសធុរកិច្ច ពាណិជ្ជកម្មនៅក្នុងប្រទេសនេះយ៉ាងខ្លាំង។

ការតវ៉ានេះបានរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកំពុងបង្ខំឱ្យពលរដ្ឋជាច្រើនមិនហ៊ានចេញក្រៅផ្ទះ ដើម្បីចៀសវាងអំពើហិង្សាដែលអាចកើតឡើងជាយថាហេតុ។ ជាក់ស្ដែងថ្មីៗនេះ មានករណីដុតបំផ្លាញសម្បត្តិសាធារណៈ និងការស្លាប់ជាច្រើននាក់ ខណៈដែលសមាជិក និងថ្នាក់ដឹកនាំគណបក្ស BNP រាប់រយនាក់ត្រូវបានចាប់ខ្លួន។

បន្ថែមពីលើភាពចលាចលនេះ កម្មករមកពីឧស្សាហកម្មកាត់ដេរដ៏សំខាន់នៅក្នុងប្រទេសបង់ក្លាដែស ក៏បានធ្វើការតវ៉ានៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះដែរ ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលរបស់ពួកគេ។ ភាពជាប់គាំងផ្នែកនយោបាយកាន់តែខ្លាំង កំពុងបង្កើនការភ័យខ្លាចដល់សេដ្ឋកិច្ចរបស់បង់ក្លាដែស ដែលបានរងគ្រោះយ៉ាងខ្លាំងដោយសារតែផលប៉ះពាល់ជាសកលនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនរួចទៅហើយនោះ។

ការថយចុះនូវទុនបម្រុងរូបិយប័ណ្ណបរទេស និងអតិផរណាកើនខ្ពស់ បានបង្ខំឱ្យរដ្ឋាភិបាល របស់លោកស្រី ហាស៊ីណា ទៅចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ប្រាក់កម្ចីចំនួនជិត៥ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ។ ប៉ុន្តែ ខណៈដែលកំណែទម្រង់មួយចំនួនកំពុងតែធ្វើជាបណ្ដើរៗនោះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅមានភាពស្រពិចស្រពិល គួបផ្សំនឹងភាពចលាចលនៅតាមដងផ្លូវអាចបំផ្លាញដល់ការរំពឹងទុករបស់ប្រទេសនេះកាន់តែខ្លាំងឡើងថែមទៀត។

លោក អឹម ហ៊ូម៉ាយុន កាប៊ឺ (M. Humayun Kabir) ប្រធានវិទ្យាស្ថានសហគ្រាសបង់ក្លាដែស ដែលជារៀបចំគោលនយោបាយ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាម៉េរិក បាននិយាយថា មើលជារួមទៅ វាគឺជាស្ថានភាពដ៏លំបាកមួយ ប៉ុន្ដែហានិភ័យគឺខ្ពស់ណាស់ព្រោះថាបើសិនភាពចលាចល ឬភាពជាប់គាំងនៅតែបន្តមាននោះ ការដោះដូរពាណិជ្ជកម្មទៅកាន់សកលលោក ដូចជាអាជីវកម្ម ការនាំចេញ ការផ្ទេរប្រាក់ ឬសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត គឺអាចនឹងរងផលប៉ះពាល់បន្ថែមទៀតជាមិនខាន។

ឱនភាពសមតុល្យនៃការទូទាត់របស់បង់ក្លាដែស បានកើនឡើងដល់ជិត ៣ពាន់លានដុល្លាររួចទៅហើយនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ខណៈដែលឱនភាពគណនីចរន្តបានកើនឡើងដល់ជិត ៤ពាន់លានដុល្លារ។

ទុនបម្រុងរូបិយប័ណ្ណបរទេស បានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ គឺមកនៅត្រឹមចំនួនជាង ២០ពាន់លានដុល្លារប៉ុណ្ណោះគិតត្រឹមរយៈពេលចុងក្រោយនេះ។

បើតាមការិយាល័យជំរុញការនាំចេញបង្ហាញថា ប្រាក់ចំណូលតាមរយៈការនាំចេញទំនិញរបស់បង់ក្លាដែស បានធ្លាក់ចុះជិត១៤% មកនៅត្រឹមជិត៤ពាន់លានដុល្លារ ក្នុងខែតុលា ដែលជាកម្រិតទាបបំផុតមួយនៅក្នុងរយៈពេល២៦ខែ។ រីឯ រំហូរចូលនៃការផ្ញើប្រាក់ក៏បានធ្លាក់ចុះជាង ៤%ផងដែរ ក្នុងខែកក្កដាដល់ខែតុលា៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ឧស្សាហកម្មរថយន្តអគ្គិសនីថៃ ឈានដល់ការចាប់ដៃជាមួយអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មាន
ក្រៅពីចិន និងជប៉ុន នៅពេលនេះក្រុមប្រឹក្សាវិនិយោគថៃ កំពុងទាក់ទាញវិនិយោគិនមកពីអារ៉ាប់ប៊ីសាអូឌីត ឱ្យមកចូលក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី…

យុវជនអាស៊ានស្វែងរកឱកាសជំរុញកំណើនការអភិវឌ្ឍក្នុងតំបន់ ក្នុងបរិបទពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស

ព័ត៌មាន
យុវជនអាស៊ាន ដែលជាមេដឹកនាំជំនាន់ក្រោយចំនួន ៤០ នាក់ មកពីបណ្ដាសមាជិកអាស៊ានទាំង ១០ ប្រទេស បានជួបជុំគ្នាក្នុងកម្មវិធីអាហារូបករណ៍យុវជនអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ